ប្រតិភូវៀតណាម វាយតម្លៃខ្ពស់ លទ្ធផលកម្ពុជាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អុន សម្ផស្ស
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ ប្រតិភូក្រសួងនគរបាលវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀង វ៉ាន់ឡុង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានចូលជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នារាជធានីភ្នំពេញ..។ 

ក្នុងជំនួបនេះ ភាគីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់កម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam) និងបានថ្លែងអំណរគុណដល់សមត្ថកិច្ចកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្លាំងអនុវត្តច្បាប់វៀតណាម។ តាមការលើកឡើងក្នុងជំនួប ភាគីទាំងពីរបានសហការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន៤ករណី និងបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំចំនួន៥ករណី។ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀង វ៉ាន់ឡុង ស្នើកម្ពុជាបន្តពង្រឹងការផ្លាស់ប្ដូរព័ត៌មាន និងសហការស្រាវជ្រាវចាប់ខ្លួនមុខសញ្ញាប្រព្រឹត្តបទល្មើសដែលឆ្លងដែនគេចខ្លួនទៅវិញទៅមក ព្រមទាំងស្នើឱ្យកម្ពុជា បន្តការពារប្រជាពលរដ្ឋវៀតណាម ដែលរស់នៅ ធ្វើអាជីវកម្ម វិនិយោគ និងទេសចរណ៍នៅកម្ពុជា។  

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងអំណរគុណចំពោះប្រតិភូវៀតណាម ដែលបានចំណាយពេលវេលាមកចូលរួម និងផ្តល់សារសំខាន់ ចំពោះ វេទិកាអន្តរជាតិនៃសន្និសីទស្តីពីការប្រយុទ្ធប្រឆាំងបទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជារៀបចំឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា។ លោករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ជាពិសេស ការផ្លាស់ប្ដូរព័ត៌មានរហូតឈានទៅបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមទីតាំងកាស៊ីណូមួយចំនួននៅខេត្តជាប់ព្រំដែន ព្រមទាំងការផ្ដល់ព័ត៌មានទៅវិញទៅមក ពាក់ព័ន្ធនឹងប្រជាពលរដ្ឋមានការពាក់ព័ន្ធនឹងបទល្មើសទាំងនេះ។

ទន្ទឹមគ្នានេះ លោកស្នើឱ្យភាគីវៀតណាមបន្តពង្រឹងសន្តិសុខ និងការអនុវត្តច្បាប់តាមព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងកាត់ខុសច្បាប់របស់មនុស្ស ទំនិញ និងសម្ភារហាមឃាត់ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។ បន្ថែមលើនោះ កម្ពុជាក៏បានស្នើសុំការគាំទ្រពីវៀតណាម លើការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅខេត្តជាប់ព្រំដែន និងការបណ្ដុះបណ្ដាលកងកម្លាំងកម្ពុជាផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត