
រដ្ឋធានីហ្សាការតា៖ ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី បានបង្កឱ្យមានវិបត្ដិផ្សែងអ័ព្ទបំពុលបរិយាកាសនៅក្នុងតំបន់អាស៊ាន ធ្វើឱ្យបណ្តាប្រទេសជាប់របងផ្ទះឥណ្ឌូណេស៊ី បង្ហាញការមិនសប្បាយចិត្ត និងបានប្តឹងតវ៉ាទៅកាន់អគ្គលេខាធិការអាស៊ានផងដែរ។ យ៉ាងណា លោក ប្រាប៊ូវ៉ូ ស៊ូប៊ីនតូ (Prabowo Subianto) បានឆ្លើយតបដោយការព្រមាន បញ្ចេញបញ្ជីឈ្មោះក្រុមហ៊ុនបង្កឱ្យមានវិបត្ដិភ្លើងឆេះព្រៃនេះ...។

កំលុងពេលភ្លើងឆេះព្រៃកាន់តែខ្លាំងឡើងនោះ លោកប្រធានាធិបតីឥណ្ឌាូណេស៊ី ប្រាប៊ូវ៉ូ ស៊ូប៊ីនតូ បានចេញបទបញ្ជាដល់មន្រ្ដីប៉ូលិស រដ្ឋអាជ្ញា និងស្ថាប័នពាក់ព័ន្ធ បើកការស៊ើបអង្កេត និងស្រាវជ្រាវ ស្វែងរកក្រុមហ៊ុននៅពីក្រោយភ្លើងឆេះព្រៃ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី ចាប់ផ្ដើមគំរាមបង្ហាញមុខអ្នកបង្កើតនូវផ្សែងអ័ព្ទពុល។ សារព័ត៌មានម៉ាឡេស៊ី Lumi News ចេញផ្សាយនៅព្រឹកថ្ងៃពុធទី២៨ ខែតុលានេះថា លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានអះអាងថា លោកនឹងលាតត្រដាងឈ្មោះក្រុមហ៊ុននានា ដែលរងការចោទប្រកាន់ជាអ្នកទទួលខុសត្រូវ ចំពោះការដុតបំផ្លាញព្រៃឈើ បង្កឱ្យមានផ្សែងអ័ព្ទយ៉ាងធ្ងន់ធ្ងរនៅទូទាំងតំបន់ ខណៈផ្សែងអ័ព្ទបំពុលខ្យល់ នៅបន្តជះឥទ្ធិពលដល់ប្រទេសឥណ្ឌូណេស៊ី និងប្រទេសជិតខាង រួមមាន៖ ម៉ាឡេស៊ី សិង្ហបុរី និងហ្វីលីពីន។

ផ្សែងអ័ព្ទបំពុលខ្យល់ បង្កឡើងដោយការដុតបំផ្លាញព្រៃឈើ បានបង្កើតឱ្យមានការរកាំរកូសជាមួយប្រទេសសិង្ហបុរី ក្រោយពេលប្រទេសមួយចំនួន បានចោទប្រកាន់ឥណ្ឌូណេស៊ី អំពីការបរាជ័យនៃការទប់ស្កាត់ការដុតបំផ្លាញព្រៃឈើ។ ជម្លោះនេះ បាននាំឱ្យរដ្ឋាភិបាលរដ្ឋធានីហ្សាការតា កាត់បន្ថយនូវការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសសិង្ហបុរី ភ្លាមៗ ខណៈប្រទេសអ្នកមាននៅអាស៊ានមួយនេះ ពឹងផ្អែកយ៉ាងខ្លាំងទៅលើឧស្ម័នរបស់ប្រទេសបងធំអាស៊ាន។ លោកប្រធានាធិបតី ថ្លែងព្រមានបែបនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយ ដោយលោកឆ្លើយតបទៅកាន់ប្រទេសមួយចំនួន ជាពិសេសសិង្ហបុរី ជុំវិញការចោទប្រកាន់ ដោយលោកលើកឡើងថា ប្រទេសទាំងនោះ បានមើលងាយឥណ្ឌូណេស៊ី និងចោទប្រកាន់លើភាពបរាជ័យនៃការទប់ស្កាត់ភ្លើងឆេះព្រៃ។

លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា៖«ចំពោះប្រទេសមួយចំនួន ដែលចូលចិត្តមើលងាយប្រជាជាតិឥណ្ឌូណេស៊ី គឺដល់ពេលវេលាដ៏សមស្រប ដែលយើងនឹងលាតត្រដាងឈ្មោះក្រុមហ៊ុននានា ដែលជាប់ពាក់ព័ន្ធ»។ ក្រុមហ៊ុនធំៗជាច្រើន ត្រូវតែទទួលខុសត្រូវ ចំពោះវិបត្តិផ្សែងបំពុលបរិយាកាសខ្យល់នេះ។ បើតាមទិន្នន័យរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាម៉េរិក (US Energy Information Administration) បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី បានផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ ចំនួន១៤៥,៣ ពាន់លានហ្វីតគុប (តាមរង្វាស់រង្វាល់អង់គ្លេស) ឬស្មើនឹងជាង ៤,១១៤ពាន់លានម៉ែត្រគុប ដល់បណ្តាឧស្សហកម្មក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសជិតខាងខ្លួន។

លោក ជូកូ ស៊ីស្វាន់តូ (Djoko Siswanto)ប្រធានទីភ្នាក់ងារគ្រប់គ្រងវិស័យប្រេង និងឧស្ម័ន នៃប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការកាត់បន្ថយនូវការនាំចេញឧស្ម័នធម្មជាតិរបស់ឥណ្ឌាណេស៊ី បានចាប់ផ្តើម នៅថ្ងៃសៅរ៍ ដោយមានបរិមាណសរុប៣១លានហ្វីតគុប ឬស្មើនឹង៧៧៨២២,២៤ម៉ែត្រគុប តាមស្ដង់ដារក្នុងមួយថ្ងៃ ជាមួយនឹងការកាត់បន្ថយចំនួន១៥លានហ្វីតគុប ឬស្មើនឹង ៤២៤ ៧៥២,៦៩ម៉ែត្រគុប មកពីតំបន់ប្រេងឧស្ម័ន Natuna ស្ថិតក្នុងខេត្តរីអៅ (Riau) ជាខេត្តមួយនៅក្នុងចំណោមខេត្តទាំង១០ នៃមហាកោះសូម៉ាត្រា និងកាន់បន្ថយចំនួន១៦លានហ្វីតគុប ឬស្មើនឹង៤៥៣ ០៦៩,៥៤ម៉ែត្រគុបផ្សេងទៀត មកពីតំបន់ផ្សេងៗទៀត នៃមហាកោះសូម៉ាត្រា៕






