ទាល់តម្រិះ! បារាំងត្រៀមពង្រាយកងទ័ព បង្រ្កាបបាតុកម្មទ្រង់ទ្រាយធំ
ហៀប ស៊ីថេត
•
20 ម៉ោងមុន

រដ្ឋធានីប៉ារីស៖ ប្រទេសបារាំង នឹងពង្រឹងកងកម្លាំងដោយបន្ថែមចំនួនកងទ័ព និងរៀបចំប្រតិបត្តិការសន្តិសុខដ៏ធំមួយ សម្រាប់បាតុកម្មដែលបានគ្រោងទុកនៅថ្ងៃសៅរ៍ ខណៈរដ្ឋាភិបាល បានទទួលស្គាល់ពីកំហុសឆ្គងក្នុងការឆ្លើយតបយឺតទៅនឹងអំពើហិង្សា កាលពីចុងសប្តាហ៍មុន...។

លោកនាយករដ្ឋមន្ត្រី សេបាស្ទាន ឡឺក័រនូ (Sébastien Lecornu) បានអះអាងថា៖«ការពង្រាយកម្លាំងនៅថ្ងៃសៅរ៍ខាងមុខ នឹងមានទំហំធំធេង អាទិភាពបន្ទាន់ គឺការស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីកុប្បកម្ម និងការប្លន់បំផ្លាញបានវាយប្រហាររដ្ឋធានីប៉ារីស, ម៉ាកសី (Marseille), លីយ៉ុង (Lyon) និងទីក្រុងផ្សេងៗទៀត កាលពីថ្ងៃទី១៧តុលា»។ ជាមួយគ្នា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឡួរិន នូណេហ្ស៍ (Laurent Nuñez) បានអះអាងថា កងទ័ពនឹងត្រូវដាក់ពង្រាយទន្ទឹមគ្នា នឹងកម្លាំងប៉ូលិស ខណៈរដ្ឋាភិបាលសន្យាថា នឹងកែទម្រង់យុទ្ធសាស្ត្រ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងក្លា លើមជ្ឈមណ្ឌលក្រុងនានា ត្រូវបានបណ្តោយឱ្យងាយរងគ្រោះ។

ដោយឡែក លោក ឡឺក័រនូ បានទម្លាក់កំហុសលើក្រុមឆ្វេងនិយមជ្រុល ខណៈក្រុមទាំងនោះ បានចោទប្រកាន់រដ្ឋាភិបាលវិញថា មើលស្រាលការខឹងសម្បាររបស់សាធារណជន ចំពោះតម្លៃនៃជីវភាពរស់នៅខ្ពស់ និងសេវាសាធារណៈកំពុងធ្លាក់ចុះ។ លោក ឡឺក័រនូ បានទទួលស្គាល់ពីចំណុចខ្វះខាតក្នុងការឆ្លើយតបរបស់រដ្ឋ កាលពីចុងសប្តាហ៍ ដោយបញ្ជាក់ថា មានការបរាជ័យខាងផ្នែកកិច្ចការសម្ងាត់ ខណៈការដាក់ពង្រាយប៉ូលិសមានលក្ខណៈនៅមួយកន្លែងពេក ហើយអាជ្ញាធរបានប្រព្រឹត្តកំហុសដោយមិនបានលុបចោលការឈប់សម្រាក ដែលបានគ្រោងទុករបស់ប៉ូលិស។ ទន្ទឹមគ្នាលោក នូណេហ៍ បានសុំទោសចំពោះកំហុសទាំងនេះថា៖«ខ្ញុំស្ដាយក្រោយយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើង។ ខ្ញុំទទួលយកចំណែកនៃការទទួលខុសត្រូវរបស់ខ្ញុំ»។

ភាពចលាចលនេះ បានធ្វើឱ្យប្រទេសបារាំងភ្ញាក់ផ្អើលដោយសារតែទំហំនៃការខូចខាត និងអសមត្ថភាពរបស់មន្ត្រីប៉ូលិស ក្នុងការទប់ស្កាត់ បង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង នៅមុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ខណៈបេក្ខជនមកពីក្រុមស្ដាំនិយមជ្រុល និងឆ្វេងនិយមជ្រុល កំពុងទទួលបានការគាំទ្រខ្លាំងនៅក្នុងការស្ទង់មតិ។បាតុកម្មនៅក្នុងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត រួមទាំងអ៊ីតាលី និងអាល់បានី បានបន្ថែមការព្រួយបារម្ភថា ការខឹងសម្បារចំពោះកម្រិតជីវភាពរស់នៅ ប្រឈមនឹងហានិភ័យនៃការរីករាលដាលពេញទ្វីប នៅពេលប្រទេសជាច្រើន រួមទាំងបារាំង កំពុងប្រឈមមុខនឹងបញ្ហាវាយលុកថវិកា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត