សំណាង១ ក្នុង១លានគ្រោះថ្នាក់! ជំនួយការចា.ក់អ្នកបើកយន្តហោះនៅកណ្តាលអាកាស ធ្វើឱ្យយន្តហោះធ្លាក់៤គីឡូម៉ែត្រ ប៉ុន្តែអ្នកដំណើរ និងបុគ្គលិករារាំងទាន់ពេល
ហៀប ស៊ីថេត
•
2 ថ្ងៃមុន

ហ្សេរ៊ុយសាឡឹម-ឌូបៃ៖ មន្ត្រីអ៊ីស្រាអែល បានបានអះអាងថា អ្នកដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុន Flydubai (ហ្វ្លាយឌូបៃ) បានធ្វើដំណើរទៅដល់ប្រទេសអ៊ីស្រាអែលដោយសុវត្ថិភាព បន្ទាប់ពីអ្នកដំណើរ និងបុគ្គលិកបម្រើការយន្តហោះ បានរួមគ្នារារាំងជំនួយការអ្នកបើកម្នាក់​ ដែលត្រូវសង្ស័យថា ប៉ុនប៉ងធ្វើភេរវកម្មទម្លាក់យន្តហោះ។ ហេតុការណ៍ដ៏រន្ធត់នេះ បានចាប់ផ្តើមឡើងនៅពេលដែលជំនួយការនោះ បានចាក់អ្នកបើកយន្តហោះ (Pilot) និងបានធ្វើឱ្យយន្តហោះធ្លាក់ចុះ៤គីឡូម៉ែត្រ ក្នុងរយៈពេលក្រោម៣០វិនាទី។

អ្នកដំណើរ និងក្រុមបុគ្គលិកបម្រើការលើអាកាស បានសម្រុកចូលទៅក្នុងបន្ទប់បើកបរ រួចព្រួតគ្នាចាប់ និងរារាំងជំនួយការរូបនោះ និងបានអនុញ្ញាតឱ្យអ្នកបើកបម្រុង២នាក់ទៀត ដែលជិះនៅលើជើងហោះហើរនោះ ប្រញាប់ចូលបើកជំនួស និងបានចុះចតដោយសុវត្ថិភាពនៅទីក្រុងតាប៊ុក (Tabuk) ប្រទេសអារ៉ាប៊ីសាអូឌីត។ ជាង១០ម៉ោងក្រោយមក អ្នកដំណើរ បានធ្វើដំណើរបន្តទៅដល់អាកាសយានដ្ឋានប៊ែនហ្គូរៀន (Ben Gurion) ក្នុងទីក្រុងតែលអាវីហ្វ (Tel Aviv) របស់អ៊ីស្រាអែល តាមជើងយន្តហោះជំនួសរបស់ក្រុមហ៊ុន Flydubai ដដែល ដោយអ្នកដំណើរជាច្រើន បានរៀបរាប់អំពីការខិតខំប្រឹងប្រែងយ៉ាងប្រញាប់ប្រញាល់ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយលើអាកាសនេះ។ ជុំវិញរឿងរ៉ាវដ៏រន្ធត់នេះ មន្ត្រីអ៊ីស្រាអែល បានលើកឡើងថា មូលហេតុ និងចេតនារបស់ជនបង្កនៅលើជើងហោះហើរ ពីឌូបៃទៅតែលអាវីហ្វ នៅតែស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ព្រឹត្តិការណ៍នេះ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខអាកាសចរណ៍សកលនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារជម្លោះជាច្រើនឆ្នាំ ដែលធ្វើឱ្យអ៊ីស្រាអែល រឹតបន្តឹងកាន់តែខ្លាំងលើការត្រួតពិនិត្យលើអ្នកបើកយន្តហោះដែលហោះហើរចូលមកកាន់ប្រទេសរបស់ខ្លួន។  

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអះអាងថា អាជ្ញាធរអារ៉ាប៊ីសាអូឌីត នឹងសាកសួរជំនួយការអ្នកបើកយន្តហោះរូបនោះ។ ក្រុមហ៊ុន Flydubai បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលហេតុស៊ីជម្រៅនៃព្រឹត្តិការណ៍នេះ នៅតែមិនទាន់ដឹងនៅឡើយ និងបានព្រមានប្រឆាំងនឹងការសន្និដ្ឋានមុនពេលកំណត់។ ជាមួយគ្នា មន្ត្រីអ៊ីស្រាអែលម្នាក់ បានអះអាងថា ជំនួយការអ្នកបើករូបនោះ គឺជាជនជាតិអូម៉ង់ ប៉ុន្តែមិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីប្រទេសអូម៉ង់នោះទេ។ អ្នកបើកយន្តហោះដែលរងរបួស មានឈ្មោះ ស្មីត ម៉ាច់ឆារ (Smit Machchhar) ជាជនជាតិឥណ្ឌា បានដេកដួលស្រោចដោយឈាម ប៉ុន្តែរូបគេនៅតែអាចចុចប៊ូតុងបើកទ្វារបន្ទប់ក្បាលយន្តហោះ ឬកាប៊ីនយន្តហោះ ដើម្បីឱ្យអ្នកដំណើរ និងក្រុមបម្រើការងារ អាចចូលទៅក្រសោបចាប់ជំនួយការជាជនដៃដល់ ហើយអនុញ្ញាតឱ្យអ្នកបើកបម្រុង អាចបើកយន្តហោះចុះចតដោយសុវត្ថិភាព។ មិនត្រឹមតែជាអ្នកបើកទេ លោក ម៉ាច់ឆារ ក៏ជាប្រធានក្រុមអ្នកបើកលើយន្តហោះដែលជួបហេតុការណ៍នេះដែរ។  

ជុំវិញហេតុការណ៍នេះ មេដឹកនាំអ៊ីស្រាអែល និងឥណ្ឌា បានកោតសរសើរដល់អ្នកបើកបរយន្តហោះសញ្ជាតិឥណ្ឌារូបនោះថាជា «វីរបុរស» ក្នុងការសង្គ្រោះជីវិតអ្នកដំណើរ។ លោក នេតាន់យ៉ាហ៊ូ បានសរសេរនៅលើបណ្តាញសង្គម X ថា៖«លោក[ម៉ាច់ឆារ]បានសង្គ្រោះជីវិតមនុស្ស១៧៤នាក់ រួមទាំងពលរដ្ឋអ៊ីស្រាអែល និងជនជាតិនានាផងដែរ»។ ចំណែកឯ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ក៏បានកោតសរសើរលោក ម៉ាច់ឆារ ដោយអះអាងថា៖«ចំពោះមុខគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុត និងទោះបីជាទទួលរងរបួសក៏ដោយ លោកបានបង្ហាញពីភាពក្លាហានយ៉ាងអស្ចារ្យ ដើម្បីការពារជីវិតអ្នកដទៃ។ ភាពក្លាហានរបស់លោកបានជួយសង្គ្រោះជីវិតមនុស្សរាប់រយនាក់ និងជៀសវាងនូវមហន្តរាយដ៏ធំធេង»។ យោងតាមប្រភពព័ត៌មាន លោក ម៉ាច់ឆារ មានស្រុកកំណើតនៅទីក្រុងមុំបៃ ប្រទេសឥណ្ឌា ហើយធ្លាប់ធ្វើការឱ្យក្រុមហ៊ុនអាកាសចរណ៍ SpiceJet (ស្បាយចេត) របស់ឥណ្ឌាអស់រយៈពេលជាង១១ឆ្នាំ មុនពេលចូលរួមជាមួយក្រុមហ៊ុន Flydubai។ បច្ចុប្បន្ន ក្រុមហ៊ុន Flydubai បានផ្អាកជើងហោះហើរទៅមកប្រទេសអ៊ីស្រាអែលជាបណ្តោះអាសន្ន ខណៈការស៊ើបអង្កេតកំពុងបន្ត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត