
រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារអបអរសាទរដល់ លោក នូម៉ាន់ គូទុលមុស (Numan Kurtulmuş) ប្រធានរដ្ឋសភានៃសាធារណរដ្ឋតួកគីយ៉េ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០៣ នៃការបង្កើតសាធារណរដ្ឋតួកគីយ៉េ (១៩២៣-២០២៦)។ ក្នុងសារលិខិត សម្ដេចប្រធានព្រឹទ្ធសភា បានសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅបំផុត ជូនប្រធានរដ្ឋសភា ព្រមទាំងប្រជាជនតួគីយ៉េ និងបានសង្កត់ធ្ងន់អំពីទំនាក់ទំនងរវាងកម្ពុជា និងតួគីយ៉េ ដែលកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់...។

សម្ដេចតេជោ មានប្រសាសន៍ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ កំពុងបន្តរីកចម្រើនឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងសេចក្តីប្រាថ្នារួម ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ សម្ដេចតេជោ សង្កត់ធ្ងន់ថា៖ «ក្នុងស្មារតីនេះ ខ្ញុំសូមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្ញុំ ក្នុងការធ្វើការជិតស្និទ្ធជាមួយ ឯកឧត្តម នូម៉ាន់ គូទុលមុស ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើងទាំងពីរ និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរសភាឱ្យបានជិតស្និទ្ធបន្ថែមទៀត»។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីជឿជាក់ថា តាមរយៈការបន្តកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌសភា ទាំងកម្រិតទ្វេភាគី និងពហុភាគី កម្ពុជា-តួគីយ៉េ អាចធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវភាពជាដៃគូ និងរួមចំណែកប្រកបដោយអត្ថន័យដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម នៅក្នុងតំបន់ទីទៃ និងនៅលើពិភពលោក។ ជាថ្មីម្ដងទៀត សម្ដេចបានជូនពរដល់ប្រធានរដ្ឋសភានៃសាធារណរដ្ឋតួកគីយ៉េ បន្តទទួលបានសុខភាពល្អ សុភមង្គល ជោគជ័យ និងជូនពរឱ្យប្រជាជនតួកគីយ៉េ រស់នៅប្រកបដោយសន្តិភាព វឌ្ឍនភាព និងវិបុលភាពយូរអង្វែង៕




