
រាជធានីភ្នំពេញ៖ សម្ដេចប្រមុខរដ្ឋស្ដីទី បានក្រើនរំឭកដល់មន្រ្តីរាជការ ចៀសវាងភាពអសកម្មក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងចៀសវាងដាច់ខាត ការគៀបសង្កត់ប្រជាជន។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត-ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង ប្រមាណជិត១ពាន់នាក់នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ...។

ក្នុងឱកាសនោះ សម្តេចតេជោ បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ពិសេស បន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព។ សម្ដេចសង្កត់ធ្ងន់ថា មន្ត្រីទាំងអស់ត្រូវចៀសវាងឱ្យបានភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា៖«មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជនទេ តែជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។ លើសពីនេះ សម្ដេចប្រាប់មន្រ្តីទាំងអស់ ត្រូវចៀសវាងឱ្យបាននូវពាក្យថា «ប្ដីសក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥» ដែលអាចនាំរឿងបង្កបញ្ហាប៉ះពាល់ទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋាន។ ពាក់ព័ន្ធនឹងជម្លោះដីធ្លី ក៏ដូចគ្នា មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេស ការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលម្អៀងខាងភាគីណាមួយឡើយ។

មិនត្រឹមតែប៉ុណ្ណោះ សម្ដេចតេជោ ហ៊ុន សែន បានរំឭកដល់មន្រ្តីទាំងអស់ ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព រួមមាន៖ ការបង្ក្រាបបទល្មើសផ្សេងៗដូចជា៖ ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ល។ ជាងនេះទៅទៀត អាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលីពិការ និងគ្រួសារអតីតយុទ្ធជន។ សម្តេចប្រមុខរដ្ឋស្តីទី អះអាងថា ក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូប សម្តេចយល់ច្បាស់ពីការលំបាកទាំងហ្លាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិ និងទឹកដី។ ក្រៅពីនេះ បញ្ហាថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ក៏ជារឿងសំខាន់ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាថែរក្សាឱ្យគង់វង្ស៕




