
បញ្ហាព្រំដែន៖ ផ្ទុះការអះអាងរៀងៗខ្លួនសាជាថ្មីរវាងកម្ពុជា-ថៃ! ប្រទេសទាំង២ ប្រកាសដូចគ្នាថា ប្រាសាទតាក្របី និងប្រាសាទខ្នារ ជាកម្មសិទ្ធិខ្លួន។ ទោះជាប្រកាសដូចគ្នា តែមានលក្ខណៈផ្សេងគ្នាដាច់ស្រឡះ។ កម្ពុជា មានឯកសារត្រឹមត្រូវ និងផែនទីច្បាស់លាស់ ដែលអន្តរជាតិទទួលស្គាល់ ខណៈថៃលើកយកឯកសារ និងច្បាប់ ដែលបង្កើតឡើងដោយខ្លួនឯងតែម្ខាង មកធ្វើជាសំអាង ដែលផ្ទុយនឹងគោលការណ៍អន្តរជាតិ។

តាមកញ្ចក់ទូរទស្សន៍ជាតិ (ទទក) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក អ៊ិត សុត្ថា រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រាសាទខ្នារ ស្ថិតក្នុងទឹកដីកម្ពុជា បើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ (១លើ២០០ពាន់) រួមទាំងកំណត់ហេតុនៃការបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀមឆ្នាំ១៩០៨ និងឆ្នាំ១៩១៩។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ សូម្បីផែនទីមាត្រដ្ឋាន ១/៥០ ០០០ (១លើ៥០ពាន់) ដែលថៃគូរឡើងដោយឯកតោភាគីខ្លួនឯង ក៏បង្ហាញដែរថា ប្រាសាទនេះ ស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា។ មិនមែននិយាយតែមាត់ទទេនោះទេ! មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលជំនាញផ្នែកព្រំដែនរូបនេះ ថែមទាំងបង្ហាញឯកសារ និងផែនទីជាក់ស្តែងឱ្យមើលទៀតផង។

ជាមួយគ្នា ក្រសួងវប្បធម៌កម្ពុជា ទើបនឹងចេញសេចក្ដីថ្លែងការណ៍នាពេលថ្មីៗនេះ ដោយប្រកាសតវ៉ាយ៉ាងដាច់អហង្កា ចំពោះវត្តមានកងទ័ពថៃ និងការធ្វើសកម្មភាពនានានៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងផ្សេងទៀតរបស់កម្ពុជា។ ជារឿងហួសចិត្តបំផុត! កងទ័ពថៃអន់ចរិត បានលួចយកវត្ថុបុរាណពីប្រាសាទខ្នាររបស់កម្ពុជា។ ក្រសួងវប្បធម៌ ទាមទារក្នុងនាមប្រទេសកម្ពុជា ឱ្យថៃប្រគល់វត្ថុបុរាណទាំងនោះមកវិញ។

មិនមែនត្រឹមច្បាប់ ឯកសារ និងផែនទីឡើយ! បើទោះជានិយាយតាមប្រវត្តិសាស្ត្រ ក៏ប្រាសាទតាក្របី និងប្រាសាទខ្នារ ជារបស់កម្ពុជាដែរ។ ហេតុអ្វី? ហេតុផលងាយយល់បំផុត គឺ ប្រាសាទខ្នារ កសាងឡើងតាំងពីសតវត្សរ៍ទី១០ ហើយប្រាសាទតាក្របី កសាងឡើងក្នុងសតវត្សរ៍ទី១១ ក៏ប៉ុន្តែប្រទេសថៃវិញ ទើបតែកកើតឡើងនៅសតវត្សវ៍ទី១៣ប៉ុណ្ណោះ។

ទោះផែនទី និងប្រវត្តិសាស្ត្រ កំណត់យ៉ាងច្បាស់ថា ប្រាសាទតាក្របី និងប្រាសាទខ្នារ ជារបស់កម្ពុជាក៏ដោយ តែថៃតែងចង់បានប្រាសាទទាំងនេះ រួមទាំងប្រាសាទ និងតំបន់ដទៃទៀតរបស់កម្ពុជា។ រដ្ឋមន្ត្រីវប្បធម៌ថៃ លោកស្រី សាប៊ីដា ថៃសិទ្ធិ (Sabida Thaiseth) ឆ្លើយតបថា ប្រាសាទតាក្របី និងប្រាសាទខ្នារ ត្រូវបានចុះក្នុងបញ្ជីបុរាណដ្ឋានរបស់ថៃ តាមច្បាប់របស់ប្រទេសខ្លួនរួចទៅហើយ។ លោកស្រី ក៏បានប្រកាសថា ក្រសួងវប្បធម៌ថៃ នឹងផ្ញើលិខិតផ្លូវការមកកម្ពុជា ដើម្បីបញ្ជាក់ពីជំហររបស់ថៃ លើប្រាសាទទាំងនេះ។ រដ្ឋមន្រ្តីវប្បធម៌ថៃ ថែមទាំងប្រឹងនិយាយការពារភាពអាម៉ាសរបស់ប្រទេសខ្លួនថា សកម្មភាពរបស់កងកម្លាំងថៃ នៅប្រាសាទទាំងនេះ គឺមានគោលបំណងការពារ និងអភិរក្សទីតាំងបុរាណ (លួចរបស់គេ បែរជាមកនិយាយយកត្រូវថា ព្រោះចង់ការពារទៅវិញ)។ សម្តីរបស់លោកស្រី ត្រូវបានចុះផ្សាយដោយកាសែតថៃ ខាវសដ នៅថ្ងៃទី២៥ ខែតុលា។

ប្រាសាទតាមាន់របស់កម្ពុជា ក៏ត្រូវបានថៃចុះក្នុងបញ្ជីធ្វើជាកម្មសិទ្ធិរបស់ខ្លួនដែរ។ កន្លងមក ក្រសួងវប្បធម៌កម្ពុជា បានចេញលិខិតតវ៉ា និងចាត់ទុកទង្វើថៃ ដែលលួចចុះបញ្ជីប្រាសាទខ្នារ ប្រាសាទតាក្របី និងប្រាសាទតាមាន់ ជាកម្មសិទ្ធិរបស់ខ្លួនបែបនេះ ថាជាការបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយ។ ទោះភាគីថៃ ដណ្តើមយកប្រាសាទទាំងនេះ និងប្រឹងអះអាងថាជារបស់ខ្លួនក្ដី ក៏មិនអាចបិទបាំងតឹកតាងប្រវត្តិសាស្ត្រ និងភស្តុតាងជាក់ស្តែងដែរ។ ម្យ៉ាងទៀត ការបង្កើតឯកសារ និងការដាក់ប្រាសាទទាំងនេះ ចូលទៅក្នុងបញ្ជីកម្មសិទ្ធិដែលបង្កើតឡើងដោយខ្លួនឯង គឺគ្មានលក្ខណៈគតិយុត្តិ ឬស្តង់ដារច្បាប់អន្តរជាតិឡើយ។ ជាធម្មតា តំបន់ដែលកំពុងមានជម្លោះជាមួយប្រទេសជាប់ព្រំដែន គឺគេត្រូវដោះស្រាយរួមគ្នា ពុំមែនសម្រេចចិត្តតែម្ខាងខ្លួនឯងបែបនេះនោះទេ៕




