អស់ពីលួចវប្បធម៌អរិយធម៌ទឹកដីដូនតាខ្មែរ ថៃចាប់ផ្ដើមលួចឈុតរាជវាំងភូមា អុជអាលស្អប់ខ្ពើមម្ចាស់ដើម
S
Sinuon Nop
•
3 ម៉ោងមុន

រាជធានីបាងកក៖ ជនជាតិសៀម ក្រោយមកប្ដូរឈ្មោះជាជនជាតិថៃ ឬប្រទេសថៃ ក្នុងអំឡុងឆ្នាំ១៩៣៩ មានប្រវត្ដិសាស្ត្រពីការលួចប្លន់ទឹកដីរបស់ចក្រភពខ្មែរ ទៅបង្កើតនគររបស់ខ្លួន ហើយលួចទាំងអក្សរសាស្ត្រ ភាសា វប្បធម៌ និងអរិយធម៌ខ្មែរទៅធ្វើជារបស់ខ្លួន ខណៈឥឡូវភាពយន្ដថៃមួយ បានលួចឈុតសម្លៀកបំពាក់ នៃរាជវាំងរបស់នគរហង្សាវតី បច្ចុប្បន្ន ជាប្រទេសភូមា ឬមីយ៉ាន់ម៉ា ខណៈសកម្មភាពបែបនេះ អាចហុចឱកាសដល់ក្រុមជ្រុលនិយម អុជអាលឱ្យស្អប់ខ្ពើមពលករ មកពីភូមាថែមទៀតផង។

អ្នកជំនាញបញ្ហាភូមា លោកស្រី ឡាលីតា ហានវ៉ង់
អ្នកជំនាញបញ្ហាភូមា លោកស្រី ឡាលីតា ហានវ៉ង់

សារព័ត៌មានថៃ ខាវសដ បានចេញផ្សាយ កាលពីរសៀលថ្ងៃអាទិត្យទី២៥ ខែតុលាថា អ្នកជំនាញកិច្ចការភូមា បានព្រមានថា ការខឹងសម្បាដែលកំពុងផ្ទុះឡើង បាននិងកំពុងរីករាលដាលយ៉ាងខ្លាំង ជុំវិញរឿងភាពយន្ដ«Scarlet Heart Thailand» ផលិតដោយក្រុមហ៊ុនថៃ GMMTV ដែលត្រូវបានគេមើលឃើញថា បានលួចចម្លងឈុតសម្លៀកបំពាក់រាជវាំង នៃប្រទេសភូមា យកទៅប្រើប្រាស់។ លើសពីនេះ ក្រុមអ្នកជាតិនិយម ទាំងនៅប្រទេសថៃ និងភូមា កំពុងឆក់ឱកាស លើកយកបញ្ហានេះទៅប្រើប្រាស់ ដែលនឹងជះឥទ្ធិពលដ៏អាក្រក់ ដល់ទំនាក់ទំនងរវាងប្រជាជន នៃប្រទេសទាំង២។

លោកស្រី ឡាលីតា ហានវ៉ង់ (Lalita Harnwong) អ្នកជំនាញ និងជា សាស្ត្រាចារ្យរង នៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម នៃសាកលវិទ្យាល័យកាសេតសាត (Kasetsart) ស្ថិតនៅរាជធានីបាងកក ប្រទេសថៃ បានលើកឡើងថា ក្រុមអ្នកជាតិនិយមថៃ កំពុងឆ្លៀតប្រើប្រាស់ជម្លោះចុងក្រោយនេះ ដើម្បីផ្សព្វផ្សាយវោហារសាស្ត្រ ជាមួយនឹងការលើកឡើងថា ពលករ មកពីប្រទេសភូមា កំពុង«ដណ្តើមការងាររបស់ប្រជាជនថៃ»។ ស្របគ្នានេះដែរ នៅឯប្រទេសភូមាឯណោះវិញ របបគ្រប់គ្រងយោធាបច្ចុប្បន្ន កំពុងចង់ឱ្យបុរសវ័យក្មេងជាច្រើន ដែលបានរត់ភៀសខ្លួន ចេញពីសង្គ្រាម និងការកេណ្ឌចូលកងទ័ពនោះ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។

លោកស្រី សាស្ត្រាចារ្យរងរូបនេះ បញ្ជាក់ថា បច្ចុប្បន្ន ពលករមកពីប្រទេសភូមា មានចំនួនចន្លោះពី៦លានទៅ៧លាននាក់ កំពុងបម្រើការងារនៅក្នុងប្រទេសថៃ។ ទន្ទឹមគ្នា ក្រុមអ្នកជាតិនិយមថៃ កំពុងប្រើប្រាស់បញ្ហានេះ ធ្វើឱ្យជនជាតិថៃ ស្អប់ខ្ពើមប្រជាជនភូមា។ ពលករភូមា មានសិទ្ធិខឹងសម្បា ប៉ុន្តែពួកគេ គួរតែប្រុងប្រយ័ត្នផងដែរ កុំឱ្យបញ្ហានេះ ត្រូវគេយកទៅកេងចំណេញ ឬប្រើប្រាស់នៅក្នុងផ្លូវខុស ដោយភាគីណាមួយ ដែលមានចេតនាអាក្រក់ ទាំងមកពីភូមា និងថៃ។

 លោកស្រី សាស្ត្រាចារ្យរង ក៏បានជំរុញឱ្យក្រុមហ៊ុនថៃ GMMTV ចេញសេចក្តីថ្លែងការណ៍មួយទៀត ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់បំផុតថា ខ្លួនមិនមានចេតនាយកឈុតសម្លៀកបំពាក់ និងវប្បធម៌របស់ភូមា មកធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះទេ។ បញ្ហាទាំងនេះ អាចកាត់បន្ថយភាពតានតឹង «ឱ្យបានឆាប់បំផុតតាមអ្វីដែលអាចធ្វើទៅបាន»។ ប៉ុន្ដែទៅអនាគត គួរតែមានការផ្ដល់ការទទួលស្គាល់ឱ្យបានត្រឹមត្រូវផងដែរ។

ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ សំបុត្រសម្រាប់ព្រឹត្តិការណ៍សម្ពោធរឿង «Scarlet Heart Thailand» បានលក់អស់ ក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ ព្រឹត្តិការណ៍នេះ នឹងប្រារព្ធឡើង នៅថ្ងៃទី៤ ខែវិច្ឆិកា នៅ Union Hall ស្ថិតក្នុងផ្សារទំនើប Union Mall រាជធានីបាងកក ដោយមានការចាក់បញ្ចាំងភាគដំបូង រួមជាមួយវត្តមានរបស់តួសម្ដែង និងអ្នកដឹកនាំរឿង ព្រមទាំងការសម្ដែងពិសេសៗ ពីតួសម្ដែងទាំងនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត