
ក្រុងសៀមរាប៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសកល ដើម្បីសេរីភាព (Global Freedom Summit) ស្តីពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់ និងរួមគ្នា ចាត់ទុកការការពារកុមារតាមប្រព័ន្ធអនឡាញ ជាការងារអាទិភាពរួម ដើម្បីធានាសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងសិទ្ធិរបស់កុមារគ្រប់រូប។

លោកស្រីគូសបញ្ជាក់ថា ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដែលកំពុងកើតមាននៅទូទាំងពិភពលោក និងទាមទារឱ្យមានការចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ។ បញ្ហានេះ មិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ អនាគតរបស់កុមារ និងបង្កផលវិបាកដល់គ្រួសារ និងសហគមន៍ផងដែរ។ ក្នុងន័យនេះ លោកស្រី បន្តអំពាវនាវឱ្យឪពុកម្តាយ អាណាព្យាបាល គ្រឹះស្ថានអប់រំ អាជ្ញាធរ មន្ត្រីអនុវត្តច្បាប់ អ្នកជំនាញបច្ចេកវិទ្យា និងអង្គការដៃគូ បន្តពង្រឹងការអប់រំ និងផ្សព្វផ្សាយចំណេះដឹងអំពីសុវត្ថិភាពឌីជីថល ដើម្បីឱ្យកុមារ និងយុវជន អាចសម្គាល់ហានិភ័យ សញ្ញាព្រមាន និងដឹងពីវិធីស្វែងរកជំនួយនៅពេលជួបប្រទះស្ថានភាពគួរឱ្យសង្ស័យនៅលើប្រព័ន្ធអនឡាញ។

លោកស្រី បានសង្កត់ធ្ងន់លើសារសំខាន់នៃការបង្កើតបរិយាកាស ដែលកុមារមានទំនុកចិត្តក្នុងការនិយាយ និងរាយការណ៍ពីបទពិសោធរបស់ខ្លួន ដោយមិនមានការភ័យខ្លាច ឬការស្តីបន្ទោស។ ចំពោះកុមារដែលរងគ្រោះ ការឆ្លើយតប ត្រូវផ្អែកលើការយល់ចិត្ត ការការពារ ការគោរពឯកជនភាព និងការផ្ដល់សេវាគាំទ្រសមស្រប ដោយត្រូវចងចាំថា កុមារមិនមែនជាអ្នកទទួលខុសត្រូវ ចំពោះការរំលោភបំពានដែលបានកើតឡើងនោះទេ។ លោកស្រី ក៏បានជំរុញឱ្យមានការពង្រឹងប្រព័ន្ធរាយការណ៍ ការបញ្ជូនករណីទៅកាន់សេវាគាំទ្រ និងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ព្រមទាំងការបង្កើនសមត្ថភាពមន្ត្រីជំនាញ ក្នុងការកំណត់អត្តសញ្ញាណហានិភ័យ ស៊ើបអង្កេត និងអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់ជាធរមាន ដោយគោរពសិទ្ធិកុមារ។

លោកស្រី ម៉ននី រង្សី បង្ហាញក្ដីសង្ឃឹមថា ចំណេះដឹង និងការយល់ដឹងដែលទទួលបានពីការចាក់បញ្ចាំងខ្សែភាពយន្ត«ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ» រួមទាំងការចែករំលែកបទពិសោធពីវាគ្មិន នឹងត្រូវបម្លែងទៅជាសកម្មភាពជាក់ស្តែង ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការកេងប្រវ័ញ្ច និងការរំលោភបំពានលើកុមារតាមប្រព័ន្ធអនឡាញ ព្រមទាំងធានាថា កុមារគ្រប់រូបអាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងមានអនាគតពោរពេញដោយក្ដីសង្ឃឹម៕





