
រដ្ឋធានីសេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃអង្គារទី២០ ខែតុលាថា រដ្ឋធានីសេអ៊ូល នឹងដកមន្ត្រីទូតមួយចំនួនចេញពីស្ថានទូតរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ខណៈជម្លោះការទូតរវាងប្រទេសទាំង២កាន់តែក្ដៅទៅៗ ជុំវិញការទម្លាយព័ត៌មានអំពីការផ្ទេរអ្នកទោសសង្គ្រាម (POW) កូរ៉េខាងជើង មកកាន់រដ្ឋធានីសេអ៊ូល។

ការប្រកាសនេះ ធ្វើឡើងជាងមួយសប្តាហ៍ បន្ទាប់ពីអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំអ៊ុយក្រែន ត្រូវបានកោះហៅត្រឡប់ទៅប្រទេសវិញ ក្រោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ទម្លាយព័ត៌មានជាសាធារណៈអំពីការផ្ទេរអ្នកទោសសង្គ្រាមកាលពីខែមុន ដែលភាគីរដ្ឋធានីសេអ៊ូល អះអាងថា នេះជាទង្វើក្បត់ការសន្យា រក្សាការសម្ងាត់ ដែលអាចធ្វើឱ្យគ្រួសាររបស់អ្នកទោសទាំងនោះនៅកូរ៉េខាងជើង ធ្លាក់ក្នុងគ្រោះថ្នាក់។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក ផាក ឌូស៊ូន (Park Doo-soon) បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារទី២០ ខែតុលា ថា៖«ការកោះហៅអគ្គរដ្ឋទូតត្រឡប់មកវិញ មិនទទួលបានការឆ្លើយតបជាវិជ្ជមានណាមួយ ពីភាគីអ៊ុយក្រែនឡើយ»។ លោកបន្ថែមថា៖«ដោយសារការគំរាមកំហែងនៃការវាយប្រហារតាមអាកាសនៅតែបន្តកើតមាននៅទូទាំងប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យការធានាសុវត្ថិភាពបុគ្គលិកមានផលលំបាក រដ្ឋាភិបាលបានសម្រេចចិត្តដកមន្ត្រីការទូតមួយ ចំនួនចេញពីបេសកកម្ម»៕





