អាជ្ញាធរថាគ្មានករណីបង្ខាំងមនុស្សនៅក្រុងបាវិតទេ ខណៈសម្តេច ស ខេង ថារកឃើញជនជាតិវៀតណាមខុសច្បាប់ជិត ៣០០នាក់
អាន ប៊ុនរ័ត្ននៈ
29 តុលា 2022 09:00 AM

(ក្រុងបាវិត)៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានម្ចាស់កាស៊ីណូមួយចំនួននៅក្នុងអាគារមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហេងហេង ថាបានបង្ខាំងមនុស្សខុសច្បាប់ ដោយថៅកែជនជាតិចិន និងវៀតណាម រហូតមានការធ្វើទារុណកម្មលើពលករខុសច្បាប់ ការបង្ខំស្ត្រីជនជាតិវៀតណាមវ័យក្មេងឱ្យ​បម្រើ​សេវាកម្ម​ផ្លូវ​ភេទ និងបានលក់ដូរពួកនាងពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយផ្សេងទៀត។ ដំណឹងនេះ ត្រូវបានលោកអធិការនគរបាលក្រុងបាវិតទាត់ចោល និងថាមិនដែលទទួលបានដំណឹងខាងលើនេះឡើយ។ យ៉ាងណា កាលពីម្សិលមិញ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា មានការរកឃើញពលករខុសច្បាប់ជិត៣០០នាក់ ចូលធ្វើការខុសច្បាប់នៅកាស៊ីណូអនឡាញ នៅក្រុងបាវិត...។

ថ្លែងប្រាប់ SBM News កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកវរៈសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាវិត បានឱ្យដឹងថា លោកមិនបានចុះទៅអង្កេត ឬទៅត្រួតពិនិត្យនៅបណ្តុំអាគារនៃមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហេងហេងនោះទេ ព្រោះបើគ្មានច្បាប់អនុញ្ញាត លោកគ្មានសិទ្ធិចេញចូលទីតាំងក្រុមហ៊ុនឯកជននោះឡើយ។ លោកបញ្ជាក់ថា «ខ្ញុំមិនដឹងថា ខាងសារព័ត៌មានទាំងនោះ បានព័ត៌មានមកពីណាទេ តែគ្មានទេនៅក្រុងបាវិតចំពោះករណីបង្ខាំងមនុស្សខុសច្បាប់..! បង្ខាំងម៉េច...គេដើរពេញទឹកពេញដីហ្នឹង! ចំពោះអ្នកខាងក្រៅគេមិនឱ្យចូលទេ ព្រោះគេខ្លាចចូលទៅលួចអីវ៉ាន់គេ[..] អ្នកចេញចូលបានទាល់តែមានកាតបុគ្គលិកទើបគេអនុញ្ញាត»។ បន្ថែមលើនេះ លោកអធិការក្រុងនៅតែបញ្ជាក់ថា គ្មានករណីបង្ខាំងមនុស្សដូចការលើកឡើងនោះឡើយ។

លោកវរៈសេនីយ៍ទោ អែម សុវណ្ណារិទ្ធ (រូបខាងស្តាំ) 
លោកវរៈសេនីយ៍ទោ អែម សុវណ្ណារិទ្ធ (រូបខាងស្តាំ) 

ដោយឡែក នៅថ្ងៃដដែលនោះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រាសសន៍ថា អាជ្ញាធរបានចុះបង្ក្រាបទីតាំងមួយកន្លែងនៅក្រុងបាវិត រកឃើញជនជាតិវៀតណាមជិត៣០០នាក់ដែល អត់មានលិខិតឆ្លងដែន អត់មានទិដ្ឋាការស្របច្បាប់ ចូលមកធ្វើការនៅស្រុកខ្មែរ។ ទន្ទឹមនឹងនោះ អាជ្ញាធរក៏បានរកឃើញ ករណីមិនប្រក្រតីមួយចំនួនទៀត ដែលសម្តេចកំពុងឱ្យញែកការងារនោះជាចំណែកៗ និងពិនិត្យមើលថា តើក្រុមហ៊ុនទាំងនោះមានអាជ្ញាបណ្ណត្រឹមត្រូវ ឬអត់ ប៉ុន្តែជាទូទៅ គឺអាជីវកម្មអនឡាញគ្មានច្បាប់អនុញ្ញាតនោះឡើយ។

បុរសជនជាតិខ្មែរ និងស្ត្រីជនជាតិវៀតណាម ដែលជាមេខ្យល់ និងជនរងគ្រោះដែលបុគ្គលិកកាស៊ីណូអនឡាញ លួចថតបាន បញ្ជូនមកកាន់ការិយាល័យ SBM News
បុរសជនជាតិខ្មែរ និងស្ត្រីជនជាតិវៀតណាម ដែលជាមេខ្យល់ និងជនរងគ្រោះដែលបុគ្គលិកកាស៊ីណូអនឡាញ លួចថតបាន បញ្ជូនមកកាន់ការិយាល័យ SBM News

ទោះយ៉ាងណា ការបញ្ជាក់របស់ សម្តេចក្រឡាហោម ស ខេង នាពេលនេះ បង្ហាញថា លោកអធិការវ័យក្មេងរូបនេះ ហាក់នៅមានភាពស្រពិចស្រពិល ព្រោះតែការបញ្ជាក់របស់លោកមិនមានភាពច្បាស់លាស់ និងមិនបានចុះទៅត្រួតពិនិត្យផ្ទាល់ដល់ទីតាំងខាងលើនោះទេ ប៉ុន្តែលោកបែរជាហ៊ានអះអាងផ្ទុយពីប្រសាសន៍ របស់សម្តេចក្រឡាហោមទៅវិញ..? បណ្តុំអគារនៃមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហេងហេង ត្រូវបានគេរាយការណ៍ថា មានបទល្មើសអាជីវកម្មខុសច្បាប់ជាច្រើននៅខាងក្នុងនោះ ដូចជា៖ ករណីបង្ខាំងមនុស្សខុសច្បាប់ កាស៊ីណូអនឡាញ និងការបង្ខំឱ្យធ្វើសច្ចារកម្ម ។ល។ បន្ថែមលើនេះ អ្វីដែលកាន់តែហួសចិត្តបំផុតនោះ គឺលោកអធិការវ័យក្មេងស្ទើរបទពិសោធរូបនេះ បញ្ជាក់ប្រាប់ SBM News ថា «លោកមិនបានដឹងថា មានកាស៊ីណូអនឡាញខុសច្បាប់បង្កប់នៅទីតាំងខាងលើនោះ ឬអត់ឡើយ ព្រោះគេមិនអនុញ្ញាតឱ្យលោកចូល ហើយលោកក៏គ្មានភារកិច្ចអីត្រូវចូលទៅទីនោះដែរ...»

លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត 
លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត 

ចំណែកលោក លឹម សៀងហេង អភិបាលនៃគណៈអភិបាលក្រុងបាវិត SBM news មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរសព្ទចូលលោកសួរថាមកពីខាងណា ហើយបានបិទទូរសព្ទវិញភ្លាមៗ ក្រោយដឹងថា ជាសារព័ត៌មាន ខណៈលេខទូរសព្ទនោះមិនអាចទាក់ទងបានតែម្ដង។ យ៉ាងណា មានសេចក្តីរាយការណ៍ពីបុគ្គលិកកាស៊ីណូនៅបណ្តុំអគារពាណិជ្ជកម្មទីក្រុងហេងហេង ថា ក្រោយមានការចុះផ្សាយពីសារព័ត៌មានមក សន្តិសុខនៅក្នុងអគារត្រូវបានរឹតបណ្តឹងជាងមុន ចំពោះអ្នកប្លែកមុខ គឺមិនអនុញ្ញាតឱ្យចូលទៅខាងក្នុងជាដាច់ខាត ទោះកន្លងមកក្រុមអ្នកដឹកជញ្ជូនអីវ៉ាន់ឱ្យបុគ្គលិកនៅក្នុងអគារ ក៏ត្រូវបានហាមឃាត់មិនឱ្យចេញ-ចូលដូចមុនដែរ ពោលគឺអនុញ្ញាតតែអ្នកដែលមានបណ្ណ ដែលចេញដោយក្រុមហ៊ុនប៉ុណ្ណោះ។ ប្រភពពីបុគ្គលិកដដែលបញ្ជាក់ជាថ្មីៗថា ប៉ុន្មានថ្ងៃមុនឃើញមានមន្ត្រីថ្នាក់ដឹកនាំខេត្តចុះមកសួរនាំថៅកែៗនៅក្នុងអគារពាណិជ្ជកម្មទីក្រុងហេងហេង និងត្រួតពិនិត្យអគារមួយចំនួនដែរ ប៉ុន្តែមិនមានសកម្មភាពអ្វីគួរឱ្យចាប់អារម្មណ៍នោះទេ ចំណែកឯក្រុមមនុស្សមួយចំនួនដែលត្រូវគេបង្ខាំងទុកនោះ ត្រូវបានមេការបញ្ជូនចេញភ្លាមៗ បន្ទាប់ពីបែកធ្លាយព័ត៌មានដល់អ្នកកាសែតអស់ហើយដែរ..។

កុងត្រូលហាមឃាត់ នៅខាងមុខរបងអគារពាណិជ្ជកម្មមជ្ឈមណ្ឌលទីក្រុងហេងហេង
កុងត្រូលហាមឃាត់ នៅខាងមុខរបងអគារពាណិជ្ជកម្មមជ្ឈមណ្ឌលទីក្រុងហេងហេង

សូមបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មទី​ក្រុង​ហេង​ហេង ស្ថិត​នៅ​ជាប់​ព្រំ​ដែនកម្ពុជា-​វៀតណាម នា​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ បណ្តុំអគារនេះ ជាគម្រោង​ទី​ក្រុង​រណប​​ពហុ​ពាណិជ្ជកម្ម​​របស់​ក្រុមហ៊ុន ហេង ហ៊ី អ៊ីន​វេស​មែន អេន ឌី​វើ​លុប​មែន គ្រុប (Heng He Investment and Development Group Co.,LTD) ដែល​អគ្គនាយក​ក្រុមហ៊ុន​នេះ​មាន​ឈ្មោះ ស៊ូ លាង​ហ្សេង (Su LIANGSHENG) ​ជា​អ្នក​ជំនួញ​ជន​ជាតិ​ចិន​ មានក្រុមហ៊ុនអាជីវកម្មជាច្រើននៅក្នុងប្រទេសកម្ពុជា។ អំឡុងនៃ​ពិធី​សម្ពោធ​គម្រោងទី​ក្រុងរណបពហុបំណងនៃបណ្តុំអគារពាណិជ្ជកម្មទីក្រុង​ហេង​ហេង កាល​ពី​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ២០១៨ ក៏​មាន​វត្តមាន អតីតអភិបាល​ក្រុង​បាវិត លោក សេង សិលា បច្ចុប្បន្ន ជាអភិបាលរងខេត្តស្វាយរៀង និងលោក​ឧត្ដម​សេនីយ៍​ឯក អ៊ុក កោសា ចូល​រួម​ជាគណៈអធិបតី និងបានថ្លែង​សន្ទរកថា ​គាំទ្រ​គម្រោងរបស់លោក ស៊ូ លាង​ហ្សេងនេះផងដែរ...៕

រថយន្តធ្វើសកម្មភាពដឹកជញ្ជូនពលរដ្ឋវៀតណាមឆ្លងដែន
រថយន្តធ្វើសកម្មភាពដឹកជញ្ជូនពលរដ្ឋវៀតណាមឆ្លងដែន
កុងត្រូលហាមឃាត់ចូលទៅកាន់បណ្តុំអគារពហុពាណិជ្ជកម្មនៃមជ្ឈមណ្ឌលទីក្រុងហេងហេង
កុងត្រូលហាមឃាត់ចូលទៅកាន់បណ្តុំអគារពហុពាណិជ្ជកម្មនៃមជ្ឈមណ្ឌលទីក្រុងហេងហេង
ច្រកចូលទៅកាន់មជ្ឈមណ្ឌលអគារពាណិជ្ជកម្មទីក្រុងហេងហេង
ច្រកចូលទៅកាន់មជ្ឈមណ្ឌលអគារពាណិជ្ជកម្មទីក្រុងហេងហេង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត