
រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រមុខបក្សកាន់អំណាច បានផ្តល់យោបល់ដល់រាជរដ្ឋាភិបាលកម្ពុជា កុំឱ្យបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្ទឱ្យសោះ តែត្រូវតម្រង់ទិសទៅរកច្បាប់អន្តរជាតិតែម្ដង…។

ការផ្តល់យោបល់នេះ កើតឡើងបន្ទាប់ពីសម្តេចតេជោ បានឃើញការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី១១ ខែឧសភា ជុំវិញសម្តីរបស់លោក សីហស័ក្តិ ភួងកេតកែវ រដ្ឋមន្រ្តីការបរទេសថៃ។ បន្ទាប់ពីរាជរដ្ឋាភិបាលខ្លួនលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬ MoU-2001 លោក សីហស័ក្តិ បែរជាលើកឡើងថា វិធីសាស្ដ្រចម្បង គួរតែចរចាជាមួយកម្ពុជាជាមុនសិន ពាក់ព័ន្ធនឹងបញ្ហាសមុទ្ទ។ តាមរយៈសំណេរលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី១២ ខែឧសភានេះ សម្តេចតេជោ ឆ្លើយតបថា អ្វីដែលរដ្ឋមន្រ្តីការបរទេសថៃលើកឡើង គឺផ្ទុយស្រឡះពីសកម្មភាពរបស់ភាគីថៃ ដែលបានលុបចោល MoU-2001 ដោយឯកតោភាគី។

«ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី ខ្ញុំសូមរំឭកដល់រាជរដ្ឋាភិបាល[កម្ពុជា] សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្ទ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្ទ ឆ្នាំ១៩៨២តែម្ដង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ»។ នេះជាសារបង្ហាញផ្លូរបស់ប្រមុខរដ្ឋស្ដីទី ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា៕




