កងទ័ពមហាយក្សចិន ប្រឈមមុខដាក់គ្នាជាមួយមហាក្សអាស៊ីខាងត្បូង នៅតាមព្រំដែន
S
Sinuon Nop
•
មួយម៉ោងមុន

រដ្ឋធានីញូវដេលី៖ អគ្គនាយកប៉ូលិសព្រំដែនឥណ្ឌូ-ទីបេត៍ នៃប្រទេសឥណ្ឌា (Indo-Tibetan Border Police) លោក សាទ្រូចេត កាពួរ (Shatrujeet Kapur) ​ថ្លែងថា កងទ័ពឥណ្ឌា និងចិន បានប្រឈមមុខដាក់គ្នា នៅទីតាំងជាច្រើនកន្លែង ស្ថិតក្នុងរដ្ឋអារូណាចាល់ ប្រាដែស (Arunachal Pradesh)...។

នាយករដ្ឋមន្រ្ដីឥណ្ឌា លោក មូឌី និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង
នាយករដ្ឋមន្រ្ដីឥណ្ឌា លោក មូឌី និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង

សារព័ត៌មាន The India Express បានចេញផ្សាយកាលពីថ្ងៃអាទិត្យទី២៥តុលាថា ស្របពេលមានសេចក្ដីរាយការណ៍ អំពីការប្រឈមមុខដាក់គ្នា រវាងកងទ័ពចិន និងឥណ្ឌា នៅក្នុងរដ្ឋ​អារុណាចាល់ ប្រាដេស ​ក្រសួងការបរទេសឥណ្ឌា បានថ្លែងថា ភាពតានតឹងបែបនេះ តែងតែកើតឡើង ខណៈ​កងកម្លាំងចិនផ្លាស់ប្ដូរអំពីទម្រង់ល្បាតដែលបានកំណត់ទុកជាមុន នៅតាមតំបន់ព្រំដែនមួយចំនួន។ ការលើកឡើងបែបនេះ បានធ្វើឡើង បន្ទាប់ពីលោកសាទ្រុជិត្រ កាពូរ (Shatrujeet Kapur) អគ្គនាយក​ប៉ូលិសព្រំដែនឥណ្ឌា-ទីបេត៍ (ITBP) បញ្ជាក់ថា កងទ័ពឥណ្ឌា និងចិន បានប្រឈមមុខដាក់គ្នាជារឿយៗ ខណៈស្ថានភាពនេះ នៅបន្តកើតមាន។

បើ​តាមសេចក្តីរាយការណ៍ជាច្រើន បានឱ្យដឹងថា ​ចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៦ រហូត​មក កងទ័ពរំដោះប្រជាជនចិន (PLA) បានប្រឈមមុខដាក់គ្នា ជាមួយកងកម្លាំងឥណ្ឌា នៅជិតតំបន់ Asaphila (អាសាភីឡា) និងតាក់ស៊ីង (Taksing) ស្ថិតក្នុងស្រុក Upper Subansiri (អាប់ភើរ ស៊ូបានស៊ីរី) នៃរដ្ឋ​អារុណាចាល់ ប្រាដេស ដោយរួមទាំងការបោះតង់នៅក្នុងចម្ងាយ ចន្លោះពី៦ទៅ៧គីឡូម៉ែត្រ ពីចំណុចដែលឥណ្ឌា កំណត់ថា វាជាខ្សែបន្ទាត់ នៃការគ្រប់គ្រងជាក់ស្តែង​ ឬ ឡាក់ (Line of Actual Control ឬ​ LAC)។​

រដ្ឋធានីប៉េកាំង បានហៅតំបន់អារូណាចាល់ ប្រាដេស (Arunachal) ជាហ្សាងណាន (​Zangnan) ឬទីបេត៍ខាងត្បូង ​(South Tibet) និងអះអាងថា វាជាទឹកដីរបស់ចិន។ ប៉ុន្ដែរដ្ឋាភិបាលរដ្ឋធានីញូវដេលី (​New Delhi)​ បានច្រានចោលយ៉ាងដាច់អហង្កា ចំពោះការអះអាងរបស់ចិន លើទឹកដីរដ្ឋ​អារុណាចាល់ ប្រាដេស។ ទន្ទឹមគ្នា ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ជាថ្មីថា រដ្ឋ​អារុណាចាល់ ប្រាដេស គឺជា«ផ្នែកមួយដ៏សំខាន់ និងមិនអាចកាត់ផ្តាច់បានរបស់ប្រទេសឥណ្ឌា​។ ទោះជាយ៉ាងណាក៏ដោយ ការប្រឈមមុខដាក់គ្នា រវាងកងទ័ពចិន និងឥណ្ឌា មិនមានសេចក្ដីរាយការណ៍អំពីគ្រោះថ្នាក់ ដល់កងទ័ព នៃភាគីណាមួយឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត