បារាំង ប្រកាសបម្រាមគោចរតាមទីក្រុងធំៗ ទប់ស្កាត់ការចលាចលសង្គម
N
Nary Vann
•
2 ថ្ងៃមុន

​រដ្ឋធានីប៉ារីស៖ អាជ្ញាធរបារាំង បានប្រកាសដាក់បម្រាមគោចរជាផ្នែកៗ នៅតាមបណ្តាទីក្រុងធំៗជាច្រើន រួមមាន រដ្ឋធានីប៉ារីស (Paris) ទីក្រុងលីល (Lille) និងទីក្រុងនីស (Nice) កាលពីថ្ងៃទី១៩តុលា ចំពេលមានការរិះគន់យ៉ាងខ្លាំងលើការធ្វេសប្រហែសផ្នែកសន្តិសុខ បន្ទាប់ពីក្រុមបាតុកម្មប្រឆាំងរដ្ឋាភិបាល ប្រែប្រួលទៅជាអំពើហិង្សាកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិពលរដ្ឋ កាលពីចុងសប្តាហ៍...។​

លោកនាយករដ្ឋមន្ត្រីបារាំង សាបាស្ទាន ឡឺកននូ (Sebastien Lecornu) បានបញ្ជាក់ថា រដ្ឋាភិបាលមិនទាន់ប្រកាសអាសន្នទូទាំងប្រទេស ឬបម្រាមគោចរទូទៅនៅរដ្ឋធានីប៉ារីស នៅឡើយទេ ប៉ុន្តែបានជ្រើសរើសការអនុវត្តបម្រាមគោចរជាផ្នែកៗ តាមតំបន់ដែលប្រឈមមុខខ្ពស់ ដោយលោកបានសង្កត់ធ្ងន់ថា នឹងធ្វើការស្តារសណ្តាប់ធ្នាប់ឡើងវិញជាដាច់ខាត។​ នៅក្នុងរដ្ឋធានីប៉ារីស ប៉ូលិសបានហាមឃាត់ការជួបជុំតវ៉ានៅតំបន់មួយចំនួន ចាប់ពីម៉ោង៨យប់ និងបានដាក់បម្រាមគោចរនៅតំបន់ Place de la Republique និង Les Halles ចាប់ពីម៉ោង១១យប់ ដល់ម៉ោង៦ព្រឹក។ រីឯនៅទីក្រុងលីល និងនីស អាជ្ញាធរបានប្រកាសបម្រាមគោចរសម្រាប់អនីតិជននៅពេលយប់ ខណៈទីក្រុងម៉ាកសីល៍ Marseille បានហាមឃាត់ដាច់ខាតរាល់ការជួបជុំ និងការធ្វើបាតុកម្ម។​

រលកនៃអំពើហិង្សា និងការប៉ះទង្គិចគ្នារវាងបាតុករ និងប៉ូលិស ធ្វើឡើងបន្ទាប់ពីមានបាតុកម្មរបស់និស្សិតជាច្រើនសប្តាហ៍មកហើយ ដែលកំពុងបង្កភាពវឹកវរក្នុងប្រទេសបារាំងត្រឹមតែ៦ខែប៉ុណ្ណោះ មុនពេលការបោះឆ្នោតប្រធានាធិបតីមកដល់ ចំពេលដែលសេដ្ឋកិច្ចកំពុងទន់ខ្សោយ និងបំណុលជាតិកើនឡើងខ្ពស់។ ជាមួយគ្នា សហជីពពាណិជ្ជកម្មបារាំង បានប្រកាសអំពាវនាវឱ្យមានរលកកូដកម្ម និងការប្រមូលផ្តុំតវ៉ាធំថ្មីមួយទៀតនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត