ដ្រូនប្រយុទ្ធក្លាយជាឃាត.កលេខ១ក្នុងសង្គ្រា.មស៊ូដង់ ផ្ដា.ច់ជី.វិតពលរដ្ឋស្លូតត្រង់ដល់ទៅជិត៩០០នាក់ត្រឹម៤ខែ
N
Nary Vann
12 ឧសភា 2026 03:00 PM

ស៊ូដង់៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក វ៉ុលកឺ ថឺក (Volker Türk) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងកាលពីថ្ងៃទី១១ ខែឧសភា ចំពោះការប្រើប្រាស់ដ្រូនប្រយុទ្ធក្នុងសង្រ្គាមស៊ីវិលនៅស៊ូដង់ ដែលបណ្ដាលឱ្យជនស៊ីវិលបាត់បង់ជីវិតយ៉ាងហោចណាស់៨៨០នាក់ ក្នុងរយៈពេលត្រឹមតែ៤ខែ នៃឆ្នាំ២០២៦នេះ។

លោក Volker Türk 
លោក Volker Türk 

តួលេខដ៏រន្ធត់នេះ បង្ហាញថា អាវុធគ្មានមនុស្សបើក បានក្លាយជាមូលហេតុចម្បងនៃមរណភាពក្នុងជម្លោះរវាងកងទ័ពរដ្ឋាភិបាលស៊ូដង់ និងក្រុមប្រដាប់អាវុធដែលផ្តាច់ខ្លួនចេញពីរដ្ឋាភិបាល ដែលហៅថា ក្រុមកម្លាំងគាំទ្ររហ័ស (Rapid Support Forces-RSF)។ លោក ថឺក បានព្រមានថា ការពឹងផ្អែកលើដ្រូន នឹងធ្វើឱ្យការប្រយុទ្ធគ្នាមិនមានការថមថយឡើយ សូម្បីតែក្នុងរដូវវស្សាដែលជាធម្មតាធ្លាប់ជាពេលផ្អាកប្រតិបត្តិការថ្មើរជើង ហើយវាអាចរុញច្រានស៊ូដង់ឱ្យធ្លាក់ក្នុងដំណាក់កាលសង្រ្គាមសាហាវជាងមុន។

ផ្អែកតាមរបាយការណ៍ ការវាយប្រហារតាមអាកាស មានទិសដៅទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមមាន ផ្សារទំនើបយ៉ាងហោចណាស់២៨កន្លែង និងមូលដ្ឋានសុខាភិបាល១២កន្លែង ដែលបង្ខំឱ្យប្រជាជនត្រូវធ្វើដំណើរឆ្ងាយដើម្បីរកសេវាព្យាបាល ឬត្រូវបោះបង់ការព្យាបាលតែម្ដង។ ក្រៅពីតំបន់ Kordofan (ករដូហ្វាន) និង Darfur ​(ដាហ្វើ) សង្រ្គាមដ្រូនបានរីករាលដាលដល់រដ្ឋ Blue Nile (ប្ល៊ូណាយ, White Nile (វ៉ាយណាយ) និងរដ្ឋធានីខាទុំ (Khartoum) ដែលបណ្ដាលឱ្យអាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានីនេះ ត្រូវផ្អាកជើងហោះហើរទាំងអស់កាលពីថ្ងៃទី៤ ខែឧសភា។ ការកើនឡើងនៃអំពើហិង្សាដោយអាវុធដ៏សាហាវនេះ បានបំផ្លាញភាពស្ងប់ស្ងាត់រយៈពេលខ្លី និងបង្កឱ្យមានការភ័យខ្លាចជាថ្មីដល់ប្រជាជនដែលទើបតែបានត្រឡប់ចូលមករស់នៅក្នុងទីក្រុងវិញ។

អ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភនោះ គឺវិបត្តិអត់ឃ្លាន និងសន្តិសុខស្បៀងនៅក្នុងប្រទេសស៊ូដង់ កំពុងត្រូវបានបន្ថែមបន្ទុកដោយវិបត្តិនៅតំបន់ឈូងសមុទ្ទ ដែលបណ្ដាលឱ្យមានការខ្វះខាតជីកសិកម្មយ៉ាងខ្លាំងសម្រាប់ការដាំដុះ។ លោក វ៉ុលកឺ ថឺក បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការបញ្ជូនអាវុធ ជាពិសេសដ្រូនទំនើបៗទៅឱ្យភាគីជម្លោះ និងបានដាស់តឿនថា ប្រសិនបើការវាយប្រហារលើជនស៊ីវិលនៅតែបន្តកើតមានដោយគ្មានការដាក់ទោសទណ្ឌ វានឹងក្លាយទៅជាយុទ្ធសាស្ត្រធម្មតាដែលនាំទៅរកមហន្តរាយមនុស្សធម៌មិនអាចស្រោចស្រង់បាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត