
រដ្ឋធានីកាទូម៖ យ៉ាងហោចណាស់មនុស្ស១៥៣នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារដោយដ្រូនយ៉ាងរន្ធត់ លើទីផ្សារ និងឃ្លាំងស្តុកប្រេងឥន្ធនៈមួយកន្លែង នៅតំបន់ជម្លោះព្រំដែន រវាងប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង កាលពីថ្ងៃទី១៩តុលា បានបង្កឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ...។

មន្ត្រីយោធាជាន់ខ្ពស់ស៊ូដង់ម្នាក់ បានប្រកាសថា កងទ័ពអាកាសរបស់ខ្លួនជាអ្នកបើកការវាយប្រហារលើទីផ្សារ Amiet ភាគខាងជើងទីក្រុង Abyei ដោយអះអាងថា គោលដៅនៃការវាយប្រហារ គឺរថយន្តស៊ីទែនដឹកប្រេងមកពីស៊ូដង់ខាងត្បូង ដែលរៀបចំឡើងសម្រាប់ផ្គត់ផ្គង់ឱ្យក្រុមប៉ារ៉ាយោធាបះបោរ RSF និងក្រុមរត់ពន្ធប្រេងខុសច្បាប់។ ទោះជាយ៉ាងណា អគ្គលេខាធិការសហប្រជាជាតិ លោក អេនតូនីញ៉ូ ហ្គូតេរ៉េស (António Guterres) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ដោយរម្លឹកថា ការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាអំពើខុសច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

ទន្ទឹមនោះ អង្គការគ្រូពេទ្យគ្មានព្រំដែន បានឱ្យដឹងថា ក្រុមគ្រូពេទ្យកំពុងប្រញាប់ប្រញាល់ព្យាបាលជនរងគ្រោះជាង២០នាក់ ដោយក្នុងនោះមានអ្នករងរបួសធ្ងន់ និងរលាកភ្លើងកម្រិតធ្ងន់ធ្ងរជាច្រើននាក់ ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀត។ គួរបញ្ជាក់ថា ប្រទេសស៊ូដង់ បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលបង្ហូរឈាម រវាងកងទ័ពរដ្ឋាភិបាល និងក្រុម RSF ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មកម្ល៉េះ ដោយបានសម្លាប់មនុស្សរាប់សែននាក់ និងបង្ខំឱ្យពលរដ្ឋរាប់លាននាក់ បោះបង់ចោលផ្ទះសម្បែង ភៀសខ្លួនយ៉ាងវេទនា។ ជាមួយគ្នានេះ តំបន់ Abyei គឺជាដែនដីមានជម្លោះរ៉ាំរ៉ៃ រវាងស៊ូដង់ និងស៊ូដង់ខាងត្បូង ចាប់តាំងពីប្រកាសឯករាជ្យក្នុងឆ្នាំ២០១១មកម្ល៉េះ៕





