
រដ្ឋធានីខាទូម៖ កុមារនៅក្នុងប្រទេសស៊ូដង់ កំពុងរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរពីសង្រ្គាមស៊ីវិលដ៏សាហាវ ដោយរយៈពេលត្រឹមតែ៦ខែដំបូងនៃឆ្នាំ២០២៦នេះ មានកុមារយ៉ាងហោចណាស់៣៣០នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់ និងរងរបួស។ នេះបើយោងតាមការប្រកាសអាសន្នជាផ្លូវការពីសំណាក់មូលនិធិសហប្រជាជាតិដើម្បីកុមារ ឬហៅកាត់ថាយូនីសេហ្វ (UNICEF)...។

ស្ថានភាពនៅក្នុងរដ្ឋកូរដូហ្វានខាងជើង កំពុងស្ថិតក្នុងកម្រិតអាសន្នខ្លាំង ដោយគិតចាប់តាំងពីខែឧសភា ឆ្នាំ២០២៦ មក ការវាយប្រហារតាមអាកាសដោយប្រើដ្រូន និងការបាញ់ផ្លោង បានបណ្ដាលឱ្យកុមារជាង៣៥នាក់រងគ្រោះ ក្នុងនោះ១៨នាក់បានបាត់បង់ជីវិត ខណៈកុមាររងគ្រោះខ្លះ មានអាយុទើបតែ២ខែប៉ុណ្ណោះ។ យោងតាមរបាយការណ៍ ៦០ភាគរយនៃជនរងគ្រោះ គឺបណ្ដាលមកពីការវាយប្រហារដោយដ្រូន ដែលការណ៍នេះបានបំផ្លិចបំផ្លាញទាំងផ្ទះសម្បែង សាលារៀន និងមន្ទីរពេទ្យ ព្រមទាំងកំពុងគំរាមកំហែងដល់ជីវិតប្រជាពលរដ្ឋស្លូតត្រង់ប្រហែល៥សែននាក់នៅក្នុងតំបន់។

លោក សែលដុន យេត (Sheldon Yett) តំណាងអង្គការយូនីសេហ្វ ប្រចាំប្រទេសស៊ូដង់ បានថ្លែងដោយក្ដីបារម្ភថា ពេលនេះកុមារស៊ូដង់លែងមានកន្លែងមានសុវត្ថិភាពទៀតហើយ ពួកគេត្រូវស្លាប់ និងរងរបួសទាំងនៅក្នុងផ្ទះ លើដងផ្លូវ និងនៅក្នុងផ្សារ។ ក្រៅពីហានិភ័យនៃសេចក្ដីស្លាប់ សង្រ្គាមនេះ បានបន្សល់ទុកនូវវិបត្តិផ្លូវចិត្ត រួមទាំងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិកុមារ ដូចជា ការបង្ខំឱ្យចូលធ្វើទាហាន ការចាប់ពង្រត់ និងអំពើហិង្សាផ្លូវភេទ។ យូនីសេហ្វ បានចេញមុខអំពាវនាវយ៉ាងទទូចដល់ភាគីជម្លោះទាំងអស់ ឱ្យបញ្ឈប់ការវាយប្រហារលើជនស៊ីវិល និងបើកផ្លូវឱ្យមានការនាំយកជំនួយមនុស្សធម៌ទៅជួយសង្គ្រោះកុមារជាបន្ទាន់៕





