
រាជធានីភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ក្នុងវិស័យ SME សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រគល់ភារកិច្ចជូនលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដោះស្រាយដាក់ចេញវិធានការបន្ទាន់បន្ថែមទៀត។ យ៉ាងណា សម្ដេចប្រមុខរាជរដ្ឋាភិបាល ប្រកាសស្វាគម៍រាល់មតិយោបល់របស់ប្រជាពលរដ្ឋ ជុំវិញបញ្ហាប្រឈមនានាក្នុងវិស័យនេះ...។

តាមរយៈការបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចធិបតីមានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យម (SME) គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ដើម្បីជំរុញ និងលើកស្ទួយការអភិវឌ្ឍវិស័យ SME ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវវិធានបន្ថែមជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត ក៏ដូចជាជួយសម្រួលដល់ការបង្កើត និងដំណើរការរបស់SME។ សម្ដេចសង្កត់ធ្ងន់ថា៖«យ៉ាងណាក៏ដោយ ទន្ទឹមនឹងសមិទ្ធផលវិជ្ជមានជាច្រើនដែលសម្រេចបាននាពេលកន្លងមក យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយដើម្បីពង្រឹងវិស័យ SME ឱ្យកាន់តែរឹងមាំ»។

សម្ដេចគូសបញ្ជាក់បន្ថែមថា ក្នុងដំណាក់កាលបច្ចុប្បន្នដែលកម្ពុជាត្រូវការជំរុញការផលិតផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនដើម្បីជំនួសឱ្យការនាំចូល តួនាទីរបស់ SME គឺកាន់តែមានសារសំខាន់។ «ក្នុងគោលដៅនេះ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក្នុងនាមជាប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ច ដឹកនាំ រៀបចំ គិតគូរ អំពីការដាក់ចេញវិធានការចាំបាច់ និងជាបន្ទាន់មួយចំនួនបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាជំរុញ លើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម (SME)»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា ការរៀបចំ និងដាក់ចេញនូវគោលនយោបាយក៏ដូចជាវិធានការនីមួយៗនាពេលកន្លងមក រាជរដ្ឋាភិបាលតែងតែសិក្សាលម្អិត ក៏ដូចជាពិភាក្សាជាមួយតំណាង SME វិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលយកធ្វើជាមូលដ្ឋាន។ «ក្នុងន័យនេះ ខ្ញុំសូមស្វាគមន៍មតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អ្នកដែលប្រកបរបរក្នុងវិស័យ SME ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក៏ដូចជាក្នុងការដោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលសហគ្រាសធុនតូច ឬមធ្យមកំពុងជួបប្រទះ»។ សម្ដេចធិបតី ចាត់ទុកមតិយោបល់របស់ប្រជាពលរដ្ឋ គឺជាធាតុចូលបន្ថែមយ៉ាងសំខាន់ សម្រាប់រាជរដ្ឋាភិបាលធ្វើជាមូលដ្ឋានសម្រាប់ការដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយបញ្ហាសម្រាប់ SME ឱ្យកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ៕



