
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រទេសជាច្រើន រួមទាំងសហរដ្ឋអាម៉េរិក និងប្រទេសមហាអំណាចអឺរ៉ុបសំខាន់ៗមួយចំនួន បានអះអាងថា ប្រទេសស៊ូដង់ កំពុងជួបប្រទះនឹងការធ្លាក់ចុះគួរឱ្យព្រួយបារម្ភនៃសន្តិសុខស្បៀងអាហារ និងបានទាមទារឱ្យភាគីជម្លោះនៅក្នុងប្រទេសនេះ លុបបំបាត់រាល់ឧបសគ្គចំពោះជំនួយមនុស្សធម៌...។

ប្រទេសទាំងនោះ បានថ្លែងរួមគ្នាថា ចំពោះមុខភាពអត់ឃ្លានដែលអាចកើតមានឡើង ពួកគេកំពុងអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការផ្តល់មូលនិធិ និងតម្រូវឱ្យគ្រឹះស្ថានហិរញ្ញវត្ថុសម្របសម្រួលកម្មវិធីបច្ចុប្បន្នរបស់ពួកគេ ទៅតាមស្ថានភាពសន្តិសុខស្បៀងអាហារ។ សេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា៖«ប្រទេសស៊ូដង់ កំពុងជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃសន្តិសុខស្បៀងរបស់ខ្លួន។ ហានិភ័យនៃគ្រោះអត់ឃ្លាននៅក្នុងប៉ុន្មានខែខាងមុខ តម្រូវឱ្យមានចំណាត់ការជាបន្ទាន់។ ភាគីនៃជម្លោះត្រូវទទួលខុសត្រូវចម្បង ក្នុងការកាត់បន្ថយទុក្ខវេទនារបស់ប្រជាជនស៊ូដង់»។

កងទ័ពស៊ូដង់ បានប្រយុទ្ធជាមួយកងកម្លាំងគាំទ្ររហ័ស (RSF) ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មកម្ល៉េះ។ កាលពីខែមិថុនា ស្ថាប័នពិនិត្យតាមដានភាពអត់ឃ្លានពិភពលោក ដែលគាំទ្រដោយអង្គការសហប្រជាជាតិ (IPC) បានអះអាងថា ប្រជាជនចំនួន៥លាន១សែននាក់ នៅស៊ូដង់បានប្រឈមមុខនឹងភាពអត់ឃ្លានអាហារយ៉ាងធ្ងន់ធ្ងរ។ កសិករបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការប្រមូលផលដំណាំរបស់ពួកគេចាប់តាំងពីសង្គ្រាមស៊ីវិល បានផ្ទុះឡើងនៅឆ្នាំ២០២៣ ហើយថ្មីៗនេះ ក៏ត្រូវប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួតថែមទៀតផង។ សេចក្តីថ្លែងការណ៍រួម បានជំរុញឱ្យភាគីជម្លោះអនុញ្ញាតឱ្យមានប្រតិបត្តិការមនុស្សធម៌ តាមរយៈគ្រប់ផ្លូវកាត់ និងផ្លូវឆ្លងកាត់ព្រំដែន រួមទាំងការដឹកជញ្ជូនតាមអាកាស ចូលទៅក្នុងតំបន់ដារហ្វួរ (Darfur)។ IPC ក៏បានអំពាវនាវឱ្យពួកគេរក្សាវត្តមាន និងការការពារបុគ្គលិកមនុស្សធម៌នៅទូទាំងប្រទេសស៊ូដង់ និងចៀសវាងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងដែរ។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាម៉េរិក អូស្ត្រាលី ចក្រភពព្រីតថេន បារាំង អាល្លឺម៉ង់ និងស្នងការអឺរ៉ុប ទទួលបន្ទុកសមភាព ការត្រៀមលក្ខណៈ និងការគ្រប់គ្រងវិបត្តិ ព្រមទាំងភាគីផ្សេងទៀត។ សង្គ្រាមនេះ បានធ្វើឱ្យប្រជាជនជាង១៤លាននាក់ ផ្លាស់ប្ដូរទីកន្លែងរស់នៅ និងបង្កឱ្យមានរលកនៃការសម្លាប់រង្គាល ដោយជម្លោះពូជសាសន៍។ ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានបង្ហាញកាលពីខែកក្កដា ថា កងកម្លាំង RSF បានប្រព្រឹត្តការសម្លាប់រង្គាល ការរំលោភបំពានផ្លូវភេទ និងការបង្ខំឱ្យអត់ឃ្លាននៅក្នុងទីក្រុង ដែលពួកគេបានឡោមព័ទ្ធ និងដណ្តើមយកបានកាលពីឆ្នាំមុន ជាផ្នែកនៃគោលនយោបាយចេតនា ឈានទៅរកអំពើប្រល័យពូជសាសន៍។ រដ្ឋធានីវ៉ាស៊ីនតោន ក៏បានចោទប្រកាន់ RSF ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងចោទប្រកាន់កងទ័ពពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមផងដែរ។ យ៉ាងណា ភាគីទាំង២ ធ្លាប់បានបដិសេធការចោទប្រកាន់ទាំងនេះ នាពេលកន្លងមក៕




