អាម៉េរិក ចាត់ទុកកិច្ចព្រមព្រៀងគូឡាឡាំពួរ ជាអំណាចចាក់គ្រឹះសន្តិភាពរវាងកម្ពុជា-ថៃ
អ
អុន សម្ផស្ស
•
5 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ រយៈពេលនៃខួប១ឆ្នាំ«កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ កម្ពុជា-ថៃ» ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ សហរដ្ឋអាម៉េរិក បានរម្លឹកពីតួនាទី លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការនាំកម្ពុជា និងថៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ឈប់ការផ្ទុះអាវុធតាមព្រំដែន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។ ទោះផ្អាកសង្គ្រាមផ្ទុះអាវុធ១ឆ្នាំហើយ ក៏ប៉ុន្តែកងកម្លាំងថៃ នៅតែបន្តរំលោភបំពានកាន់កាប់ទឹកដីកម្ពុជា តាមបណ្តោយព្រំដែន ឈូសឆាយ និងសាងសង់ផ្លូវថ្មី ព្រមទាំងរារាំងការវិលត្រឡប់របស់ពរដ្ឋខ្មែរជិត២ម៉ឹននាក់រហូតមកដល់បច្ចុច្បន្ន...។

តាមសេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាម៉េរិក ដែលត្រូវចែករំលែកបន្តដោយ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំរាជធានីភ្នំពេញ នៅថ្ងៃ២៦តុលានេះ បានអះអាងថា៖«[..]សហរដ្ឋអាម៉េរិក នៅតែបន្តធ្វើការជាមួយភាគីទាំងពីរ[កម្ពុជា-ថៃ] ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ និងជួយធ្វើឱ្យក្ដីសង្ឃឹមនៃសន្តិភាពយូរអង្វែងក្លាយជាការពិត សម្រាប់ប្រជាជននៃប្រទេសទាំងពីរ[..]»។ បន្ថែមលើនេះ សហរដ្ឋអាម៉េរិក ចាត់ទុកកិច្ចព្រមព្រៀងគូឡាឡាំពួរ ជាអំណាចការទូតរបស់ខ្លួន ក្នុងការចាក់គ្រឹះសន្តិភាពរវាងកម្ពុជា-ថៃ។ សេចក្ដីថ្លែងការណ៍ ក៏បញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការការទូត និងការបន្តអនុវត្តកិច្ចព្រមព្រៀង ដើម្បីពង្រឹងសន្តិភាព និងស្ថិរភាពក្នុងទំនាក់ទំនងរវាងកម្ពុជា-ថៃផងដែរ។

គួរជ្រាបថា ចាប់តាំងពីកងទ័ពថៃ លួចបាញ់ប្រហារលើយោធាកម្ពុជា បណ្ដាលឱ្យយោធិនកម្ពុជាម្នាក់បាត់បង់ជីវិត កាលពីថ្ងៃទី២៨ឧសភា ឆ្នាំ២០២៥ ភាពតានតឹងនៅតាមព្រំដែននៃប្រទេសទាំងពីរ បានឡើងកម្តៅ។ ថៃបន្តផ្ទុះអាវុធឈ្លានពានកម្ពុជា ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា និងថ្ងៃទី៧-២៧ខែធ្នូ ឆ្នាំ២០២៥ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សហគមន៍ប្រជាជនរស់នៅតាមព្រំដែន ទ្រព្យសម្បត្តិវប្បធម៌នៅក្នុងដែនដីកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ និងរូបវន្តនានា។ លើសពីនេះ ថៃនៅតែធ្វើសកម្មភាព រំលោភបំពានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ឈូសឆាយ និងសាងសង់ផ្លូវនៅចន្លោះបង្គោលព្រំដែនលេខ៩ លេខ១០ និងលេខ១១ កាលពីថ្ងៃទី១៥តុលា ឆ្នាំ២០២៦។ បន្ទាប់មក នៅថ្ងៃទី១៧តុលា កងកម្លាំងថៃ ក៏បានបាញ់ថ្នាំពណ៌ក្រហមលើដើមឈើ នៅចន្លោះបង្គោលព្រំដែនលេខ១០ និងលេខ១១ ដើម្បីត្រៀមរៀបសាងសង់ផ្លូវបន្ថែមនៅតំបន់នេះ រារាំងការវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពលរដ្ឋភៀសសឹកខ្មែរ។ ក្រសួងការបរទេសកម្ពុជា បន្តតវ៉ា និងទាមទារឱ្យថៃបញ្ឈប់សកម្មភាពរំលោភបំពាននេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត