ត្រាំ ប្រកាសបទឈប់បាញ់លើវិស័យថាមពលរវាងអ៊ុយក្រែន និងរុស្ស៊ី ធ្វើឱ្យហ្សេឡេនស្គី ភ្ញាក់ខ្លួនព្រើត
ហៀប ស៊ីថេត
•
2 ថ្ងៃមុន

រដ្ឋធានីកៀវ-វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសយ៉ាងភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យទី១១ ខែតុលាថា បទឈប់បាញ់លើវិស័យថាមពលរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយលោកអះអាងថា មានប្រសិទ្ធភាពភ្លាមៗ។ ទោះជាយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បានថ្លែងថា លោកនៅតែរង់ចាំមើលព័ត៌មានលម្អិតពីភាគីសហរដ្ឋអាម៉េរិក ខណៈរដ្ឋធានីម៉ូស្គូមិនទាន់មានប្រតិកម្មផ្លូវការណាមួយនៅឡើយ។

លោក ដូណាល់ ត្រាំ (Donald Trump)
លោក ដូណាល់ ត្រាំ (Donald Trump)

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ ដាក់សម្ពាធខ្លាំងលើអ៊ុយក្រែន ឱ្យបញ្ឈប់ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។ លោក ត្រាំ បន្ទោសការវាយប្រហារទាំងនោះ ថា ជាដើមហេតុធ្វើឱ្យតម្លៃប្រេងម៉ាស៊ូតកើនឡើង និងកំពុងប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សសាធារណរដ្ឋរបស់លោក មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែខាងមុខ។ លោក ត្រាំ បានសរសេរថា៖«មានប្រសិទ្ធភាពភ្លាមៗ! មានបទឈប់បាញ់លើវិស័យថាមពលនៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ភាគីទាំង២ បានព្រមព្រៀងគ្នាហើយ។ កុំបំពានវាឱ្យសោះ!»។ ប្រភពបង្ហាញថា សហរដ្ឋអាម៉េរិក បានគំរាមកាត់ផ្តាច់ការចែករំលែកព័ត៌មានសម្ងាត់ និងការផ្គត់ផ្គង់អាវុធ ប្រសិនបើអ៊ុយក្រែនមិនព្រមផ្អាកការវាយប្រហារលើរោងចក្រប្រេងរុស្ស៊ីទេនោះ។

លោក ហ្សេឡេនស្គី បានបញ្ជាក់ថា លោកបានពិភាក្សាអំពីសេចក្តីប្រកាសនេះជាមួយមេដឹកនាំលោកខាងលិចដូចជា៖ អគ្គលេខាធិការណាតូ និងនាយករដ្ឋមន្ត្រីកាណាដា។លោក ហ្សេឡេនស្គី ថ្លែងថា អ៊ុយក្រែនគាំទ្របទឈប់បាញ់ លុះត្រាតែរុស្ស៊ីឈប់វាយប្រហារលើប្រព័ន្ធថាមពលអ៊ុយក្រែនដូចគ្នា។ ក្នុងពេលដំណាលគ្នានេះ កងកម្លាំងរុស្ស៊ីនៅតែបន្តទម្លាក់គ្រាប់បែកស្រោចលើរោងចក្រអគ្គិសនី និងថាមពលនៅទីក្រុងការគីវ (Kharkiv) និងទីក្រុងអ៊ីវ៉ាណូ-ហ្វ្រង់គីវស្កិ៍ (Ivano-Frankivsk) បណ្ដាលឱ្យមនុស្សស្លាប់ជាបន្តបន្ទាប់។

លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy)
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy)

លោក ត្រាំ បានរិះគន់លោក ហ្សេឡេនស្គី ថាជាអ្នកខកខានឱកាសបង្កើតសន្តិភាព និងបានអំពាវនាវឱ្យប្រជាជនអ៊ុយក្រែន ជ្រើសរើសមេដឹកនាំថ្មីតាមរយៈការបោះឆ្នោត។យ៉ាងណា លោក ហ្សេឡេនស្គី បានបដិសេធថា អ៊ុយក្រែនមិនមែនជាអ្នកធ្វើឱ្យប្រេងឡើងថ្លៃទេ ប៉ុន្តែគឺមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានបន្តបញ្ជាក់ថា ការបោះឆ្នោតមិនអាចធ្វើឡើងក្រោមច្បាប់អាជ្ញាសឹកបានទេ ប៉ុន្តែលោកសុខចិត្តរៀបចំវា ប្រសិនបើលោក ពូទីន ព្រមព្រៀងលើបទឈប់បាញ់សរុបរយៈពេល ៦០ថ្ងៃ។ សូមជម្រាបថា លោក ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀង ដែលរុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាង ៣០០០០០តោន (ឬប្រហែល២,២៥លានបារ៉ែល) ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងសកលលោក ដើម្បីជួយសម្រួលតម្លៃប្រេង។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះបានជួបប្រទះនូវការរិះគន់យ៉ាងគំហុក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត