
ក្រុងដូនកែវ៖ ក្រុមអ្នកជំនាញបុរាណវិទ្យា បានរកឃើញគ្រឹះឥដ្ឋនៃប្រាសាទសម័យមុនអង្គរ នៅទីតាំងទួលយាយពុទ្ធ ស្ថិតក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ បន្ទាប់ពីធ្វើកំណាយបុរាណវិទ្យារយៈពេល១០ថ្ងៃ នៅបរិវេណប្រាសាទភ្នំដា និងទីតាំងទួលយាយពុទ្ធ…។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ថា ការធ្វើកំណាយខាងលើ ត្រូវបានអនុវត្តដោយក្រុមការងារបច្ចេកទេសមកពីនាយកដ្ឋានបុរាណវិទ្យា សហការយ៉ាងជិតស្និទ្ធជាមួយក្រុមស្រាវជ្រាវអង្គរបុរី-ភ្នំដា។ ក្រសួងគូសរំលេចថា៖«គោលបំណងសំខាន់នៃការបើកកំណាយស្រាវជ្រាវលើកនេះ គឺដើម្បីប្រមូលទិន្និទ័យបុរាណវិទ្យាសំខាន់ៗ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំ ចងក្រងឯកសារ ដាក់បញ្ចូលទីតាំនេះ ទៅក្នុងបញ្ជីនៃបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ»។ គ្រឹះសំណង់ និងវត្ថុបុរាណដែលត្រូវបានរកឃើញ ត្រូវដាក់បង្ហាញជូនអាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្សក្នុងតំបន់ ខណៈលទ្ធផលស្រាវជ្រាវលម្អិត នឹងត្រូវប្រកាសនៅពេលក្រោយ។

គួរជ្រាបថា កម្ពុជាបានដាក់តំបន់អង្គរបុរី និងភ្នំដា ក្នុងខេត្តតាកែវ ទៅក្នុងបញ្ជីបេក្ខភាពបឋម (Tentative List) របស់អង្គការយូណេស្កូ (UNESCO) កាលពីខែមីនា ឆ្នាំ២០២០ ដើម្បីត្រៀមឈានទៅរកការដាក់សំណើសុំចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាផ្លូវការ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា ក៏ធ្លាប់ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការរៀបចំឯកសារដាក់បញ្ចូលភ្នំដា និងអង្គរបុរី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ជាបន្តបន្ទាប់ផងដែរ។

អ្នកជំនាញចាត់ទុក ការរកឃើញ«គ្រឹះឥដ្ឋប្រាសាទសម័យមុនអង្គរ»នាពេលនេះ ថា មានសារសំខាន់ ចំពោះការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរបុរាណ ជាពិសេស តួនាទីរបស់តំបន់អង្គរបុរី ដែលត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលនយោបាយដ៏សំខាន់មួយ នៃអាណាចក្រហ្វូណន។ តំបន់នេះ មានប្រវត្តិសាស្ត្រដ៏យូរលង់ ខណៈតាមការសិក្សាបុរាណវិទ្យា មានសកម្មភាពតាំងទីលំនៅ និងការអភិវឌ្ឍតាំងពីសម័យមុនគ្រិស្តសករាជ។ ដោយឡែក តំបន់ភ្នំដា ស្ថិតនៅក្បែរអង្គរបុរី ក៏ជាទីតាំងបេតិកភណ្ឌវប្បធម៌ដ៏សំខាន់មួយផងដែរ ដោយមានប្រាសាទបុរាណ និងរូងភ្នំជាច្រើន ដែលបានផ្តល់តម្រុយអំពីជំនឿ ស្ថាបត្យកម្ម និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរនាសម័យបុរាណ៕







