ឥណ្ឌូណេស៊ី កាត់បន្ថយការនាំឧស្ម័នធម្មជាតិទៅកាន់សិង្ហបុរី ក្រោយផ្ទុះជម្លោះរឿងផ្សែងអ័ព្ទពុល
S
Sinuon Nop
•
3 ម៉ោងមុន

រដ្ឋធានីហ្សាការតា៖ ផ្សែងអ័ព្ទពុលកើតចេញពីភ្លើងឆេះព្រៃ នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានបង្កឱ្យមានជម្លោះកាន់តែក្ដៅឡើង ជាមួយប្រទេសសិង្ហបុរី ខណៈបញ្ហានេះ បានជំរុញឱ្យមហាយក្សប្លុកអាស៊ានមួយនេះ កាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិ ទៅកាន់ប្រទេសសិង្ហបុរី...។

នាយករដ្ឋមន្រ្ដីសិង្ហបុរី និងប្រធានាធិបតីឥណ្ឌូណេស៊ី (ពាក់មួក)
នាយករដ្ឋមន្រ្ដីសិង្ហបុរី និងប្រធានាធិបតីឥណ្ឌូណេស៊ី (ពាក់មួក)

សារព័ត៌មានអង់គ្លេស Independence បានចេញផ្សាយនៅព្រឹកថ្ងៃអង្គារទី២៧ ខែតុលានេះថា រដ្ឋាភិបាលរដ្ឋធានីហ្សាការតា បានសម្រេចកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិ ទៅកាន់ប្រទេសសិង្ហបុរី ដោយសារការផ្ទុះជម្លោះដាក់គ្នា ជុំវិញបញ្ហាផ្សែងអ័ព្ទពុល កើតចេញពីភ្លើងឆេះព្រៃ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ប្រធានទីភ្នាក់ងាររដ្ឋគ្រប់គ្រងវិស័យប្រេង និងឧស្ម័នឥណ្ឌូណេស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការកាត់បន្ថយនូវការនាំចេញឧស្ម័នធម្មជាតិរបស់ឥណ្ឌណេស៊ី ចាប់ផ្តើមនៅថ្ងៃសៅរ៍ ដោយមានបរិមាណសរុប៣១លានហ្វីតគុប (ខ្នាតអង់គ្លេស) ឬស្មើនឹង៧៧ ៨២២,២៤ម៉ែត្រគុប តាមស្ដង់ដារក្នុងមួយថ្ងៃ ជាមួយនឹងការកាត់បន្ថយចំនួន១៥លានហ្វីតគុប ឬស្មើនឹង៤២៤ ៧៥២,៦៩ម៉ែត្រគុប មកពីតំបន់ប្រេងឧស្ម័ន Natuna ស្ថិតក្នុងខេត្តរីអៅ (Riau) ជាខេត្តមួយនៅក្នុងចំណោមខេត្តទាំង១០ នៃកោះសូម៉ាត្រា និងកាត់បន្ថយចំនួន១៦លានហ្វីតគុប ឬស្មើនឹង៤៥៣ ០៦៩,៥៤ម៉ែត្រគុប មកពីតំបន់ផ្សេងៗទៀត។

បើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានឱ្យដឹងថា លោក ឌីចូកូ ស៊ីស្វាន់តូ (Djoko Siswanto) ប្រធាន SKK Migas ដែលជាភ្នាក់ងារគ្រប់គ្រងវិស័យប្រេង និងឧស្ម័នរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី បានបញ្ជាក់ថា វិធានការបែបនេះ ធ្វើឡើង ដើម្បីរក្សាទំនុកចិត្ត សម្រាប់ការផ្គត់ផ្គង់ឧស្ម័ននៅក្នុងស្រុក សម្រាប់បង្កើតអគ្គិសនី។ បច្ចុប្បន្ន យើងនឹងបន្ដតាមដានស្ថានការណ៍ជាប្រចាំថ្ងៃ។ ប៉ុន្ដែសម្រាប់ពេលនេះ មានតែប្រទេសសិង្ហបុរី ប៉ុណ្ណោះ ដែលរងផលប៉ះពាល់។ ដោយឡែក អាជ្ញាធរទីផ្សារថាមពលសិង្ហបុរី (EMA) បានបញ្ជាក់ថា ការកាត់បន្ថយឧស្ម័នធម្មជាតិឥណ្ឌូណេស៊ី បានថយចុះ តិចជាង២ភាគរយ នៃតម្រូវការឧស្ម័នប្រចាំថ្ងៃសរុបរបស់ប្រទេសសិង្ហបុរី។ ទន្ទឹមនេះ សិង្ហបុរី ក៏មានផែនការត្រៀមបម្រុងទុក សម្រាប់ករណីចាំបាច់រួចរាល់ហើយដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្ញើជូនទីភ្នាក់ងារសារព័ត៌មាន AFP អាជ្ញាធរទីផ្សារថាមពលសិង្ហបុរី បានបញ្ជាក់ថា៖«សិង្ហបុរី យល់ឃើញថា ក្រុមហ៊ុននាំចូលរបស់យើង នឹងប្រើប្រាស់រាល់វិធានការដែលមានចែង នៅក្នុងកិច្ចសន្យារបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាការរំខានដល់ការផ្គត់ផ្គង់ឧស្ម័ននេះ»។

ការកាត់បន្ថយការនាំចេញឧស្ម័នរបស់ប្រទេសឥណ្ឌូណេស៊ី ទៅកាន់សិង្ហបុរី កើតឡើង ត្រឹមតែរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការព្រមានពីរដ្ឋាភិបាលរដ្ឋធានីហ្សាការតា ក្រោយពេលប្រទេសទាំង២ មានភាពរកាំរកូសដាក់គ្នា ជុំវិញផ្សែងអ័ព្ទពុល។ បើតាម Eco-Business បានឱ្យដឹងថា រដ្ឋមន្រ្ដីក្រសួងថាមពលឥណ្ឌូណេស៊ី លោក បាហ្ល៊ីល ឡាហាដាលៀ (Bahlil Lahadalia) បានបញ្ជាក់ថា ឥណ្ឌូណេស៊ី អាចនឹងបញ្ឈប់ការផ្គត់ផ្គង់ដល់ប្រទេសដែលមិនគោរពខ្លួន។ យើងនឹងមិនស្ទាក់ស្ទើរ ដើម្បីពិចារណា ផ្អាកការនាំចេញឧស្ម័នទៅកាន់ប្រទេសណា ដែលមិនគោរពយើង។ នៅមុននេះមួយថ្ងៃ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ប្រធានាធិបតីឥណ្ឌូណេស៊ី ក៏បានបញ្ជាដល់ប៉ូលិស រដ្ឋអាជ្ញា និងក្រសួងព្រៃឈើ ស៊ើបអង្កេតទៅលើក្រុមហ៊ុននានា នៅពីក្រោយភ្លើងឆេះព្រៃនេះ ហើយក៏បានរិះគន់ដល់បរទេសដែលពាក់ព័ន្ធផងដែរ។

បើតាមក្រសួងពាណិជ្ជកម្មសិង្ហបុរី បានឱ្យដឹងថា ប្រទេសសិង្ហបុរី ពឹងផ្អែកលើឧស្ម័ន សម្រាប់ផលិតអគ្គិសនី ប្រហែល៩៥ភាគរយ ហើយការនាំចូលឧស្ម័នពីប្រទេសឥណ្ឌូណេស៊ី ជាចម្បង តាមបំពង់បង្ហូរក្រោមលក្ខខណ្ឌនៃកិច្ចសន្យា ដែលនឹងផុតកំណត់ នៅចុងឆ្នាំ២០២៨។ បើតាមអង្គការនូសានតារ៉ា អាត្លាស់ ( Nusantara Atlas) ជាអង្គភាពតាមដានការកាប់បំផ្លាញព្រៃឈើ បានឱ្យដឹងថា នៅក្នុងរយៈពេល៩ខែ គិតត្រឹមខែកញ្ញា ភ្លើងឆេះព្រៃបានឆេះបំផ្លាញផ្ទៃដីជាង១,៩លានហិកតា។ រីឯក្រសួងសុខាភិបាល បានរាយការណ៍ថា ចាប់តាំងពីពាក់កណ្តាលខែសីហា រហូតមក មនុស្សជាង៣៣៣ ៤៧០នាក់ នៅក្នុងខេត្តចំនួន៧ នៃប្រទេសឥណ្ឌូណេស៊ី បានរងគ្រោះ ដោយសារជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។ អ័ព្ទផ្សែងពុលពីភ្លើងឆេះព្រៃនេះ បានរាលដាលដល់ប្រទេសម៉ាឡេស៊ី និងទីម័រខាងកើត ហើយប្លុកអាស៊ានកំពុងអំពាវនាវឱ្យមានកិច្ចប្រជុំមួយ ដោះស្រាវិបត្ដិនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត