
ក្រុងកំពង់ចាម៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃអាទិត្យទី២៥ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសា និងត្រួតពិនិត្យដំណើរការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម...។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃវិស័យយុត្តិធម៌, ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបុគ្គលិកអប់រំជាច្រើនរូបទៀត។ ការប្រឡង ត្រូវបានរៀបចំជាលើកទី៣ ដើម្បីលើកកម្ពស់សមត្ថភាព និងជំរុញទឹកចិត្តសិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ តាំងពីកម្រិតមធ្យមសិក្សាបឋមភូមិ ជាពិសេស ចាប់ពីថ្នាក់ទី៧ ឡើងទៅ។ ការកសាងមូលដ្ឋានចំណេះដឹងឱ្យបានរឹងមាំតាំងពីដំណាក់កាលនេះ នឹងជួយឱ្យសិស្សានុសិស្សត្រៀមលក្ខណៈបានល្អ សម្រាប់ចូលរួមប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់សម្តេចធិបតី ក៏ដូចជាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ។

បេក្ខជនដែលបានចូលរួមប្រឡង សរុប១៦៥នាក់ លើមុខវិជ្ជាចំនួន៤ រួមមាន៖ គណិតវិទ្យា រូបវិទ្យា អក្សរសាស្ត្រ និងប្រវត្តិវិទ្យា។ ដើម្បីធានាសុក្រឹតភាព តម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុករៀបចំវិញ្ញាសា និងកែសន្លឹកកិច្ចការប្រឡង។ ចំណែក ក្រុមការងារក្រសួងយុត្តិធម៌ ទទួលបន្ទុករៀបចំដំណើរការប្រឡង ដោយសហការជាមួយវិទ្យាល័យទាំង៥។ ចំពោះរង្វាន់ជ័យលាភី ការប្រឡងនេះ នឹងជ្រើសរើសសិស្សឆ្នើមចំនួន២៥រូប ដោយម្នាក់ៗទទួលបានប័ណ្ណសរសើរ និងសៀវភៅសិក្សាថ្នាក់ទី១១ ចំនួន១ឈុត ព្រមទាំងរង្វាន់តាមចំណាត់ថ្នាក់ ដូចខាងក្រោម៖

ជ័យលាភីលេខ១៖ ម៉ូតូ Honda Dream 125 ១គ្រឿង ថវិកា១លានរៀល។ ជ័យលាភីចំណាត់ថ្នាក់លេខ២ និងលេខ៣៖ ម្នាក់ៗទទួលបានម៉ូតូ Wave ១គ្រឿង ថវិកា១លានរៀល។ ជ័យលាភីចំណាត់ថ្នាក់លេខ៤ និងលេខ៥៖ ម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង ថវិកា១លានរៀល។ ជ័យលាភីចំណាត់ថ្នាក់លេខ៦ ដល់លេខ១០៖ ម្នាក់ៗទទួលបានថវិកា២លានរៀល។ ជ័យលាភីចំណាត់ថ្នាក់លេខ១១ ដល់លេខ២០៖ ម្នាក់ៗទទួលបានថវិកា១លានរៀល។ ចំណែក ជ័យលាភីចំណាត់ថ្នាក់លេខ២១ ដល់លេខ២៥៖ ម្នាក់ៗទទួលបានថវិកា៥០ម៉ឺនរៀល។ បន្ថែមលើនេះ ជ័យលាភីលេខ១ ក្នុងមុខវិជ្ជានីមួយៗ នឹងទទួលបានប័ណ្ណសរសើរ និងកុំព្យូទ័រយួរដៃចំនួន១គ្រឿងផងដែរ៕






