
រាជធានីបាងកក៖ ទឹកជំនន់បានវាយប្រហារយ៉ាងខ្លាំង លើតំបន់មួយចំនួនរបស់ខេត្តភូកេត រហូតលិចលង់តាមដងវិថីនានា និងបានបង្កើតទៅជាហេតុការណ៍ដ៏គួរឱ្យអស់សំណើចមួយ ដោយអ្នកស្រុក បាននាំគ្នាបង់សំណាញ់ចាប់ត្រី នៅតាមដងផ្លូវ ដែលទឹកកំពុងជន់លិចនោះក្នុងតំបន់កាម៉ាឡា...។

សារព័ត៌មានរបស់ថៃ ខាវសដ បានចេញនៅព្រឹកថ្ងៃអង្គារទី២៧ ខែតុលានេះថា ភ្លៀងបានបង្អុរចុះមកយ៉ាងខ្លាំងពេញមួយយប់ រហូតធ្វើឱ្យតំបន់ជាច្រើននៃខេត្តភូកេត រងនូវការលិចលង់ ខណៈទឹកជំនន់បានជន់លិចសហគមន៍នានានៅទូទាំងខេត្តនេះ។ រីឯផ្លូវនៅក្នុងឃុំកាម៉ាឡា ស្ថិតក្នុងស្រុកកាធូ បានជន់លិចខ្លាំង ធ្វើឱ្យយានយន្តតូចៗ ប្រឈមនឹងការលំបាកលើការបើកបរឆ្លងកាត់។ យ៉ាងណា អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ឈ្មោះ«Greenwood sk» បានបង្ហោះឃ្លីបវីដេអូមួយ បង្ហាញពីសកម្មភាព លើដងផ្លូវក្បែរតំបន់ Phuket FantaSea ស្ថិតក្នុងឃុំកាម៉ាឡា អំពីការយកសំណាញ់់ទៅបង់ត្រី។

វីដេអូនោះ គេសង្កេតឃើញម្ចាស់គណនី និងអ្នកស្រុក កំពុងដើរលុយទឹកជំនន់មានជម្រៅត្រឹមក្បាលជង្គង់ ដោយក្នុងដៃមានកាន់សំណាញ់ បង់ទៅលើផ្លូវដែលទឹកកំពុងជន់លិច។ សកម្មភាពរបស់ពួកគេ មិនគ្រាន់តែធ្វើឡើងដើម្បីភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្ដែពួកគេថែមទាំងចាប់បានត្រី សម្រាប់យកទៅផ្ទះធ្វើម្ហូបថែមទៀតផង។ ទិដ្ឋភាពបែបនេះ បានទាក់ទាញការចាប់អារម្មណ៍ និងបង្កឱ្យមានសំឡេងសំណើចសើចសប្បាយ ពីអ្នកដែលបានឃើញហេតុការណ៍នោះ៕



