ប្រមុខការទូតអាម៉េរិកហោះទៅជាន់ដីអាស៊ីកណ្តាល ទុកវិបត្តិនិងបញ្ហាក្ដៅៗឱ្យមន្ត្រីផ្សេងដោះស្រាយ
ហៀប ស៊ីថេត
•
មួយថ្ងៃមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលភ្លើងសង្គ្រាមអ៊ីរ៉ង់កំពុងបន្តឆាបឆេះ អារ៉ាប៊ីសាអូឌីតកំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមហ៊ូធី និងភាពរកាំរកូសថ្មីមួយបានកើតឡើងក្នុងទំនាក់ទំនងរវាងអាម៉េរិក និងអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានធ្វើដំណើរទៅកាន់ប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃអាទិត្យទី១៨ ខែតុលា ដែលជាប្រទេសមួយស្ថិតនៅឆ្ងាយពីបញ្ហាប្រឈមធំបំផុតនៃនយោបាយការបរទេសរបស់អាម៉េរិក។

លោក ម៉ាកូ រ៉ូប៊ីអូ
លោក ម៉ាកូ រ៉ូប៊ីអូ

ប្រមុខការទូតកំពូលរូបនេះបានចុះចតនៅទីក្រុងសាម៉ាខាន់ (Samarkand) ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់មកពីប្រទេស C5+1 ដែលជាក្រុមប្រមូលផ្តុំដោយសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសកាន់សាសនាអ៊ីស្លាមភាគច្រើននៅលើអតីតដែនដីសហភាពសូវៀត រួមមាន៖ អ៊ូសបេគីស្ថាន កាហ្សាក់ស្ថាន កៀហ្ស៊ីស្ថាន តាជីគីស្ថាន និងតួកម៉េនីស្ថាន។ មន្ត្រីអាម៉េរិកបានពណ៌នាអំពីតំបន់អាស៊ីកណ្តាលដែលមានធនធានធម្មជាតិសម្បូរបែប នៅចន្លោះប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ ថាជាតំបន់ដែលគួរទទួលបានការយកចិត្តទុកដាក់បន្ថែមទៀត ជាងអ្វីដែលធ្លាប់ទទួលបានពីអ្នកកាន់តំណែងមុនៗរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។​ លោក ត្រាំ បានធ្វើជាម្ចាស់ផ្ទះទទួលថ្នាក់ដឹកនាំ C5 នៅសេតវិមានកាលពីខែវិច្ឆិកាឆ្នាំមុន ដែលពេលនោះប្រទេសកាហ្សាក់ស្ថានបានយល់ព្រមចូលរួមក្នុងកិច្ចព្រមព្រៀង Abraham Accords ដែលបណ្តាប្រទេសកាន់សាសនាអ៊ីស្លាមភាគច្រើនបានធ្វើឱ្យទំនាក់ទំនងជាមួយអ៊ីស្រាអែលកាន់តែស៊ីជម្រៅ។ 

តំណាងនៃប្រទេស C5+1
តំណាងនៃប្រទេស C5+1

ដំណើរទស្សនកិច្ចនេះបានស្តែងឱ្យឃើញពីទម្លាប់ធ្វើការថ្មីមួយរបស់លោក រ៉ូប៊ីអូ ដែលភាគច្រើនចូលចិត្តធ្វើដំណើរទស្សនកិច្ចនៅតំបន់ស្ងប់ស្ងាត់ ហើយទុកសំណុំរឿងនយោបាយការបរទេសដែលមានភាពស្មុគស្មាញ និងក្ដៅៗ ឱ្យទៅមន្ត្រីផ្សេងទៀតក្នុងរដ្ឋបាលលោក ត្រាំ ជាអ្នកកាន់កាប់ជំនួស ដូចជា៖ បេសកជនពិសេសលោក ស្ទេហ្វ វីតកូហ្វ (Steve Witkoff) លោក ចារេដ ឃូស្នឺ (Jared Kushner) និងអនុប្រធានាធិបតីលោក ជេឌី វ៉ាន់ (JD Vance) ជាដើម។ សូមបញ្ជាក់ថា លោក រ៉ូប៊ីអូ មិនទាន់បានទៅទស្សនកិច្ចនៅរដ្ឋធានីកៀវ ឬរដ្ឋធានីម៉ូស្គូ នៅឡើយទេ ចាប់តាំងពីលោកបានក្លាយជារដ្ឋមន្ត្រីការបរទេសអាម៉េរិក ហើយលោកក៏មិនមានវត្តមាននៅក្នុងកិច្ចពិភាក្សារវាងមន្ត្រីអាម៉េរិក និងអ៊ុយក្រែននៅរដ្ឋហ្វ្ល័ររីដា កាលពីដើមខែតុលានេះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត