
រដ្ឋធានីខាទូម៖ ក្រុមអ្នកវាយប្រហារដៃឆៅជិះសត្វអូដ្ឋបានប្រមូលផ្តុំ និងព័ទ្ធជុំវិញបុរស២០០ ទៅ៣០០នាក់នៅជិតទីក្រុងអាល់ហ្វាសឺ (al-Fashir) នៃប្រទេសស៊ូដង់កាលពីចុងសប្តាហ៍មុន ហើយបាននាំពួកគេទៅកាន់រណ្តៅមួយកន្លែង ក្រោយមកក្រុមវាយប្រហារទាំងនោះ បានស្រែកជេរប្រមាថយ៉ាងកំរោល មុនពេលពួកគេចាប់ផ្តើមបាញ់សម្លាញ់សម្លាប់យ៉ាងរង្គាល។ នេះបើយោងតាមបុរសម្នាក់ដែលរួចផុតជីវិតក្នុងចំណោមបុរស ដែលត្រូវគេបាញ់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១វិច្ឆិកា។

បុរសរួចខ្លួន ឈ្មោះ អាល់ឃារ អ៊ីស្មែល (Alkheir Ismail) បានលើកឡើងក្នុងបទសម្ភាសតាមវីដេអូដែលធ្វើឡើងដោយអ្នកកាសែតក្នុងស្រុក នៅជិតក្រុងតាវីឡា (Tawila) ក្នុងតំបន់ដាហ្វួរ (Darfur) ភាគខាងលិចប្រទេស យ៉ាងដូច្នេះថា ៖«លោកបានប្រាប់ពួកគេថា កុំសម្លាប់ ប៉ុន្តែបន្ទាប់មកពួកគេបានសម្លាប់អ្នករាល់គ្នា ជាមិត្តភក្តិរបស់ខ្ញុំ និងអ្នកផ្សេងទៀត»។ បុរសរូបនេះបានរំឭកបន្តិចថា លោកបាននាំយកអាហារទៅឱ្យសាច់ញាតិនៅក្នុងទីក្រុង នៅពេលនោះលោកត្រូវបានចាប់ខ្លួនដោយកងកម្លាំងគាំទ្ររហ័ស (RSF) ឬក្រុមទាហានប៉ារ៉ា កាលពីថ្ងៃអាទិត្យទី២៦តុលា។ ក្រុមលោក មិនមានអាវុធតដៃទេ។

ទន្ទឹមគ្នានេះ សាក្សីជាច្រើននាក់បានប្រាប់អង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្ត្រពិភពលោក Medecins Sans Frontieres (MSF ) ថា ក្រុមជនស៊ីវិល និងទាហានចំនួន ៥០០នាក់មកពីកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងក្រុមសម្ព័ន្ធមិត្តបានព្យាយាមរត់គេចខ្លួនចេញពីទ្វារមច្ចុរាជកាលពីថ្ងៃទី២៦ ខែតុលា ប៉ុន្តែភាគច្រើនត្រូវបានបាញ់សម្លាប់ ឬចាប់ខ្លួនដោយកងកម្លាំង RSF។ សម្រាប់អ្នកដែរត្រូវបានឃុំខ្លួន តម្លៃលោះត្រូវចំណាយទឹកប្រាក់ចន្លោះពី ៨០០០ដុល្លារ ដល់៥០០០០ដុល្លារ។ នេះបើតាម MSF បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រទី៣១តុលា។

គួរជម្រាបថា សកម្មជន និងអ្នកវិភាគបានព្រមានជាយូរមកហើយអំពីការសម្លាប់សងសឹកលើជនជាតិភាគតិច ក្រោមស្នាដៃដ៏ឃោរឃៅរបស់កងកម្លាំង RSF។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ជនស៊ីវិល និងយុទ្ធជនគ្មានអាវុធរាប់រយនាក់អាចត្រូវបានប្រហារជីវិត ហើយការសម្លាប់បែបនេះត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាម។ ជាមួយគ្នានេះ សហរដ្ឋអាម៉េរិកបានចាត់ទុកថា RSF បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ហើយការសម្លាប់រង្គាលនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ៕


