
រដ្ឋធានីកៀវ៖ សភាពការណ៍នយោបាយ និងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន បានប្រែប្រួលដល់ដំណាក់កាលថ្មីមួយទៀត បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បានប្រកាសថា លោកសុខចិត្តរៀបចំការបោះឆ្នោតប្រធានាធិបតីឡើងវិញ ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) យល់ព្រមលើ«បទឈប់បាញ់ពេញលេញរយៈពេល៦០ថ្ងៃ» តែវិមានក្រឹមឡាំងបដិសេធដាច់អហង្ការដោយអះអាងថា ខ្លួនចង់បាន«កិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍រយៈពេលវែង» ជាជាងបទឈប់បាញ់បណ្តោះអាសន្ន។

សំំណើរបស់លោក ហ្សេឡេនស្គី ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានរិះគន់អ៊ុយក្រែនជុំវិញការវាយប្រហារលើរោងចក្រប្រេងរុស្ស៊ី និងបានថ្លែងថា «ដល់ពេលអ៊ុយក្រែនត្រូវផ្លាស់ប្ដូរប្រធានាធិបតីថ្មីហើយ»។ ជាការឆ្លើយតប លោក ហ្សេឡេនស្គី បានបញ្ជាក់ថា មានតែប្រជាជនអ៊ុយក្រែនប៉ុណ្ណោះដែលមានសិទ្ធិជ្រើសរើសមេដឹកនាំរបស់ខ្លួន ហើយលោកបានបញ្ជាក់ថា៖«សូមប្រាប់លោក ពូទីន ឱ្យទុកពេលឱ្យយើង២ខែ ឬ៦០ថ្ងៃនៃបទឈប់បាញ់សរុប នោះយើងនឹងរៀបចំការបោះឆ្នោត»។ លោកក៏បានបន្ថែមថា អ៊ុយក្រែនត្រៀមខ្លួនផ្អាកការវាយប្រហារលើរោងចក្រប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ីឈប់បាញ់លើប្រព័ន្ធថាមពលអ៊ុយក្រែនដូចគ្នា។

យ៉ាងណា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេសកូហ្វ (Dmitry Peskov) បានបដិសេធសំណើនេះភ្លាមៗដោយថ្លែងថា៖«ទាំងលោក ពូទីន និងមន្ត្រីរុស្ស៊ី បានបញ្ជាក់ជាច្រើនដងហើយថា យើងមិនត្រូវការបទឈប់បាញ់នោះទេ។ យើងចង់បានសន្តិភាពរយៈពេលវែង»។ ប្រទេសរុស្ស៊ី បានចោទប្រកាន់ថា ការខកខានមិនបានរៀបចំការបោះឆ្នោត ធ្វើឱ្យលោក ហ្សេឡេនស្គី ក្លាយជាមេដឹកនាំអសមត្ថភាព និងខុសច្បាប់ ប៉ុន្តែភាគីអ៊ុយក្រែនបានតបតវិញថា ច្បាប់ធម្មនុញ្ញរបស់ខ្លួន បានហាមឃាត់ដាច់ខាតមិនឱ្យមានការបោះឆ្នោត នៅក្នុងអំឡុងពេលប្រកាសអាជ្ញាសឹក ឬសង្គ្រាមនោះឡើយ៕









