សម្ដេចតេជោ ប្រាប់អ្នករាយការណ៍ពិសេស UN «រាជរដ្ឋាភិបាលកម្ពុជា បើកទូលាយឱ្យបញ្ចេញមតិ និងរិះគន់ក្នុងន័យស្ថាបនា តែការអនុវត្តសិទ្ធិត្រូវស្ថិតក្នុងក្របខ័ណ្ឌនៃច្បាប់»
S
Soriya Sou
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងទៅកាន់ លោក លោក ថូម៉ាស អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសថ្មី របស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ថា រាជរដ្ឋាភិបាលបើកទូលាយឱ្យមានការបញ្ចេញមតិ និងការរិះគន់ក្នុងន័យស្ថាបនា…។

សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា សិទ្ធិរស់រានមានជីវិត សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការធានាសិទ្ធិ និងសេរីភាពផ្សេងៗ រួមទាំងសេរីភាពក្នុងការបញ្ចេញមតិ។ សម្ដេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ដូច្នេះថា៖«រាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយឱ្យមានការបញ្ចេញមតិ និងការរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែការអនុវត្តសិទ្ធិទាំងអស់ ត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន»។ សម្ដេចអះអាងបន្ថែម៖«គ្មានប្រទេសណាមួយអាចអនុវត្តវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានល្អឥតខ្ចោះនោះទេ ដោយគ្រប់ប្រទេសសុទ្ធតែមានចំណុចខ្វះខាត ដែលត្រូវបន្តកែលម្អជាបន្តបន្ទាប់»។ សម្ដេចតេជោ មានប្រសាសន៍ប្រាប់ លោក ថូម៉ាស អេនឌ្រូ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសាមគ្គីភាព នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រោយពេលអ្នករាយការណ៍ពិសេស បានលើកឡើងពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស ជាពិសេស ការអនុវត្តសេរីភាពនៃការបញ្ចេញមតិ។

ក្នុងឱកាសដដែល សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីសង្ឃឹមថា បេសកកម្មរបស់លោក ថូម៉ាស អេនឌ្រូ នៅកម្ពុជា នឹងជួយឱ្យមានការយល់ដឹងកាន់តែច្បាស់ពីវឌ្ឍនភាពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ​តាមរយៈការសិក្សាពីស្ថានភាពជាក់ស្តែង។ សម្ដេចសង្ឃឹមទៀតថា អ្នករាយការណ៍ពិសេស នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់វឌ្ឍនភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ លោក ថូម៉ាស អេនឌ្រូ បានចាត់ទុកជំនួបពិភាក្សាជាមួយសម្ដេចតេជោ នាពេលនេះ គឺជាសញ្ញាវិជ្ជមាន ដែលឆ្លុះបញ្ចាំងពីការបើកចំហ និងការផ្ដល់តម្លៃដល់កិច្ចសន្ទនាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។

លោក ក៏បានកោតសរសើរកម្ពុជាថា ជាប្រទេសមួយក្នុងតំបន់ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាច្រើន ហើយពេលនេះ លោកបាននិងកំពុងតាមដានយកចិត្តទុកដាក់ ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។ លោកនឹងចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន ដើម្បីជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង។ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការទទួលស្គាល់របស់អ្នករាយការណ៍ពិសេស ពីសមិទ្ធផលរបស់កម្ពុជា ក្នុងការផ្ដល់សច្ចាប័នសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។ សម្ដេចក៏បានស្វាគមន៍ ចំពោះបំណងរបស់លោក ថូម៉ាស ចុះទៅពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជា ជាក់ស្តែង នៅតំបន់ព្រំដែន និងបានពន្យល់បន្ថែមពីប្រវត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងទទួលរងផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត