តើមេបក្សប្រឆាំងអ៊ីស្រាអែល អាចដណ្ដើមជ័យជម្នះលើលោក នេតាន់យ៉ាហ៊ូ ដែរឬទេ?
S
Sinuon Nop
•
3 ម៉ោងមុន

រដ្ឋធានីហ្ស៊េរូសាឡឹម៖ មេដឹកនាំបក្សប្រឆាំងរបស់អ៊ីស្រាអែល លោក ហ្កាឌី អេសេនកូត កំពុងនាំមុខយ៉ាងប្រផិតប្រផើយ លើគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្ដី បេនចាមីន នេតាន់យ៉ាហ៊ូ នៅក្នុងការបោះឆ្នោតដ៏តឹងតែងមួយ ចាប់តាំងពីក្រុមជីវពលហាម៉ាសប៉ាឡេស្ទីន បានវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតមក។ លទ្ធផលនេះ នឹងនាំឱ្យមានដំណាក់កាលចរចាដ៏តានតឹងមួយបន្ថែមទៀត ដើម្បីសម្រេចថា តើគណបក្សណាមួយ អាចនឹងបង្កើតរដ្ឋាភិបាលថ្មី...។

នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)
នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)

បើតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅព្រឹកថ្ងៃពុធទី២៨ ខែតុលានេះ លទ្ធផលនៅតាមមណ្ឌលបោះឆ្នោតចំនួន៣ ដែលបានចេញផ្សាយក្រោយការបោះឆ្នោតបានបញ្ចប់ នៅវេលាម៉ោង១០យប់ថ្ងៃអង្គារ(ម៉ោងក្នុងស្រុក) បង្ហាញថា គណបក្សប្រឆាំងរបស់លោក ហ្កាឌី អេសេនកូត ទំនងជានឹងទទួលបានអាសនៈ៥២ នៅក្នុងចំណោមអាសនៈសភារបស់អ៊ីស្រាអែល សរុបទាំងអស់១២០អាសនៈ ខណៈសម្ព័ន្ធភាពស្ដាំនិយមបែបសាសនារបស់លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ ទទួលបានចំនួន៥០អាសនៈ។ ចំនួននេះ មានន័យថា គណបក្សទាំងពីរ នៅមិនទាន់ទទួលបានសំឡេង ភាគច្រើនដែលត្រូវការចាំបាច់ សម្រាប់ក្លាយជាអ្នកដឹកនាំប្រទេសនៅឡើយ។ ប៉ុន្តែលទ្ធផលនេះ អាចផ្តល់ឱ្យមេបក្សប្រឆាំង ហ្កាឌី អេសេនកូត មានប្រៀប នៅក្នុងការដឹកនាំការចរចា ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះបន្ទាប់។

មេដឹកនាំបក្សប្រឆាំង លោក ហ្កាឌី អេសេនកូត (Gadi Eisenkot) ជាអតីតមេទ័ពកំពូលរបស់អ៊ីស្រាអែល 
មេដឹកនាំបក្សប្រឆាំង លោក ហ្កាឌី អេសេនកូត (Gadi Eisenkot) ជាអតីតមេទ័ពកំពូលរបស់អ៊ីស្រាអែល 

ទោះយ៉ាងណា ការរាប់សន្លឹកឆ្នោតកំពុងបន្ត ហើយលទ្ធផលនៃការបោះឆ្នោតចុងក្រោយ អាចនឹងមានការប្រែប្រួលបន្ថែមទៀត។ ស្របគ្នានេះដែរ បណ្ដាញទូរទស្សន៍កាតា Al Jazeera បានផ្សាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានលើកឡើងពីគណបក្សស្ដាំនិយម ថានឹងទទួលបាន«សំឡេងភាគច្រើនដាច់ខាត» នៅក្នុងការបោះឆ្នោត កាលពីថ្ងៃអង្គារ ហើយលោកបានអំពាវនាវឱ្យបង្កើត«រដ្ឋាភិបាលស្ដាំនិយមថ្នាក់ជាតិ»មួយ។ សុន្ទរកថារបស់លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ កើតឡើង ខណៈលទ្ធផលបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោតបង្ហាញថា មិនមានគណបក្សណាមួយ ទទួលបានជ័យជម្នះ ដាច់ខាតនោះឡើយ។ លទ្ធផលទាំងនេះ បង្ហាញថា សម្ព័ន្ធភាពរបស់លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ ទទួលបានសំឡេង ប្រហាក់ប្រហែលគ្នា ជាមួយសម្ព័ន្ធភាពនៃគណបក្សប្រឆាំងដ៏ធំបំផុតរបស់អ៊ីស្រាអែល ដឹកនាំដោយជនជាតិយូដា ប៉ុន្តែគណបក្សទាំងពីរ មិនអាចទទួលបានសំឡេងភាគច្រើនដាច់ខាតនោះទេ។

ដោយឡែក លោក ម៉ាវ៉ាន់ ប៊ីសារ៉ា អ្នកវិភាគនយោបាយជាន់ខ្ពស់ នៃទូរទស្សន៍ Al Jazeera បានលើកឡើងថា លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ បានព្យាយាមបង្ហាញទឹកមុខក្លាហាន ទាក់ទងនឹងអនាគត នៃគណបក្សរបស់លោក នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថា នៅរដ្ឋធានីហ្ស៊េរូសាឡឹម ជាមួយនឹងការលើកឡើងថា៖«ទោះបីជាលោក ជាមេដឹកនាំគណបក្សធំជាងគេនៅអ៊ីស្រាអែល យ៉ាងណាក៏ដោយ ក៏ចំនួនអាសនៈទាំងនេះមិនគ្រប់គ្រាន់ សម្រាប់ការបង្កើតសម្ព័ន្ធភាព ដើម្បីទទួលបានជ័យជម្នះ ដូចអ្វីដែលយើងបានលើកឡើង កាលពី៤ឬ៥ម៉ោងមុនឡើយ»។ តើក្រុមរបស់មេដឹកនាំបក្សប្រឆាំងអ៊ីស្រាអែល លោក ហ្កាឌី អេសេនកូត អាចបង្កើតសម្ព័ន្ធមិត្ត ជាមួយគណបក្សនានា ដឹកនាំដោយជនជាតិអ៊ីស្រាអែល ដើមកំណើតអារ៉ាប់ ដែរឬទេ? លោក ដាន ភាររី (Dan Perry) អ្នកវិភាគនយោបាយ និងជាអតីតអ្នកនិពន្ធ នៃទីភ្នាក់ងារសារព័ត៌មានសហរដ្ឋអាម៉េរិក AP ប្រចាំនៅតំបន់អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក បានបញ្ជាក់ថា ក្រុមបក្សប្រឆាំងរបស់លោក ហ្កាឌី អេសេនកូត ប្រឈមនឹងការលំបាកមួយ នៅក្នុងការរក្សាការសន្យាដែលបានធ្វើឡើង នៅមុនការបោះឆ្នោត ពាក់ព័ន្ធនឹងការមិនចាប់ដៃគូ ជាមួយក្រុមគណបក្សអារ៉ាប់-អ៊ីស្រាអែល។

លោក ភើររី បានប្រាប់ទូរទស្សន៍ Al Jazeera ថា៖ ស្ថានភាពបែបនេះ ពិតជាមានភាពរញ៉េរញ៉ៃ និងឆ្គាំឆ្គង ព្រោះនៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញអ្នកដែលធ្លាប់បោះឆ្នោតឱ្យលោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ។ ក្រុមប្រឆាំងបានសន្យាថា នឹងមិនបង្កើតរដ្ឋាភិបាលសំឡេងភាគតិច ដែលពឹងផ្អែកលើក្រុមគណបក្សអារ៉ាប់-អ៊ីស្រាអែលនោះឡើយ ទោះជាគណបក្សទាំងនេះ បានទទួលលទ្ធផលល្អយ៉ាងណាក្ដី។ «ខ្ញុំពិបាកនឹងជឿថា គណបក្សប្រឆាំងនឹងរក្សាពាក្យសន្យានេះ ព្រោះក្រុមគណបក្សអារ៉ាប់ទាំងពីរ បានប្រាប់មេបក្សប្រឆាំង ហ្កាឌី អេសេនកូត រួចមកហើយថា ពួកគេនឹងស្នើឈ្មោះ លោក ទៅធ្វើជាប្រធានាធិបតី»។ ​នេះជាការលើកឡើងរបស់លោក ភើររី។ អតីតអ្នកនិពន្ធ នៃទីភ្នាក់ងារសារព័ត៌មានរបស់សហរដ្ឋអាម៉េរិក AP រូបនេះ បានបន្ថែមថា ការចង់ទម្លាក់លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ ចេញពីពីអំណាច គឺជាគោលដៅរួមរបស់ក្រុមគណបក្សប្រឆាំងរបស់លោក ហ្កាឌី អេសេនកូត និងគណបក្សអារ៉ាប់ទាំងអស់ ហើយវាជារឿងមួយដ៏មានឥទ្ធិពលខ្លាំងក្លាបំផុតផងដែរ។

ម្យ៉ាងវិញទៀត ប្រសិនបើគណបក្សទាំងពីរ មិនអាចស្វែងរកយុទ្ធសាស្រ្ដ សហការគ្នា ដើម្បីទម្លាក់លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ បានទេនោះ វាជា«កម្រិតនៃអសមត្ថភាពផ្នែកនយោបាយមួយ ដែលខ្ញុំកម្រនឹងបានឃើញណាស់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ភើររី។ សូមជម្រាបថា ប្រទេសអ៊ីស្រាអែល មានផ្ទៃដីទំហំ ២២០៧២គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុប ប្រហែលជាង១០លាននាក់ (បើតាមស្ថិតិ ឆ្នាំ២០២៦)។ នៅក្នុងចំណោមប្រជាជនអ៊ីស្រាអែលទាំងនោះ រួមមាន៖ ជនជាតិជ្វិហ្វចំនួន៧១,៩ភាគរយ, ជនជាតិអារ៉ាប់ចំនួន២១ភាគរយ និងជនជាតិផ្សេងៗទៀត ចំនួន៧ភាគរយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត