
ក្រុងព្រះសីហនុ៖ នាវាទេសចរណ៍លំដាប់អន្តរជាតិ ឈ្មោះ Villa Vie Odyssey (វីឡា វី អូឌីសេ) របស់ក្រុមហ៊ុនសហរដ្ឋអាម៉េរិក ដឹកភ្ញៀវចម្រុះជាតិសាសន៍ជាង២០០នាក់ និងនាវិកជាង១៥០នាក់ មកលេងកម្ពុជារយៈពេល៥ថ្ងៃ ដោយបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣តុលា ឆ្នាំ២០២៦ ប៉ុន្តែដល់ពេលកំណត់ នាវាដ៏ប្រណីតនេះ ក៏សម្រេចចិត្តបន្តស្នាក់នៅកម្ពុជា មួយរយៈពេលទៀត។ មូលហេតុ គឺដោយសារប្រេងសាំងសាកល ហក់ឡើងថ្លៃខ្លាំងពេក ហើយបើចេញដំណើរ នាវានឹងត្រូវចំណាយខ្ពស់។

តម្លៃប្រេងពិភពលោក បានកើនឡើងខ្លាំង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល រួមដៃគ្នាបង្កសង្គ្រាមប្រឆាំងអ៊ីរ៉ង់ តាំងពីដើមឆ្នាំ២០២៦ មក។ បច្ចុប្បន្ន តម្លៃប្រេងសាកល ហក់ឡើងដល់១១៥ដុល្លារក្នុង១បារ៉ែល។ មុនសង្គ្រាម តម្លៃប្រេងពិភពលោក ស្ថិតក្នុងខ្ទង់តែ៧០ដុល្លារប៉ុណ្ណោះ ក្នុង១បារ៉ែល។ ការកើនឡើងដ៏ច្រើននេះ បានបង្កសម្ពាធយ៉ាងខ្លាំងដល់ការចំណាយលើប្រតិបត្តិការនាវា Villa Vie Odyssey។ សារព័ត៌មានអន្តរជាតិធំៗ ដូចជា BBC និង AP ទើបនឹងចុះផ្សាយនៅថ្ងៃទី២៨ ខែតុលានេះ អំពីការសម្រេចចិត្តមិនធ្លាប់កើតមានរបស់នាវាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក ដែលផ្អាកដំណើរទៅមុខ និងបន្តស្នាក់នៅកម្ពុជា ដោយសារសាំងឡើងថ្លៃ។

បើតាមសារព័ត៌មានទាំងនេះ Villa Vie Odyssey ជានាវាទេសចរណ៍ នាំភ្ញៀវធ្វើដំណើរជុំវិញពិភពលោក។ ការចូលចតនៅកម្ពុជា គឺជាផ្នែកមួយនៃផែនការធ្វើដំណើរកម្សាន្តរបស់នាវានេះ។ ក្រុមហ៊ុនអាម៉េរិក ដែលជាម្ចាស់នាវា Villa Vie Odyssey កំពុងសហការជាមួយអ្នកដំណើរ ដើម្បីរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន សម្រាប់ពួកគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន មិនទាន់អាចបញ្ជាក់បាននោះទេ ថា នឹងបន្តដំណើរនៅពេលណា។ គោលដៅបន្ទាប់របស់នាវា គឺវៀតណាម។

បើតាម BBC ក្រុមហ៊ុនអាម៉េរិក ដែលជាម្ចាស់នាវា Villa Vie Odyssey បានព្យាយាមកាត់បន្ថយការប្រើប្រាស់ប្រេង ដោយបន្ថយល្បឿនធ្វើដំណើរ និងចំណាយពេលនៅកំពង់ផែនានា ក្នុងរយៈពេលយូរជាងមុន។ ទោះជាយ៉ាងណា ក្រុមហ៊ុន បានទទួលស្គាល់ថា វិធានការទាំងនេះ មិនអាចទប់ទល់នឹងតម្លៃប្រេង ដែលកើនឡើងខ្ពស់នោះទេ។ ក្រុមហ៊ុន លើកឡើងទៀតថា ការដំឡើងថ្លៃ ឬការយកថ្លៃបន្ថែមពីភ្ញៀវនៅលើនាវា មិនមែនជាដំណោះស្រាយ ដែលអាចអនុវត្តបានឡើយ។

ក្រុមហ៊ុនគ្រប់គ្រងនាវា Villa Vie Odyssey ប្រកាសថា នឹងចំណាយពេល៦០ថ្ងៃ ដើម្បីរៀបចំហិរញ្ញវត្ថុឡើងវិញ និងស្វែងរកដើមទុនបន្ថែម ដើម្បីដោះស្រាយបញ្ហាចំណាយ និងស្វែងរកមធ្យោបាយបន្តប្រតិបត្តិការ។ នាវាលំដាប់អន្តរជាតិមួយនេះ មានប្រវែងជិត២០០ម៉ែត្រ និងអាចផ្ទុកអ្នកដំណើរបានរហូតដល់៦៥០នាក់។ នាវានេះ បានចេញដំណើរពីទីក្រុងបែលហ្វាស (Belfast) ប្រទេសអៀរឡង់ខាងជើង តាំងពីខែតុលា ឆ្នាំ២០២៤មកម្ល៉េះ ដោយកំណត់ពេល៣ឆ្នាំកន្លះ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសជិត១៥០ នៅជុំវិញពិភពលោក។

មុនពេលចេញដំណើរ នាវា Villa Vie Odyssey ធ្លាប់ពន្យារពេល ដោយសារត្រូវជួសជុលផ្នែកខ្លះ ដែលធ្វើឱ្យអ្នកដំណើរជាប់គាំងនៅទីក្រុងបែលហ្វាស អស់រយៈពេលជាច្រើនខែ នាពេលនោះ និងធ្វើឱ្យក្រុមហ៊ុននាវានេះ ខាតបង់ប្រាក់រាប់លានដុល្លារ។ មុនពេលមកដល់កម្ពុជា នាវានេះ បានធ្វើដំណើរជុំវិញពិភពលោកអស់រយៈពេល២ឆ្នាំហើយ។ ការផ្អាកប្រតិបត្តិការនៅកម្ពុជា នាពេលនេះ បានធ្វើឱ្យគម្រោងធ្វើដំណើររយៈពេលច្រើនឆ្នាំរបស់នាវា ត្រូវជាប់គាំង ខណៈក្រុមហ៊ុន កំពុងព្យាយាមដោះស្រាយបញ្ហាហិរញ្ញវត្ថុ។

បើតាមគេហទំព័ររបស់ក្រុមហ៊ុន បន្ទប់ដែលអាចទិញសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍លើនាវា មានតម្លៃចាប់ពី១២ម៉ឺនដុល្លារ រហូតដល់៤៤ម៉ឺនដុល្លារ។ ចំណែកការជួលបន្ទប់ មានតម្លៃចាប់ពី៣ម៉ឺន៥ពាន់ដុល្លារឡើងទៅក្នុង១ខែ។ នាវានេះ មានបា ភោជនីយដ្ឋាន កន្លែងហែលទឹក និងទីលានលេងកីឡា ។ល។ កាលពីឆ្នាំ២០២៥ ក្រុមហ៊ុន បានដាក់ចេញកម្មវិធីបង់ប្រាក់ស្នាក់នៅពេញមួយជីវិតលើនាវា ដែលផ្តល់ឱកាសឱ្យអ្នកចូលនិវត្តន៍ ចំណាយពេលរស់នៅលើផ្ទៃសមុទ្ទ៕




