ហ្សេឡេនស្គី៖ កូរ៉េខាងជើង ត្រៀមបញ្ជូនទ័ព១ម៉ឺននាក់បន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ី
ហៀប ស៊ីថេត
•
2 ថ្ងៃមុន

រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បានថ្លែងនៅថ្ងៃអង្គារទី២៩ ខែកញ្ញានេះថា បច្ចុប្បន្នមានកងទ័ពកូរ៉េខាងជើងច្រើនជាង៨ពាន់នាក់កំពុងស្ថិតនៅលើទឹកដីរុស្ស៊ី ហើយកូរ៉េខាងជើងកំពុងរៀបចំបញ្ជូនកងទ័ពចំនួន១ម៉ឺននាក់បន្ថែមទៀត។

លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) 
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) 

ដោយផ្អែកលើទិន្នន័យថ្មីស្តីពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី លោក ហ្សេឡេនស្គី បានសរសេរនៅលើបណ្តាញសង្គម X ថា កងទ័ពទាំងនោះកំពុងត្រូវបានជ្រើសរើសសម្រាប់ការហ្វឹកហ្វឺន និងដាក់ពង្រាយជាបន្តបន្ទាប់ទៅកាន់ប្រទេសរុស្ស៊ី។ ការលើកឡើងរបស់លោក ហ្សេឡេនស្គី កើតឡើងបន្ទាប់ពីរដ្ឋធានីសេអ៊ូល និងរដ្ឋធានីកៀវ មានភាពរកាំរកូសនឹងគ្នាជុំវិញការប្រកាសរបស់លោកកាលពីសប្តាហ៍មុនថា អ៊ុយក្រែន បានប្រគល់ឈ្លើយទាហានកូរ៉េខាងជើង២នាក់ទៅឱ្យប្រទេសកូរ៉េខាងត្បូង។ ជុំវិញការប្រកាសនេះ រដ្ឋធានីសេអ៊ូល បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការប្រកាសរបស់លោក ហ្សេឡេនស្គី ដោយលើកឡើងពីកិច្ចព្រមព្រៀងនេះជាសម្ងាត់។

យោងតាមការប៉ាន់ប្រមាណរបស់អ៊ុយក្រែន និងកូរ៉េខាងត្បូង កូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រមាណពី១៤០០០នាក់ ទៅ១៥០០០នាក់ ដើម្បីគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនចាប់តាំងពីឆ្នាំ២០២៤មក ដោយភាគច្រើនត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ឃឺស (Kursk) ដើម្បីជួយជំរុញការវាយលុកបន្ថែមទៀតលើអ៊ុយក្រែន។ យោងតាមការវាយតម្លៃរបស់អ៊ុយក្រែន និងអង្គការឯករាជ្យ រដ្ឋធានីព្យុងយ៉ាង ក៏បានផ្គត់ផ្គង់ដល់រុស្ស៊ីនូវគ្រាប់កាំភ្លើងធំ និងគ្រាប់កាំភ្លើងត្បាល់រាប់លានគ្រាប់ ព្រមទាំងមីស៊ីលបាលីស្ទីក ប្រព័ន្ធកាំភ្លើងធំបាញ់ចម្ងាយឆ្ងាយ និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត