ឃ្លាំងស្តុកទុកទំនិញដ៏ធំមួយដែលអាជ្ញាធរធ្លាប់បិទ ពេលនេះបើកដំណើរការវិញស្ងាត់ ពលរដ្ឋសង្ស័យជាកន្លែងស្តុកបារីខុសច្បាប់
ហាក់ អ៊ីឌី
•
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ បានដាក់ការសង្ស័យចំពោះទីតាំងរោងចក្រ និងឃ្លាំងស្តុកទំនិញមួយកន្លែងគ្មានឈ្មោះ(គ្មានស្លាកយីហោ) ស្ថិតនៅសង្កាត់ទៀន ដែលបាននិងកំពុងដំណើរការអាជីវកម្មស្ងាត់ៗ ដែលអាចជាទីតាំងលួចលាក់ស្តុកបារីគេចពន្ធ ឬស្តុកទំនិញខុសច្បាប់ គ្មានច្បាប់ត្រឹមត្រូវពីក្រសួង និងអាជ្ញាធរមានសមត្ថកិច្ច...។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរៗរោងចក្រនោះ បានឱ្យដឹងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ថា ទីតាំងខាងលើមានសកម្មភាពមិនប្រក្រតី ដោយមានរថយន្តដឹកទំនិញ និងដឹកជញ្ជូនបារីជាច្រើនចេញ-ចូល យ៉ាងសកម្ម ប៉ុន្តែនៅខាងមុខទីតាំង បែរជាគ្មានស្លាកយីហោសម្គាល់ឈ្មោះក្រុមហ៊ុនធ្វើអាជីវកម្មឱ្យបានច្បាស់លាស់ ដូចអាជីវកម្មស្របច្បាប់ទូទៅនោះទេ។ ការណ៍នេះ ធ្វើឱ្យមានការសង្ស័យថា ទីតាំងខាងលើ អាចជារោងចក្រផលិត ឬឃ្លាំងស្តុកបារីគេចពន្ធ ស្តុកផលិតផលក្លែងក្លាយ ដែលមិនទាន់មានការឆ្លងកាត់ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបទដ្ឋានបរិស្ថាននៅឡើយ។ជាមួយគ្នា ប្រជាពលរដ្ឋ បានអំពាវនាវ និងសំណូមពរដល់អាជ្ញាធរខណ្ឌដង្កោ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យ ស្រាវជ្រាវ ឬធ្វើអធិការកិច្ចលើនៅទីតាំងខាងលើ នេះឱ្យបានច្បាស់លាស់ ក៏ដូចជាចាត់វិធានការតាមផ្លូវច្បាប់។

ទោះយ៉ាងណា ការីនិពន្ធព័ត៌មាន SBM News នៅព្រឹកថ្ងៃពុធទី២៨តុលានេះ បានព្យាយាមហៅទូរសព្ទ និងផ្ញើសារតាមប្រពន្ធតេឡេក្រាមទៅកាន់ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ដើម្បីសុំការបភ្លឺ ក៏ដូចជាសាកសួរព័ត៌មានបន្ថែម ក្នុងករណីលោកស្រី ជ្រាបដំណឹងខាងលើ និងក៏ជាសេចក្តីរាយការណ៍ជូនដល់លោកស្រីផងដែរ ប្រសិនបើអាជ្ញាធរខណ្ឌដង្កោ មិនបានដឹងដំណឹងនេះទេនោះ។ ប៉ុន្តែគួរឱ្យស្ដាយ គិតមកដល់ពេលចេញផ្សាយនេះ មិនមានការឆ្លើយតបណាមួយពីលោកស្រីអភិបាលខណ្ឌឡើយ ខណៈសហការីយើងបានព្យាយាមហៅទូរសព្ទទៅកាន់ លោក ស៊ុំ រិន ចៅសង្កាត់ទៀន បន្តទៀត ក៏នៅតែមិនអាចសុំការបំភ្លឺបានដែរ ព្រោះទូរសព្ទខលចូល គ្មានអ្នកទទួលដូចគ្នា៕

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត