
រដ្ឋធានីយ៉េរូសាឡឹម៖ នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអះអាងថា អ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត អាចនឹងព្យាយាមរំខានដល់ការបោះឆ្នោតរបស់អ៊ីស្រាអែល ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារទី២៧ ខែតុលាស្អែកនេះ ជាមួយនឹងការព្រមានទៅកាន់រដ្ឋធានីតេហេរ៉ង់ ប្រឆាំងនឹងអរិភាពណាមួយកើតឡើង។

បណ្ដាញទូរទស្សន៍របស់អារ៉ាប៊ីសាអូឌីត Al Arabiya News បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទទី២៦ ខែតុលានេះថា លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ កំពុងឃោសនាយ៉ាងខ្លាំងក្លា ដោយផ្តោតលើសមត្ថភាពរបស់ខ្លួន នៅក្នុងវិស័យសន្តិសុខ ជាមួយនឹងការលើកឡើងអំពីសង្គ្រាមដែលលោកបានធ្វើ ប្រឆាំងនឹងអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈរហូតមក ដោយបានធ្វើកិច្ចសហការជាមួយសហរដ្ឋអាម៉េរិក។ បន្ថែមលើនេះ លោកនាយករដ្ឋមន្រ្ដី បានអួតអាងថា មានតែរូបលោកប៉ុណ្ណោះ ទើបអាចដឹកនាំសង្គ្រាមនេះ រហូតដល់ទីបញ្ចប់។

លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូមួយ ផ្សាយចេញពីការិយាល័យរបស់លោក កាលពីថ្ងៃអាទិត្យថា៖យើងមានសញ្ញាចារកម្ម បង្ហាញថា សត្រូវរបស់យើង គឺអ៊ីរ៉ង់ និងអ្នកតំណាងរបស់គេ អាចនឹងប្រជែងជាមួយនឹងយើង ដោយការវាយប្រហារ ដើម្បីរំខានដល់ការបោះឆ្នោត នៅក្នុងប្រទេសអ៊ីស្រាអែល។ ចូរកុំចង់សាកល្បងជាមួយនឹងយើងឱ្យសោះ អ្នកនឹងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើសពីការរំពឹងទុក ហើយកងទ័ពរបស់យើង បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ទាំងប្រតិបត្តិការការពារ និងប្រតិបត្តិការវាយលុក៕





