នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចោទអ៊ីរ៉ង់ចំៗថា ប៉ុនប៉ងធ្វើឃាតកូនប្រុសរបស់លោក
ហៀប ស៊ីថេត
25 សីហា 2026 03:00 PM

រដ្ឋធានីហ្ស៊េរុយសាឡិម(Jerusalem)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហូ (Benjamin Netanyahu) បានចេញមុខចោទប្រកាន់យ៉ាងធ្ងន់ៗថា ប្រទេសអ៊ីរ៉ង់ បានរៀបចំផែនការធ្វើឃាតកូនប្រុសម្នាក់របស់លោក។ ទោះជាយ៉ាងណា លោកមិនបានទម្លាយលម្អិតពីពេលវេលាកើតហេតុ និងអត្តសញ្ញាណកូនប្រុស ដែលជាគោលដៅ ឬកម្រិតប្រឈមគ្រោះថ្នាក់ខ្លាំងប៉ុនណានោះទេ។

ការចេញមុខទម្លាយរឿងដ៏ក្ដៅគគុកនេះ បានកើតឡើង ចំពេលស្ថានការណ៍រវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែលជាសម្ព័ន្ធ ជាមួយអ៊ីរ៉ង់ជាគូបដិបក្ខ ស្ថិតក្នុងកម្រិតស្រួចស្រាល់ខ្លាំងបំផុត ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង កាលពីខែកុម្ភៈ ដែលក្នុងនោះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណី (Ayatollah Ali Khamenei) និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ត្រូវបានសម្លាប់។ លោក នេតាន់យ៉ាហូ ដែលកំពុងប្រឈមមុខនឹងការធ្លាក់ចុះប្រជាប្រិយភាព នៅក្នុងការស្ទង់មតិ មុនពេលការបោះឆ្នោតជាតិដែលនឹងឈានចូលមកដល់នៅថ្ងៃទី២៧ ខែតុលាខាងមុខ បានលើកឡើងពីការប៉ុនប៉ងធ្វើឃាតនេះ ក្នុងបទសម្ភាសន៍តាមទូរសព្ទជាមួយប៉ុស្តិ៍ទូរទស្សន៍ Channel 14។

លោក នេតាន់យ៉ាហូ បានអះអាងថា ៖«ពាក់ព័ន្ធនឹងកូនប្រុសរបស់ខ្ញុំ ខ្ញុំគិតថា វាជារឿងដែលមិនគួរឱ្យជឿសោះ។ អ៊ីរ៉ង់បានតម្រង់គោលដៅលើកូនប្រុសរបស់ខ្ញុំ។ អ៊ីរ៉ង់បានព្យាយាមប៉ុនប៉ងធ្វើឃាតកូនប្រុសខ្ញុំ ដូច្នេះហើយ វិធានការការពារសន្តិសុខនេះ មិនមែនជារឿងហួសហេតុនោះទេ»។ បច្ចុប្បន្ន គេនៅមិនទាន់ច្បាស់ថា លោក នេតាន់យ៉ាហូ សំដៅលើកូនប្រុសរូបណានោះទេ ខណៈកូនប្រុសច្បងរបស់លោក គឺលោក យៀរ (Yair) កំពុងរស់នៅទីក្រុងម៉ៃអាមី(Miami) សហរដ្ឋអាម៉េរិក។ ចំណែកឯបេសកជនអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក មិនទាន់ចេញមុខឆ្លើយតបជុំវិញការចោទប្រកាន់នេះនៅឡើយទេ​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត