មេដឹកនាំកំពូលអ៊ីរ៉ង់ ដាស់តឿនពិភពអ៊ិស្លាមឱ្យស្គាល់ «សត្រូវពិតប្រាកដ» គឺអាម៉េរិក និងអ៊ីស្រាអែល
N
Nary Vann
19 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ លោក មុចតាបា ខាមេណី (Mojtaba Khamenei) បានចេញមុខអំពាវនាវដល់មេដឹកនាំនៃបណ្តាប្រទេសកាន់សាសនាអ៊ិស្លាមទាំងអស់ ឱ្យស្គាល់ច្បាស់ពី «សត្រូវពិតប្រាកដ» របស់ខ្លួន ដោយបានចាត់ទុក សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ថា ជាសត្រូវស៊ីសាច់ហុតឈាម ដែលបាននិងកំពុងបំផ្លាញប្លុកអ៊ិស្លាម។ នេះបើយោងតាមការរាយការណ៍របស់ទូរទស្សន៍រដ្ឋ IRIB នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ។

លោក មុចតាបា ខាមេណី
លោក មុចតាបា ខាមេណី

លោក ខាមេណី បានសង្កត់ធ្ងន់ថា៖«ការណែនាំយ៉ាងម៉ឺងម៉ាត់របស់ខ្ញុំ ទៅកាន់មេដឹកនាំប្រទេសអ៊ិស្លាម ជាពិសេសនៅតំបន់អាស៊ីខាងលិច និងឈូងសមុទ្ទ គឺត្រូវស្គាល់សត្រូវពិតប្រាកដរបស់អ្នក យល់ពីផែនការរបស់ពួកគេ និងរួមគ្នាតតាំងប្រឆាំងវិញ»។ លោកបានបន្ថែមថា សាមគ្គីភាពក្នុងចំណោមប្រជាជនអ៊ិស្លាម គឺជាកត្តាចាំបាច់បំផុតដើម្បីបង្កើតអារ្យធម៌អ៊ិស្លាមដ៏ឧត្តុង្គឧត្តម។ មេដឹកនាំកំពូលរូបនេះ បានអះអាងថា រដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីតេអាវីវ មិនត្រឹមតែជាសត្រូវរបស់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាសត្រូវរបស់ពិភពអ៊ិស្លាមទាំងមូល។  

ការចេញមុខថ្លែងសារដ៏តឹងរ៉ឹងនេះ កើតឡើងបន្ទាប់ពីកម្តៅយោធានៅតំបន់មជ្ឈិមបូព៌ាបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហាររួមគ្នលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។ ទោះបីជាភាគីទាំងពីរធ្លាប់បានព្រមព្រៀងលើបទឈប់បាញ់ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីខែមិថុនាក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងនេះ បានដួលរលំទៅវិញកាលពីខែមុន បណ្ដាលឱ្យមានការបាញ់បោះតបតគ្នារយៈពេលជិតពីរសប្តាហ៍ មុនពេលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសផ្អាកការទម្លាក់គ្រាប់បែកជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវឱ្យមានការចរចាឡើងវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត