អតីតមេទ័ពកំពូលអាម៉េរិក ព្រមានអំពីសកម្មភាពសាងសង់រោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងពន្លឿង
S
Sinuon Nop
•
4 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ថ្វីបើទីតាំងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង ធ្លាប់រងការវាយប្រហារពីយន្ដហោះចម្បាំងបំបាំងកាយយុទ្ធសាស្រ្ដដ៏ទំនើប B-2 ឬបិសាចដែនអាកាស កាលពីអំឡុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្នកំពុងចរចាសន្ដិភាពជាមួយសហរដ្ឋអាម៉េរិកយ៉ាងណាក្ដី ប៉ុន្ដែអតីតមេទ័ពកំពូលសហរដ្ឋអាម៉េរិកម្នាក់ អះអាងថា រដ្ឋាភិបាលរដ្ឋធានីតេហេរ៉ង់ មិនព្រមបោះបង់នូវមហិច្ឆតារបស់ខ្លួនឡើយ ព្រោះអ៊ីរ៉ង់បានកំណត់គោលដៅលើអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងបាល្លិស្ទីក ជាអាទិភាព សម្រាប់ប្រជែងជាមួយនឹងបច្ចាមិត្ត...។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បំពាក់មេដាយឲ្យអតីតមេទ័ព លោក ជេកខ៍ ខេន
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បំពាក់មេដាយឲ្យអតីតមេទ័ព លោក ជេកខ៍ ខេន

សារព័ត៌មានអាម៉េរិក New York Post បានចេញផ្សាយនៅព្រឹកថ្ងៃអង្គារទី២៧ ខែតុលានេះថា ប្រទេសអ៊ីរ៉ង់ កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ដារឡើងវិញនូវទីតាំងនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលបាល្លិស្ទីក (Ballistic Missile Program) របស់ខ្លួន ជាមួយសកម្មភាពសាងសង់នូវរោងចក្រជាច្រើនកន្លែង រួមទាំងមូលដ្ឋានដ៏ល្បីល្បាញ នៅតំបន់ភ្នំត្រសេះ (Pickaxe Mountain) ស្ថិតនៅជិតរដ្ឋធានីតេហេរ៉ង់ ក្នុងន័យអវិជ្ជមាន។ បណ្តាញផ្កាយរណប និងស្ថាប័នស្រាវជ្រាវនយោបាយនានា នៅតែបន្តតាមដាន និងកត់ត្រាសកម្មភាពជាច្រើន ពាក់ព័ន្ធនឹងបណ្តាញនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់។ ជាពិសេស មានការកើនឡើងសកម្មភាពយ៉ាងខ្លាំង នៅឯមូលដ្ឋាន «ភ្នំត្រសេះ» ដែលបានសាងសង់យ៉ាងជ្រៅនៅក្រោមដី ក្នុងជម្រៅប្រហែល៩០ម៉ែត្រ នៅក្បែរទីតាំងនុយក្លេអ៊ែរណាតាន់ហ្ស៍ (Natanz)។

លោក ជេកខ៍ ខេន (Jack Keane) ជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ និងជាអតីតឧត្ដមសេនីយ៍ផ្កាយ៤ ដែលបានកាន់តួនាទីជានាយរងសេនាធិការកងទ័ពសហរដ្ឋអាម៉េរិក ចន្លោះពីឆ្នាំ១៩៩៩ ដល់២០០៣ បានប្រាប់ដល់ទូរទស្សន៍ Fox News ថា ទីតាំងរោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ រួមមាន៖ រោងចក្រណាតាន់ហ្ស៍ (Natanz), រោងចក្រភ្នំត្រសេះ (Pickaxe Mountain) និងរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមហ្វ័រដូ (Fordow)។ ទីតាំងនុយក្លេអ៊ែរទាំងនេះ កំពុងស្ថិតក្នុងសេចក្ដីរាយការណ៍ អំពីការសាងសង់ឡើងវិញ។ ការពន្លឿននូវការសាងសង់រោងចក្រនុយក្លេអ៊ែរទាំងនេះ ជាភស្ដុតាងបង្ហាញយ៉ាងច្បាស់ថា អ៊ីរ៉ង់ នឹងមិនបោះបង់ចោលមហិច្ឆតាអាវុធមហាប្រល័យលោករបស់ខ្លួនឡើយ ថ្វីបើការចរចាសន្ដិភាពជាមួយសហរដ្ឋអាម៉េរិក កំពុងបន្ដយ៉ាងណាក្ដី។

អតីតមេទ័ពផ្កាយ៤រូបនេះ បានបញ្ជាក់ថា៖ ប្រាកដណាស់ អ៊ីរ៉ង់ មិនបោះបង់ចោលអាវុធនុយក្លេអ៊ែរទេ។ អាវុធមហាប្រល័យលោក គឺជាអ្វីដែលរបបទីក្រុងរដ្ឋធានីតេហេរ៉ង់ បានកំណត់គោលដៅជាអាទិភាពរបស់ពួកគេ។ ដូច្នេះ យើងកំពុងប្រឈមមុខនឹងរបបដ៏អាក្រក់មួយនេះ។ ពួកគេ បានប្តេជ្ញាចិត្តឡើងវិញ ចំពោះគោលដៅដដែល តាមអ្វីដែលពួកគេតែងតែមាន គឺការស្តារឡើងវិញនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ បច្ចុប្បន្ន អ៊ីរ៉ង់ ក៏កំពុងតែព្យាយាមពន្លឿននូវកម្មវិធីមីស៊ីលផ្លោងបាល្លិស្ទីក ដោយសារពួកគេដឹងច្បាស់ថា មីស៊ីលទាំងនោះ នឹងក្លាយជាការគំរាមកំហែងដ៏ធំបំផុតមួយ សម្រាប់គូប្រជែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត