
ហ្កាហ្សា៖ ការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែលនៅភាគខាងជើងតំបន់ហ្កាហ្សាកាលពីថ្ងៃទី២៩ ខែកញ្ញា បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុមហាម៉ាសម្នាក់ ដែលត្រូវគេស្គាល់ថា ជាមេខ្លោងដឹកនាំរៀបចំផែនការ និងកេណ្ឌទ័ពក្នុងព្រឹត្តិការណ៍វាយប្រហារដ៏ធំកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារលើអគារស្នាក់នៅមួយកន្លែងក្នុងសង្កាត់ណាសើ (Nasr) ទីក្រុងហ្កាហ្សា ដោយបានសម្លាប់លោក អ៊ីស អាល់ឌីន អាល់ប៊េក (Izz al-Din Al-Beik) ដែលជាមេបញ្ជាការជាន់ខ្ពស់ក្រុមហាម៉ាស និងមនុស្សម្នាក់ទៀត។ ក្រុមហាម៉ាស បានចេញមុខប្រកាសទទួលស្គាល់ និងបញ្ជាក់ពីមរណភាពរបស់មេបញ្ជាការរូបនេះ។ នៅថ្ងៃដដែលនេះ ការវាយប្រហារតាមអាកាស២ផ្សេងទៀតនៅជិតគ្លីនិក និងជំរំភៀសខ្លួនក្នុងតំបន់ចាបាលី (Jabalia) បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់៣នាក់បន្ថែមទៀត បានបាត់បង់ជីវិត។ ជាមួយគ្នា អ៊ីស្រាអែលបានបញ្ជាក់ថា បានសម្លាប់សមាជិកហាម៉ាសយ៉ាងហោចណាស់ ២០នាក់ក្នុងខែកញ្ញានេះ ដោយចោទប្រកាន់ថា ក្រុមនេះបានព្យាយាមពង្រឹងកម្លាំង និងបំពានកិច្ចព្រមព្រៀងបទឈប់បាញ់។ ទោះជាយ៉ាងណា ហាម៉ាសបានបដិសេធ និងចោទអ៊ីស្រាអែលវិញថាជា«អ្នកបំផ្លាញសន្តិភាព»។

ស្របពេលជាមួយគ្នានេះ នៅជំរំជនភៀសខ្លួននូសេរ៉ាត់ (Nuseirat) ភាគកណ្តាលតំបន់ហ្កាហ្សា ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ បានរៀបចំពិធីបុណ្យបញ្ចុះអដ្ឋិធាតុជនរងគ្រោះចំនួន៤១នាក់ ដែលត្រូវបានកាយរកឃើញពីក្រោមគំនរថ្មបាក់បែកនៃសង្គ្រាម។ ក្រុមការពារស៊ីវិលហ្កាហ្សា បានបញ្ជាក់ថា មកទល់ពេលនេះ គេបានស្វែងរកឃើញសពប្រមាណ៨០០នាក់អំឡុងពេលបទឈប់បាញ់ ប៉ុន្តែគេប៉ាន់ប្រមាណថាមានសពជាង៨០០០នាក់ផ្សេងទៀត នៅតែកប់ក្រោមគំនរបាក់បែកនៅឡើយ។ ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយអាម៉េរិកក៏ដោយ ប៉ុន្តែការស្តារឡើងវិញនៃដែនដីនេះនៅតែជួបឧបសគ្គ ដោយសារភាគីទាំង២មិនទាន់ព្រមព្រៀងលើលក្ខខណ្ឌដកទ័ព និងការទម្លាក់អាវុធឡើយ។ អាជ្ញាធរប៉ាឡេស្ទើន បង្ហាញរបាយការណ៍ថា ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣ មនុស្សច្រើនជាង៧៤០០០នាក់បានបាត់បង់ជីវិតនៅក្នុងតំបន់ហ្កាហ្សា ខណៈការវាយប្រហារនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ៕




