រុស្ស៊ី-អ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បា.ញ់កម្រិតមូលដ្ឋាន ប៉ុន្តែកាណុងកាំ.ភ្លើ.ងបន្តភ្ជង់គ្នា
ហៀប ស៊ីថេត
•
3 ម៉ោងមុន

អឺរ៉ុបខាងកើត៖ ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងកម្រិតមូលដ្ឋាន ដើម្បីអនុញ្ញាតឱ្យមានប្រតិបត្តិការមនុស្សធម៌ នៅទីក្រុងអូឡេស្គី (Oleshky) ស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី នេះបើយោងតាមការថ្លែងការណ៍របស់ភាគីទាំងសងខាង នៅថ្ងៃអង្គារទី២៧ ខែតុលានេះ...។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសលើកម្មវិធីផ្ញើសារតេឡេក្រាម ថា ខ្លួនបានផ្អាកការបាញ់ប្រហារឆ្ពោះទៅកាន់ទីក្រុងឃើសុន (Kherson) របស់អ៊ុយក្រែន ចាប់ពីព្រឹកមាន់រងាវថ្ងៃអង្គារនេះតទៅ ដើម្បីរៀបចំប្រតិបត្តិការមនុស្សធម៌នៅទីក្រុងអូឡេស្គី ស្ថិតនៅត្រើយម្ខាងនៃទន្លេឌីនីប្រូ (Dnipro) ទល់មុខទីក្រុងឃើសុន។​ លោក ឌីមីទ្រី លូប៊ីណេតស៍ (Dmytro Lubinets) ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៃសភាអ៊ុយក្រែន បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «បទឈប់បាញ់» បានចាប់ផ្តើមនៅពេលតែមួយនោះដែរ។ លោកបានសរសេរថា៖«ក្នុងនាមជាប្រធានក្រុមចរចាអ៊ុយក្រែន ខ្ញុំសូមបញ្ជាក់ថា ភាគីអ៊ុយក្រែន កំពុងគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន»។

សូមជម្រាបថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើបទឈប់បាញ់ក្នុងកម្រិតមូលដ្ឋាន ជុំវិញទីក្រុងអូឡេស្គី ដែលជាកិច្ចព្រមព្រៀងជួយសម្រួលដល់ការដឹកជញ្ជូនជំនួយ និងអនុញ្ញាតឱ្យមានការជម្លៀសប្រជាជនចេញពីទីក្រុងជួរមុខមួយនេះ កំពុងជួបប្រទះការខ្វះខាតស្បៀងអាហារ និងឱសថយ៉ាងធ្ងន់ធ្ងរ។ កងទ័ពរុស្ស៊ី បានវាយដណ្តើមយកទីក្រុងនេះ ថ្ងៃដំបូងនៃការផ្ទុះសង្គ្រាមកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយបានគ្រប់គ្រងទីក្រុងរហូតមកដល់បច្ចុប្បន្ន។ គួររំលេចបន្តិចថា កាលពីសប្តាហ៍មុន លោកស្រី មេឡានី ត្រាំ (Melania Trump) ជំទាវទីមួយនៃសហរដ្ឋអាម៉េរិក បានជួយសម្របសម្រួលរហូតទទួលបានបទឈប់បាញ់ នៅទីក្រុងអូឡេស្គីនេះ។

ថ្វីបើយ៉ាងនេះក្ដី នៅកន្លែងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើរដ្ឋធានីកៀវ កាលពីយប់ថ្ងៃចន្ទ បានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ម្នាក់ និងរបួស១០នាក់ រួមទាំងនិស្សិតនៅអន្តេវាសិកដ្ឋានផងដែរ។ ការវាយប្រហារនេះ បានបណ្ដាលឱ្យខូចខាតដល់អគារស្នាក់នៅ គ្រឹះស្ថានសិក្សា ស្ថានីយរថភ្លើងក្រោមដី និងមន្ទីរពេទ្យចំនួន២ ព្រមទាំងធ្វើឱ្យដាច់អគ្គិសនីនៅតំបន់មួយចំនួន នៃភាគខាងកើតទន្លេឌីនីប្រូ។ ក្រៅពីនេះ ក៏មានការវាយប្រហារនៅទីក្រុងការគីវ (Kharkiv) និងប៉ាវឡូរ៉ាដ (Pavlohrad) ផងដែរ។ យ៉ាងណា រដ្ឋធានីម៉ូស្គូ នៅតែបន្តបដិសេធថា ខ្លួនមិនដែលតម្រង់គោលដៅវាយប្រហារលើប្រជាជនស៊ីវិលនោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត