និស្សិតបារាំងប្តេជ្ញាតវ៉ាបន្ថែម ទោះរដ្ឋាភិបាលយល់ព្រមតាមលក្ខខណ្ឌខ្លះក៏ដោយ
ហៀប ស៊ីថេត
•
27 តុលា 2026 03:00 PM

រដ្ឋធានីប៉ារីស៖ ក្រុមដឹកនាំនិស្សិតបារាំង បានប្តេជ្ញាបន្តការតវ៉ាបន្ថែមទៀត ទោះបីជារដ្ឋាភិបាល បានយល់ព្រមតាមលក្ខខណ្ឌខ្លះៗ លើវិស័យអប់រំក៏ដោយ។ សកម្មភាពនេះកំពុងបន្តដាក់សម្ពាធលើលោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ខណៈចលនានិស្សិតបានរីករាលដាលដល់សហជីព និងសកម្មជនផ្សេងទៀត បង្កឱ្យមានភាពចលាចល និងបង្កើនការខូចខាតសេដ្ឋកិច្ចកាន់តែខ្លាំងក្លា...។

វិធានការទាំងនោះរួមមាន៖ ការប្តេជ្ញាចិត្តកម្រិតចំនួនសិស្សក្នុងថ្នាក់រៀននៅវិទ្យាល័យមួយចំនួន, កម្ចីទុនចំនួន៤,៥ពាន់លានដុល្លារ សម្រាប់ការជួសជុលសាលារៀន, និងការផ្លាស់ប្ដូរប្រព័ន្ធចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យត្រឹមឆ្នាំ២០២៨ ដែលសិស្សនិស្សិតមើលឃើញថា គ្មានភាពយុត្តិធម៌សង្គម។ លោក លូអ៊ីស ឡេទូប្លុន (Louis Letoublon) តំណាងសិស្សវិទ្យាល័យម្នាក់ បានអះអាងនៅពេលលោក និងមេដឹកនាំសិស្សដទៃទៀត ចេញពីកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលនៅរដ្ឋធានីប៉ារីសថា៖«មិនមែនរាល់ការទាមទារទាំងអស់របស់យើង ត្រូវបានឆ្លើយតបនោះទេ។ យើងនឹងបន្តរហូតដល់ទទួលបានជោគជ័យ ទោះជាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយ»។

មែនទែនទៅ ការតវ៉ាដែលបាន​រីករាលដាលហួសពីវិស័យអប់រំ ដោយមានការចូលរួមពីសហជីពពាណិជ្ជកម្ម និងសកម្មជនអាវលឿង កំពុងប្រឈមមុខ និងសាកល្បងរដ្ឋាភិបាលរបស់លោកម៉ាក្រុង។ រដ្ឋាភិបាលមានលទ្ធភាពតិចតួចណាស់ក្នុងការចំណាយថវិកា ដើម្បីដោះស្រាយភាពចលាចលនេះ ដោយសារបំណុលជាតិជិតដល់ ១២០ភាគរយនៃGDP ខណៈភាពវឹកវរនេះ កំពុងបង្កើនការគាំទ្រដល់បេក្ខជនស្ដាំនិយមជ្រុល អ្នកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) មុនការបោះឆ្នោតប្រធានាធិបតីនាឆ្នាំខាងមុខ។ កញ្ចប់វិធានការនេះរួមមាន៖ ការវិនិយោគ១ពាន់លានអឺរ៉ូលើទីធ្លាសាកលវិទ្យាល័យ, ការដំឡើងអាហារូបករណ៍សិស្សតាមអត្រាអតិផរណា, និងការបើកបន្ថែមនូវទីកន្លែងសិក្សាថ្នាក់ឧត្តមសិក្សាចំនួន១៥០០០កន្លែងទៀត សម្រាប់សិស្ស។

យ៉ាងណា មិនទាន់មានតួលេខសរុបថា ត្រូវចំណាយថវិកាប៉ុន្មានសម្រាប់កញ្ចប់វិធានការនេះនៅឡើយទេ។ តម្រូវការខ្ចីប្រាក់កម្រិតខ្ពស់ កំពុងធ្វើឱ្យមានការស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអនុម័តថវិកាសម្រាប់ឆ្នាំខាងមុខ។ សូមជម្រាបថា ការតវ៉ាដែលដើមឡើយផ្តើមចេញពីការមិនពេញចិត្តរបស់សិស្សនិស្សិត មិនទាន់បង្ហាញសញ្ញានៃការបញ្ចប់នោះទេ បន្ទាប់ពីអំពើហិង្សាកាលពី៩ថ្ងៃមុន បានគ្របដណ្ដប់លើទីក្រុងជាច្រើន នាំឱ្យមានការភ័យខ្លាច ថា រដ្ឋបានបាត់បង់ការគ្រប់គ្រងសណ្តាប់ធ្នាប់លើផ្លូវថ្នល់។ កាលពីពេលថ្មីៗ លោក ម៉ាក្រុង បានទទួលស្គាល់ថា វាហាក់ដូចជានឹងមានចលាចលបន្ថែមទៀតនៅចុងសប្តាហ៍នេះ មុនពេលឈានដល់ថ្ងៃតវ៉ាដ៏ធំនៅទូទាំងប្រទេស ដែលបានកំណត់ធ្វើនៅថ្ងៃទី៥ ខែវិច្ឆិកា។ សូមជម្រាបថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឡួរិន នូណេស៍ (Laurent Nunez) បានអះអាងថា មនុស្សចំនួន ១៤៣៥នាក់ ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស ក្នុងអំឡុងពេលបាតុកម្មកាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត