
(បាល់ទាត់)៖ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappé បានបង្ហាញកាយវិការព្រួយបារម្ភពីស្នាមជាំលើផ្ទៃមុខរបស់ Cristiano Ronaldo បន្ទាប់ពីត្រូវអ្នកចាំទី Keylor Navas គ្រវាត់ដៃចំផ្ទៃមុខដោយអចេតនាក្នុងជំនួបមិត្តភាពរវាងក្រុម Saudi All-Star តទល់នឹងក្លឹបអ្នកមានបារាំង Paris Saint Germain នៅឯកីទ្បដ្ឋាន The King Fahd International នាទីក្រុង Riyadh ដោយបញ្ចប់ក្នុងលទ្ធផល ៤-៥ កាលពីយប់មិញ។

នៅក្នុងជំនួបដ៏កក្រើកមេឃរញ្ជួយដីរវាងក្រុម Saudi All-Star និងក្រុម Paris Saint Germain នេះ កីទ្បាករ Cristiano Ronaldo បានស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯង ដោយគ្រាប់បាល់ទី១ ស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទី៣៤ និងគ្រាប់បាល់ទី២ ស៊ុតបញ្ចូលទីពីជើងខាងឆ្វេងនៅនាទី៤៥+៥ ក្នុងម៉ោងបន្ថែមតង់ទី១ ខណៈដែល Ronaldo បានប្ដូរចេញនៅនាទី៦០នៃតង់ទី២ផងដែរ។ យ៉ាងណា ជំនួបការប្រកួតមិត្តភាពរវាងក្រុម Saudi All-Star និងក្រុម Paris Saint Germain កាលពីយប់មិញ គឺជាការបង្ហាញខ្លួនលើកដំបូងរបស់កីទ្បាករ Cristiano Ronaldo នៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីត បន្ទាប់ពីចែកផ្លូវជាមួយក្លឹបបិសាចក្រហម Manchester United កាលពីកន្លងទៅ។

កីឡាករ Cristiano Ronaldo បានខកខាន២ប្រកួត ដោយសាររងនូវការពិន័យរបស់សហព័ន្ធបាល់ទាត់អង់គ្លេស FA ក្រោយពីខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះ បោកទូរសព្ទអ្នកគាំទ្ររបស់ក្លឹប Everton។ បន្ទាប់ពីកីឡាករ Lionel Messi បើកការនាំមុខ១គ្រាប់ លើក្រុម Saudi All-Star នៅនាទី៣ កីទ្បាករ Cristiano Ronaldo បានធ្វើការសម្រុកយ៉ាងខ្លាំង ខណៈមិត្តរួមក្រុមរបស់គេ បានបញ្ជូនបាលចូលទៅតំបន់គ្រោះថ្នាក់ របស់ក្រុម Paris Saint Germain ស្របពេលអ្នកចាំទី Keylor Navas លោតទៅដាល់បាល់ចេញ ប៉ុន្តែបែរជាដៃរបស់គេផ្លាតទៅចំផ្ទៃមុខរបស់ Ronaldo បណ្តាលឱ្យជាំលើផ្ទៃមុខក្រោមភ្នែកខាងឆ្វេង។

ជាមួយគ្នានេះ កីទ្បាករ Kylian Mbappé ដែលបានចាត់ទុក Cristiano Ronaldo ជានិមិត្តរូបតាំងពីកុមារភាព បានយកដៃទៅស្ទាបផ្ទៃមុខខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះ បង្ហាញពីការព្រួយបារម្ភលើស្នាមជាំមុខនោះ និងបានបង្ហាញការគោរពចំពោះនិមិត្តរូបរបស់គេផងដែរ។ គួរបញ្ជាក់ថា នៅក្នុងជំនួបនាការប្រកួតមិត្តភាពរវាងក្រុម Saudi All-Star និង Paris Saint Germain បានបញ្ចប់ដោយលទ្ធផល ៤-៥ ខណៈដែលកីឡាករ Cristiano Ronaldo ឈ្នះពានរង្វាន់ Man Of The Match ផងដែរ កាលពីយប់មិញ..៕




