ទឹកជំនន់ដ៏ខ្លាំងក្លា កំពុងជន់លិចខេត្តភាគខាងត្បូងប្រទេសថៃ
S
Sinuon Nop
•
6 ម៉ោងមុន

រាជធានីបាងកក៖ ទឹកជំនន់ដ៏ខ្លាំងក្លា បាននិងកំពុងជន់លិចតំបន់មួយចំនួន នៅខេត្តភូកេត (Phuket) ភាគខាងត្បូងប្រទេសថៃ នៅព្រឹកព្រលឹមថ្ងៃចន្ទទី២៦ ខែតុលានេះ ដោយកម្រិតទឹក បានជន់លិចរហូតដល់៥០សង់ទីម៉ែត្រ នៅតាមតំបន់ជាច្រើន...។

សារព័ត៌មានរបស់ថៃ ខាវសដ បានរាយការណ៍ថា ទីក្រុងប៉ាតុង (Patong) និងទីក្រុងឆ្នេរសមុទ្ទកាម៉ាឡា (Kamala) ជាតំបន់រងផលប៉ះពាល់យ៉ាងខ្លាំងបំផុត ដោយទឹកជំនន់ បានជន់លិចផ្ទះសម្បែង ហាងលក់ទំនិញ និងភោជនីយដ្ឋាន ហើយវាបានបង្កឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនផងដែរ។

នៅទីប្រជុំជននៃខេត្តភូកេត ទឹកជំនន់បានជន់លិចផ្លូវបាងកក, ផ្លូវយ៉ាវរ៉ាត់ និងផ្លូវរ៉ាណង ព្រមទាំងផ្លូវបំបែកថាគ្រែង និងផ្លូវចៅហ្វាខាងកើត។ ស្ថិតក្នុងស្ថានការណ៍បែបនេះ មន្ត្រីក្រុងបានដាក់ពង្រាយរថយន្តពន្លត់អគ្គិភ័យ បូមទឹកចេញ និងបានដាក់របាំងហ៊ុមព័ទ្ធជុំវិញតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដើម្បីធានាសុវត្ថិភាពដល់អ្នកបើកបរយានយន្ត និងអ្នកថ្មើរជើង។ រីឯតំបន់ប៉ាតុង ទឹកជំនន់បានជន់លិចផ្លូវ ណាណៃ និងផ្លូវរ័ត្នយូទិត ២០០ពី ធ្វើឱ្យយានយន្តតូចៗ មិនអាចធ្វើដំណើរឆ្លងកាត់បាន។ ចំណែកផ្លូវណាណៃ បានរងការខូចខាត ហើយទឹកជំនន់ ក៏បានជន់លិចតំបន់ នៅជុំវិញផ្សារទំនើបជុងសៃឡន និងរង្វង់មូលអាន់ដាម៉ាន់ ភើល៍ នៅតាមផ្លូវព្រះចន្ទនុគគ្រូផងដែរ។

នៅតំបន់កាម៉ាឡា តម្រួត​នគរបាល និងមន្ត្រីមូលដ្ឋាន បានជួយសម្រួលដល់ប្រជាពលរដ្ឋ និងគ្រប់គ្រងចរាចរណ៍ ខណៈទឹកជំនន់បានជន់លិចផ្លូវជាច្រើន ចាប់ពីផ្លូវបំបែកភូកេត ហ្វាន់ថាស៊ី រហូតដល់ចំណុចភ្លើងស្តុប ក្បែរហាងលក់ទំនិញមួយកន្លែង។ នៅលើកំណាត់ផ្លូវនោះ មានតែគន្លងផ្លូវខាងស្តាំដៃប៉ុណ្ណោះ ទើបអាចធ្វើដំណើរឆ្លងកាត់បាន។

អាជ្ញាធរបានព្រមានថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ ស្ថានភាពទឹកជំនន់ អាចនឹងកាន់តែអាក្រក់ឡើងថែមទៀត។ ទន្ទឹមគ្នា អាជ្ញាធរថែមទាំងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យតាមដានព័ត៌មានថ្មីៗ ពីអាជ្ញាធរ និងចៀសវាងការធ្វើដំណើរលើផ្លូវដែលកំពុងរងការលិចលង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត