
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញទៅចូលរួមបុណ្យសពអ្នកម្តាយរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។ នេះបើតាមសារខ្លី ដែលលោក ជា ធីរិទ្ធ អ្នកនាំពាក្យរបស់សម្ដេចតេជោ ហ៊ុន សែន បង្ហោះលើគណនីហ្វេសប៊ុកនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ លោក ជា ធីរិទ្ធ ពុំបានបញ្ជាក់នោះទេ ថាសម្តេចតេជោ នឹងអញ្ជើញទៅពេលណា។ ម្តាយរបស់លោក កឹម សុខា គឺឧបាសិកា សៅ ង៉ែត បានទទួលមរណភាពកាលពីថ្ងៃទី៨ ខែកក្កដា។

មុនប្រកាសដំណឹងទៅចូលរួមបុណ្យសពលោក កឹម សុខា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើលិខិតចូលរួមរំលែកទុក្ខដល់លោក កឹម សុខា។ ក្នុងលិខិតរំលែកទុក្ខ សម្ដេច បានចាត់ទុកមរណភាពរបស់ឧបាសិកា សៅ ង៉ែត ក្នុងជន្មាយុ១០១ឆ្នាំ គឺជាការបាត់បង់ពុទ្ធសាសនិកមួយរូបដែលមានសទ្ធាជ្រះថ្លាក្រៃលែង បានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុងការទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។ មិនមែនតែសម្ដេចតេជោទេ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ញើសារចូលរួមរំលែកទុក្ខដល់លោក កឹម សុខា ព្រមទាំងក្រុមគ្រួសារផងដែរ។

សូមរំឭកថា កាលពី៦ឆ្នាំមុន គឺនៅអំឡុងខែឧសភា ឆ្នាំ២០២០ លោក កឹម សុខា ក៏ធ្លាប់បានទៅចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសិកា ប៊ុន ស៊ាងលី ត្រូវជាម្តាយបង្កើតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងត្រូវជាម្តាយក្មេករបស់សម្តេចតេជោ ហ៊ុន សែន។ នាឱកាសនោះ លោក កឹម សុខា និង សម្តេចតេជោ ហ៊ុន សែន បានសម្ដែងភាពគួរសម និងពិភាក្សាគ្នាដោយភាពរាក់ទាក់ប្រមាណជិត៥០នាទី៕






