ចាប់ខ្លួនបុរសម្នាក់យកសាំងដុតប្រពន្ធទាំងរស់ សង្ស័យសង្គ្រាមស្នេហាត្រីកោណ
ហាក់ អ៊ីឌី
•
5 ម៉ោងមុន

ក្រុងបាត់ដំបង៖ ករណីអំពើហិង្សាក្នុងគ្រួសារយ៉ាងសាហាវឃោរឃៅមួយ ផ្តើមចេញពីភ្លើងប្រច័ណ្ឌ និងដោយសង្ស័យថា ប្រពន្ធមានជនទី៣ ជ្រៀតជ្រែក ទើបបុរសជាប្ដីយកសាំងចាក់ស្រោចលើប្រពន្ធដុតសម្លាប់ តែមិនស្លាប់ ត្រឹមរងរបួសធ្ងន់ធ្ងរត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ...។

ហេតុកាណ៍នេះ កើតឡើងនៅចំណុចក្រុមទី០៩ ភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ យោងតាមរបាយការណ៍ពីមន្ត្រីនគរបាល នៅថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២៦ បានឱ្យដឹងថា ជនដៃដល់ឈ្មោះ នួន ស៊ីយាន (ត្រូជាប្ដី) បានធ្វើសកម្មភាពយកសាំងចាក់ដុតប្រពន្ធឈ្មោះ រិន ពៅ បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់លើដៃ ទ្រូង ត្រគៀក ភ្លៅខាងស្តាំ និងជើងខាងឆ្វេង។ ភ្លាមៗ ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី បានចុះទៅដល់ទីតាំងកើតហេតុ និងឈានដល់ការឃាត់ខ្លួនជនដៃដល់តែម្ដង។ 

ក្រោយធ្វើការសាកសួរ ជនដៃដល់ជាប្ដី បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាក់សាំងដុតប្រពន្ធ ពិតប្រាកដមែន ក្នុងគោលបំណងដុតសម្លាប់ទាំងប្រពន្ធ និងសាហាយប្រពន្ធ។ មូលហេតុ ដោយសារជនដៃដល់ជាប្ដី ប្រច័ណ្ឌប្រពន្ធ ថាលួចមានសាហាយ។ បច្ចុប្បន្ន ជនដៃដល់ជាឃាតក ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត