ឥទ្ធិពលព្យុះសង្ឃរា«ចម្ពី» បោកបក់កៀកកោះតៃវ៉ាន់ បង្កការរំខានដល់សមយុទ្ធយោធាអាម៉េរិក-ជប៉ុន
ហៀប ស៊ីថេត
•
មួយម៉ោងមុន

តៃប៉ិ-តូក្យូ៖ កោះតៃវ៉ាន់ បានចេញសេចក្តីព្រមានអំពីគ្រោះមហន្តរាយនៅថ្ងៃព្រហស្បតិ៍ទី២២ ខែតុលានេះ ខណៈពេលដែលព្យុះសង្ឃរាដ៏កំណាច មានឈ្មោះចម្ពី Champi បានបោកបក់កាន់តែកៀកដល់ដែនកោះមួយនេះ បង្កឱ្យមានការលុបចោលជើងហោះហើរជាង២០០ជើង នៅក្នុងតំបន់ និងបង្ខំឱ្យមានការកែប្រែផែនការសមយុទ្ធយោធាទ្រង់ទ្រាយធំ​ រវាងយោធាសហរដ្ឋអាម៉េរិក និងជប៉ុនផងដែរ...។

យោងតាមរដ្ឋបាលអាកាសធាតុរបស់កោះតៃវ៉ាន់ (CWA) ព្យុះ ចម្ពី ធ្លាប់ជាមហាព្យុះសង្ឃរា និងជាព្យុះមួយក្នុងចំណោមព្យុះ ដែលខ្លាំងបំផុតនៅមហាសមុទ្ទប៉ាស៊ីហ្វិក ក្នុងឆ្នាំនេះ។ យ៉ាងណា វាបានថយចុះកម្លាំងបន្តិចនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែវានៅតែមានកម្លាំងខ្យល់បក់បោកខ្លាំងជាង២២៧គីឡូម៉ែត្រក្នុងមួយម៉ោង។ CWA បានរាយការណ៍ថា ព្យុះនេះ ស្ថិតនៅចម្ងាយប្រមាណ៥២០គីឡូម៉ែត្រភាគអាគ្នេយ៍នៃចុងខាងត្បូងកោះតៃវ៉ាន់។ ជាផ្លូវធ្វើដំណើររបស់ព្យុះ បង្ហាញថា វានឹងឆ្លងកាត់ភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ រួចបត់បោលទៅទិសខាងជើងឆ្ពោះទៅឆ្នេរសមុទ្ទចិន និងចុងក្រោយផ្លាស់ទីចូលទៅភាគខាងត្បូងប្រទេសជប៉ុន។ CWA បញ្ជាក់ថា កាំរង្វង់នៃព្យុះនេះ បានពង្រីកបន្តិចម្ដងៗរហូតដល់៣២០គីឡូម៉ែត្រ ធំល្មមនឹងគ្របដណ្ដប់លើផ្ទៃដីភាគច្រើននៃកោះតៃវ៉ាន់ ខណៈអ្នកជំនាញអាកាសធាតុ អះអាងថា ផលប៉ះពាល់របស់វាអាចអូសបន្លាយពេលជិត២ថ្ងៃ។

ទីក្រុងនៅតាមឆ្នេរសមុទ្ទ បានទទួលសារព្រមានតាមទូរសព្ទដៃ អំពីទឹករលកដែលមានកម្ពស់លើសពី៦ម៉ែត្រ ខណៈកម្រិតទឹកភ្លៀងជិត១ម៉ែត្រ ត្រូវបានព្យាករថា នឹងធ្លាក់នៅតំបន់ភ្នំភាគខាងជើង រួមទាំងតំបន់ភ្នំនៅជិតក្រុងតៃប៉ិផងដែរ។ ជុំវិញរឿងរ៉ាវនេះ លោកប្រធានាធិបតីតៃវ៉ាន់ ឡៃ ឈីងតេ (Lai Ching-te) បានអំពាវនាវឱ្យសាធារណជនរៀបចំខ្លួនជាស្រេច ចាប់ពីពេលជូនដំណឹងរបស់អាជ្ញាធរ សម្រាប់ព្យុះសង្ឃរាដ៏កំណាចមួយនេះ ហើយចៀសវាងការធ្វើដំណើរទៅកាន់តំបន់ភ្នំ ឬឆ្នេរសមុទ្ទ។ លោកបានសរសេរនៅលើគេហទំព័រហ្វេសប៊ុករបស់លោកថា៖«ការរៀបចំខ្លួនឱ្យបានច្រើនបន្តិច មានន័យថា កាត់បន្ថយហានិភ័យបានច្រើន»។ ក្រសួងដឹកជញ្ជូនតៃវ៉ាន់ បានឱ្យដឹងថា ជើងហោះហើរចំនួន១២៥ ត្រូវបានលុបចោលនៅថ្ងៃព្រហស្បតិ៍នេះ ភាគច្រើនជាជើងហោះហើរក្នុងស្រុក។ ក្រសួងដដែលបានលម្អិតបន្ថែមថា មិនទាន់មានរបាយការណ៍អំពីការជម្លៀសប្រជាជននៅឡើយទេ។ តាមពិតទៅ កោះតៃវ៉ាន់ តែងរៀបចំខ្លួនបានយ៉ាងល្អប្រសើរសម្រាប់ទប់ទល់នឹងព្យុះកំណាចៗ ធ្វើឱ្យចំនួនអ្នករងគ្រោះមានកម្រិតទាប។

លោក ឡៃ ឈីងតេ (កណ្តាល) 
លោក ឡៃ ឈីងតេ (កណ្តាល) 

ព្យុះសង្ឃរា ចម្ពី ក៏ត្រូវបានព្យាករថា នឹងបក់បោកឆ្លងកាត់កោះយ៉ូណាហ្គូនី (Yonaguni) ជាកោះមានប្រជាជនរស់នៅ ស្ថិតនៅខាងលិចបំផុតនៃប្រទេសជប៉ុន ក្នុងខេត្តអូគីណាវ៉ា (Okinawa)។ ក្រុមហ៊ុនអាកាសចរណ៍ធំៗក្នុងប្រទេសជប៉ុន ដូចជា៖ Japan Airlines, ANA និង Skymark បានលុបចោលជើងហោះហើរជាង ១០០ជើង ភាគច្រើនជាជើងហោះហើរក្នុងស្រុក ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ ដោយបានបង្កការរំខានដល់ការធ្វើដំណើរជាង១១០០០នាក់។ ព្យុះដែលកំពុងខិតជិតមកដល់នេះ ក៏បានរំខានដល់សមយុទ្ធយោធាធំមួយឈ្មោះថា «Keen Sword» ដែលកំពុងប្រព្រឹត្តទៅជុំវិញកោះជប៉ុន នៅជិតកោះតៃវ៉ាន់ផងដែរ។

សមយុទ្ធដែលធ្វើឡើងរៀងរាល់២ឆ្នាំម្ដងនេះ មានគោលបំណងហាត់សមលើការការពារជាតិជប៉ុន តាមរយៈប្រតិបត្តិការសម្របសម្រួលលើគោក ផ្លូវទឹក និងផ្លូវអាកាស រួមទាំងការហ្វឹកហ្វឺនការពារមីស៊ីល និងការលោតឆ័ត្រយោង​ លើគោក និងលើទឹក។ វាបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដោយមានការចូលរួមពីបុគ្គលិកយោធាជប៉ុន និងសហរដ្ឋអាម៉េរិកប្រមាណ៥៦០០០នាក់ ព្រមទាំងកងកម្លាំងមកពីប្រទេសចំនួន៥ផ្សេងទៀត រួមមាន៖ ហ្វីលីពីន និងអូស្ត្រាលីជាដើម។ កងទ័ពសហរដ្ឋអាម៉េរិក ថ្លែងថា៖«សកម្មភាពហ្វឹកហ្វឺន កំពុងត្រូវបានកែសម្រួលកាលវិភាគ ដើម្បីធានាសុវត្ថិភាពរបស់អ្នកចូលរួមទាំងអស់»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត