ព្យុះអ៊ីនហ្វា បានវិវត្តទៅជាព្យុះសង្ឃរាទៀតហើយ និងកំពុងជះឥទ្ធិពលមកលើសមុទ្ទកម្ពុជា និងអាងទន្លេមេគង្គ
S
Sreyleak Yith
•
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ បើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ព្យុះឈ្មោះ អ៊ីនហ្វា បានវិវត្តទៅជាព្យុះសង្ឃរា និងបានបោកបក់មកលើអាងទន្លេមេគង្គ សមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្គាល សមុទ្ទអាន់ដាម៉ាន់ និងសមុទ្ទចិនខាងត្បូង ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ ឥទ្ធិពលព្យុះសង្ឃរានេះ នឹងនាំឱ្យប្រទេសកម្ពុជា មានភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស និងមានខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលបងប្អូនគួរប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត...។

រូបតំណាង
រូបតំណាង

ក្រសួងអះអាងថា ទោះកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះសង្ឃរា អ៊ីនហ្វា តែយ៉ាងណា តំបន់មាត់សមុទ្ទកម្ពុជា មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។ ជាមួយគ្នា មានខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ ក្នុងល្បឿនមធ្យម៤ម៉ែត្រក្នុងមួយវិនាទី។ ស្ថានភាពបែបនេះ ធ្វើឱ្យតំបន់ជួរភ្នំបូកគោ ខេត្តកំពត កោះកុង ក្រុងកែប និងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៤០ភាគរយ។ រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមាកន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមាមួយម៉ែត្រកន្លះ។

រីឯ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣២អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ មានល្បឿនមធ្យម៤ម៉ែត្រក្នុងមួយវិនាទី។ នាំឱ្យ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ និងខេត្តកណ្តាល អាចមានភ្លៀងធ្លាក់ និងផ្គររន្ទះ អមមកជាមួយខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។

ចំណែក នៅតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជា មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សាសេ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យម៥ម៉ែត្រក្នុងមួយវិនាទី បង្កឱ្យជួរភ្នំដងរែក តំបន់ជួរភ្នំក្រវាញ និងខេត្តឧត្តរមានជ័យ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ប៉ៃលិន និងខេត្តព្រះវិហារ អាចមានភ្លៀងធ្លាក់លាយទ្បំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។ ខណៈពេលដែលកម្ពុជា កំពុងផ្ទុះឡើងនៃជំងឺផ្តាសាយធំ និងស្របពេលមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បែបនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ទៅលើបញ្ហាសុខភាព ដោយត្រូវទទួលទានទឹកឆ្អិនល្អ សម្រាន្តក្នុងមុង បង្ការជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ក៏ដូចជាជ្រកក្នុងជម្រកមានសុវត្ថិភាពនូវរាល់ពេលមានភ្លៀងធ្លាក់ម្ដងៗ ដោយមិនត្រូវឈរនៅទីវាលឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត