
សុខភាព៖ នៅពេលចាក់វ៉ាក់សាំង ធ្វើឱ្យក្មេងតូចស្រែកយំ ព្រោះការឈឺចុកចាប់នេះ ឈឺជាងការចាក់ថ្នាំធម្មតាទៅទៀត។ មូលហេតុនេះហើយ ធ្វើឱ្យក្មេងរើជាខ្លាំង ដែលធ្វើពុក-ម៉ែ មិនអាចចាប់ឈ្នះឡើយ កំលុងពេលចាក់វ៉ាក់សាំងម្ដងៗ។ តែឈប់..! កុំទាន់អាលបារម្ភ SBM News មានវិធីងាយៗ៣យ៉ាង ជម្រាបជូនលោកអ្នកឱ្យបានជ្រាប ដើម្បីដោះស្រាយបញ្ហាខាងលើនេះ..។

មានវិធីសាស្ដ្រមួយចំនួន អាចជួយសម្រួលដល់ដំណើរការចាក់វ៉ាក់សាំង ថែមទាំងអាចបន្លប់ និងបន្ថយការឈឺចាប់បាន ដែលវិធីនេះ ណែនាំដោយអង្គការសុខភាពពិភពលោក។ ១.ច្រៀង ឬឱ្យកាន់តុក្កតា៖ ពុក-ម៉ែ ដែលយកកូនតូចទៅចាក់វ៉ាក់សាំង ហាមដាច់ខាត មិនត្រូវភ្លេចយករបស់សំណព្វចិត្តកូន ដូចជាតុក្កតា កន្សែង សៀវភៅរូបភាពទៅជាមួយ ដើម្បីលួងកូន ឬក៏ច្រៀងបទដែលកូនចូលចិត្ត កាលធ្វើបែបនេះ នឹងនាំឱ្យមានការបន្លប់ការឈឺចាប់ដល់ក្មេង។

២.បី ឬឱបកូនតូចដាក់លើភ្លៅ៖ ឱបកូនតូចដាក់លើភ្លៅ ដោយយកមុខមកផ្អិបនៅលើដើមទ្រូង វិធីមួយនេះ ផ្តល់ភាពកក់ក្ដៅដល់កូនតូច កូនមិនសូវរើបម្រាសពីការឈឺចាប់ និងជួយឱ្យពេទ្យចាក់ថ្នាំ បានស្រួលជាងការដាក់ឱ្យកូនគេង។ ៣.បំបៅដោះកូនពេលចាក់វ៉ាក់សាំង៖ បើកូនតូចនៅបំបៅដោះ អ្នកម្តាយអាចបំបៅដោះកូនអំឡុង ឬមុនពេលចាក់វ៉ាក់សាំង នោះអាចបន្លប់កូនពីការឈឺចាប់ បានមួយកម្រិត៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ



