
រាជធានីភ្នំពេញ៖ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក អាប៊ីប ហ្គូហ្សា (Abid Gulzar) នាយកប្រចាំតំបន់អាស៊ី តំណាងអង្គការគណៈកម្មាធិការបម្រើក្វេគ័រអាមេរិកាំង (AFSC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការ លើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) កាលពីថ្ងៃទី២៦តុលា។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៧តុលា...។

លោករដ្ឋលេខាធិការ គូសបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញនូវ«យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ២០២៣-២០២៨ ដែលជាផែនទីតម្រង់ទិស និងចង្អុលបង្ហាញយុទ្ធសាស្ត្រជាអាទិភាព គឺភាពស្អាត ភាពបៃតង និងចីរភាព ឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រិតភាពកាបូន ឆ្នាំ២០៥០។ ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តយុទ្ធនាការជាច្រើនសំដៅលើកកម្ពស់ ភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតលើមេឃ។ ការអនុវត្តការវាយតម្លៃបរិស្ថាន ជាយុទ្ធសាស្ត្រ នឹងជួយឱ្យកម្ពុជាត្រៀមចំពោះបញ្ហាប្រឈមបរិស្ថានដែលអាចកើតមាន កាត់បន្ថយហានិភ័យ និងថ្លៃដើមនៃការចំណាយ ក៏ដូចជាបង្កើតឱកាសសម្រាប់ការអភិវឌ្ឍបៃតង ក្នុងវិស័យឧស្សាហកម្ម រ៉ែ ថាមពល កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទូរគមនាគមន៍ និងវិស័យសំខាន់ៗ ដែលមានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ។

ចំពោះពិធីចុះហត្ថលេខានេះដែរ រៀបចំឡើងក្នុងគោលបំណងចំនួន៤៖ ១.ជំរុញការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ សម្រាប់វិស័យអាទិភាពផ្សេងទៀតនៅកម្ពុជា។ ២.បំផុសការចូលរួមសាធារណៈ និងកសាងសមត្ថភាព ក្នុងក្របខ័ណ្ឌការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ ៣.បន្តពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងគោលការណ៍ណែនាំទូទៅ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងសេចក្តីព្រាងគោលការណ៍ ណែនាំស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ សម្រាប់អាជីវកម្មខ្សាច់នៅតាមទន្លេមេគង្គ និងទី៤.បញ្ចប់នីតិវិធីពិនិត្យ ទៅលើខ្លឹមសារនៃសេចក្តីព្រាងគោលការណ៍ ណែនាំទូទៅ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ សម្រាប់គម្រោងអាជីវកម្មខ្សាច់នៅតាមទន្លេមេគង្គ៕





