
ក្រុងក្រចេះ៖ អ្នកគុននិយមមួយក្រុមមានគ្នា៥នាក់ បានបង្អួតដាវ កាំបិត នៅក្នុងវីដេអូឃ្លីបមួយ បង្ហោះលើបណ្តាញសង្គម កោះហៅអ្នកខ្លាំងឱ្យចូលមកជួបខ្លួន ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនយកមកសាកសួរព័ត៌មាន និងបន្តនីតិវិធីច្បាប់...។

កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នេះ មន្ត្រីកងរាជអាវុធហត្ថ ដឹកនាំដោយលោកអនុសេនីយ៍ទោ សន វីរៈ ចុះស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើង៥នាក់ ស្ថិតនៅភូមិតាពុំ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ក្រោយពីបង្ហោះវីដេអូឃ្លីប កាន់ដាវ និងកាំបិត លើបណ្ដាញសង្គមហ្វេសប៊ុក រួចប្រកាសរកអ្នកគុននិយមផ្សេងទៀត ឱ្យមកសាកល្បងសមត្ថភាពរបស់ខ្លួន។ ក្រុមអ្នកគុននិយមទំនើងទាំងនោះ បានស្រែកប្រកាសយ៉ាងដូច្នេះថា៖ «អាណាខ្លាំងៗចូលមក!»។ យ៉ាងណា ក្រោយសង្កេតឃើញវីដេអូអ្នកគុននិយមទំនើងទាំងនោះបង្ហោះកាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ភ្លាមៗ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាឱ្យមន្ត្រីជំនាញកងរាជអាវុធហត្ថក្រុង-ស្រុក បើកប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវរកមុខអ្នកក្លាហានទាំងនោះបន្ទាន់ផងដែរ។

ក្រោយទទួលបានបទបញ្ជា មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បើកការស្រាវជ្រាវ និងបានឃាត់ខ្លួនក្រុមអ្នកគុននិយមទំនើងទាំង៥នាក់ ដែលរួមមាន៖ ទី១.ឈ្មោះ ទិត្យ តុលា, ទី២.ឈ្មោះ ស្នា វណ្ណា, ទី៣.ឈ្មោះ មុន្នី ម៉ាណា, ៤.ឈ្មោះ ទិត្យ មាឌ, និងទី៥.ឈ្មោះ ស្នា វណ្ណៈ។ ក្រុមអ្នកក្លាហានឈាមរាវទាំង៥នាក់នេះ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ បញ្ជាក់ថា មានវ័យចន្លោះពី១៤ឆ្នាំ ដល់១៥ឆ្នាំ ដែលជាយុវជនទំនើង ចងគ្នាជាក្រុម ដើរលេងសប្បាយភ្លើតភ្លើន និងមានការប៉ះទង្គិចជាមួយគូទំនាស់ដែលជាក្រុមផ្សេងទៀត។ យ៉ាងណា ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ ដាវចំនួន២ដើម និងកាំបិតចំនួន១ដើម។ បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងត្រួតពិនិត្យ ស្រាវជ្រាវបន្ថែមទៀតលើករណីនេះ និងកំពុងស្ថិតក្នុងដំណើរការនីតិវិធីនៅឡើយ៕
រាយការណ៍ដោយ៖ សារី ណែត




