សហរដ្ឋអាម៉េរិក ប្ដេជ្ញា​មិនយកតៃវ៉ាន់ ធ្វើជាឧបករណ៍ចរចាជាមួយចិន​
S
Sinuon Nop
•
24 នាទីមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលមេដឹកនាំចិន លោក ស៊ី ជិនពីង បានទៅជួបប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីពេលកន្លងទៅនេះ ធ្វើឲ្យពិភពលោកគិតថា មេដឹកនាំ នៃប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២ នឹងលើកយកតៃវ៉ាន់មកចរចាគ្នា ប៉ុន្ដែឥឡូវ សមាជិកសភាអាម៉េរិកមួយរូប បានចេញមុខមកអះអាងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងនៅតែរក្សានូវគោលនយោបាយរបស់ខ្លួនឲ្យនៅដដែល សម្រាប់តែវ៉ាន់។

នាយករដ្ឋមន្រ្ដីជប៉ុន លោកស្រី សាណេ តាកៃឈិ និងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ
នាយករដ្ឋមន្រ្ដីជប៉ុន លោកស្រី សាណេ តាកៃឈិ និងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ

សារព័ត៌មាន Taiwan News បានផ្សាយ​ កាលពីព្រឹក ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ថា ស​មាជិកសភាសហរដ្ឋអាម៉េរិក លោក អាមី បេរ៉ា (Ami Bera)​ បានអះអាងអំពីគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីន មិន​ប្រើប្រាស់តៃវ៉ាន់ ធ្វើជា«ឧបករណ៍ សម្រាប់ចរចា» នៅតែមិនប្រែប្រួល សម្រាប់ការចរចាជាមួយនឹងចិន។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងសមភាគីអាម៉េរិក
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងសមភាគីអាម៉េរិក

លោក អាមី បេរ៉ា បាន​បានប្រាប់បណ្តាញព័ត៌មាន Japan News Network (JNN) ថា ការលក់គ្រឿងសព្វា​​វុធទៅឱ្យតៃវ៉ាន់ មិនដែល​បានប្រើប្រាស់ ជាឧបករណ៍ សម្រាប់ចរចាជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង​នោះឡើយ។ ទន្ទឹមគ្នានេះដែរ​ ​រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូ​ប៊ីអូ (Marco Rubio) ក៏បាន​ប្រាប់លោកផងដែរថា គោលនយោបាយរបស់សហរដ្ឋអាម៉េរិក ​មិនប្រើប្រាស់តៃវ៉ាន់ ឬការលក់អាវុធ ជាឧបករណ៍ សម្រាប់ការចរចា ​​ នៅតែរក្សាស្ថានភាពឲ្យនៅដដែល។

សមាជិកសភាអាម៉េរិក លោក បេរ៉ា
សមាជិកសភាអាម៉េរិក លោក បេរ៉ា

បើតាមបណ្តាញព័ត៌មាន ​​JNN បានឲ្យដឹងថា លោក បេរ៉ា ​បានសម្តែងនូវក្តីសង្ឃឹមថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងមិនប្រើប្រាស់តៃវ៉ាន់ សម្រាប់ជា​សម្បទាន ដល់ប្រទេសចិននោះឡើយ។ ស្របគ្នានេះដែរ លោកក៏បានផ្ញើសារយ៉ាងម៉ឺងម៉ាត់មួយ ទៅកាន់លោកប្រធានាធិបតី ត្រាំ​ ថា តៃវ៉ាន់ មិនគួរត្រូវ​ប្រើប្រាស់ ធ្វើជាឧបករណ៍ សម្រាប់ចរចា​ណាមួយ ជាមួយនឹងប្រទេសចិន​។

សមាជិកសភាអាម៉េរិកាំងរូបនេះ បានព្រមានថា ប្រសិនបើមេដឹកនាំចិន លោក ស៊ី ជិនពីង (Xi Jinping) សម្រេចចិត្តឈ្លានពានតៃវ៉ាន់ នោះ អនាគតនៃតំបន់នេះ នឹងផ្លាស់ប្តូរយ៉ាងខ្លាំង។ បន្ថែមពីលើនេះ ​លោក បេរ៉ា​ ក៏បានពន្យល់ថា ការរារាំងតាមបែបយុទ្ធសាស្ត្រ (Strategic deterrence) គឺសំដៅលើការធានាឱ្យលោកប្រធានាធិបតី ស៊ី ជិនពីង យល់ថា សន្តិភាព និងវិបុលភាព នៅក្នុងតំបន់ ​ជាគោលដៅរួម។ ​​​ប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក ត្រូវតែសហការគ្នា ទប់ស្កាត់កុំឱ្យប្រទេសចិន ជ្រើសរើសផ្លូវឈ្លានពានទៅលើកោះតៃវ៉ាន់៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត